ក្រុមអង្គការសង្គមស៊ីវិល ចំនួន២៨ស្ថាប័ន ចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តជាតិ ១០ធ្នូ ក្នុងនោះមានការចូលរួមពីព្រះសង្ឃ យុវជន រួមទាំងថ្នាក់ដឹកនាំ និងតំណាងអង្គការសង្គមស៊ីវិល ប្រមាណជាង១០០អង្គ និងនាក់ បានរៀបចំជួបជុំគ្នាបួងសួងខាងមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៥ ដោយមិនមានការរារាំងពីអាជ្ញាធរឡើយ។ ដោយឡែកកាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះដែរ ព្រះសង្ឃ យុវជន ថ្នាក់ដឹកនាំ និងតំណាងអង្គការសង្គមស៊ីវិល ប្រមាណជាង២០អង្គនាក់ បានធ្វើធម្មយាត្រាចេញពីសួនច្បារជិតទីគោរពសក្ការៈ ព្រះអង្គចេកព្រះអង្គចម ស្ថិតក្នុងខេត្តសៀមរាប ដោយថ្មើរជើងជាជួរឆ្ពោះទៅរាជធានីភ្នំពេញ ប៉ុន្តែការធ្វើដំណើរដល់ចំណុចមុខសណ្ឋាគារអង្គរអេវីរ៉ា ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏ត្រូវបានសមត្ថកិច្ចឃាត់សួរនាំ រកឯកសារ ។ បន្ទាប់ពីសមត្ថកិច្ចឃាត់សាកសួរ និងពិភាក្សាគ្នារកដំណោះមិនបានសម្រេច គណកម្មការសម្របសម្រួលធម្មយាត្រា សម្រេចឲ្យអ្នកចូលរួមធម្មយាត្រាឡើងរថយន្ត ដោយមិនបន្តធម្មយាត្រាបន្តទៀតឡើយ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា ។ ធម្មយាត្រានេះ ធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយមេត្តាធម៌ និងសារសំខាន់ពីទិវាសិទ្ធិមនុស្សឆ្នាំនេះ ទៅកាន់សាធារណៈជននៅតាមដងផ្លូវទីប្រជុំជន ដោយធ្វើដំណើរថ្មើរជើងផង តាមរថយយន្តផង ដើម្បីឲ្យទាន់ពេលវេលាប្រារព្ធពិធីនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ហែរចូលទីលានប្រជាធិបតេយ្យ ចូលរួមអបអរសាទរខួបលើកទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តជាតិ១០ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ធានាសេចក្តីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប” ដែលមានគ្រោងអ្នកចូលរួមចំនួនប្រមាណជា៣០០០អង្គនាក់ ៕