នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ តំណាងពលរដ្ឋចំនួន ៤រូប រួមមាន៖ លោក ភេម ឡៃ, លោកស្រី អែល រូហ្សា, លោក ស៊ឹង ករុណា,និង ឌុច សាគីន បានចូលបំភ្លឺនៅសាលាលាដំបូងខេត្តក្រចេះ តាមដីកាកោះហៅដោយព្រះរាជអាជ្ញាឈ្មោះ គី ប៊ុណ្ណារ៉ា តំណាងអយ្យកាសាលាតំបូងខេត្តក្រចេះ។ ចំណែក ២រូបទៀត គឺលោក ប្រុក ភារម្យ និងអ៊ុន សុខុំ នឹងចូលបំភ្លឺថ្ងៃស្អែក ទី០៩ ខែតុលា ឆ្នាំ២០២៤ ក្រោមបទចោទ “កាន់កាប់ទ្រព្យសម្បត្តិដោយខុសច្បាប់ និងបទហិង្សាទៅអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត” ដែលប្រព្រឹត្តនៅចំណុចដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ(ខេមបូឌា)លីមីធីត និងក្រុមហ៊ុន អិន ខេ អេហ្គី្រ(ខេមបូឌា) កាលពីអំឡុងឆ្នាំ ២០២៤ រហូតដល់បច្ចុប្បន្ន។ ក្នុងកំឡុងពេលចូលបំភ្លឺ សមាគមអាដហុក បានផ្តល់ជំនួយផ្នែកច្បាប់គ្រប់ដំណាក់កាលដើម្បីចូលអមកូនក្តី។
សូមបញ្ជាក់ថាថ្ងៃនេះ នៅខាងមុខសាលាដំបូងខេត្តក្រចេះ មានប្រជាពលរដ្ឋប្រមាណជាង ៦០នាក់ មកពី ៥ភូមិ គឺមានភូមិបាយសំណុំ, ជើងពាត, កំពង់ព្នៅ, កោះខ្ញែរ និង ភូមិស្វាយចេក នៃឃុំកោះខ្ញែរ ស្រុក សំបូរ ខេត្តក្រចេះ បានមកគាំទ្រ និងលើកទឹកចិត្តតំណាងរបស់ពួកគាត់ ជាពិសេសចង់បង្ហាញថាតំណាងរបស់ពួកគាត់មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។