នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីជូនថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ លើសេចក្តីសម្រេចទាំងមូលរបស់សាលាដំបូង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ មកលើកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) និងថ្នាក់ដឹកនាំសហជីព ៨រូបទៀត ដោយចោទពីបទ ” ញុះញុង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តិកាលពីអំឡុងឆ្នាំ២០២១ ដែលមានជនជាប់ចោទ ១-ឈ្មោះ ឈឹម ស៊ីថរ ២-ឈ្មោះ ឃ្លាំង សុបិន្ត ៣-ឈ្មោះ ឈឹម សុខន ៤-ឈ្មោះ ទូច សិរីមាស ៥-ឈ្មោះ សុន ស្រីពេជ្រ ៦-ឈ្មោះ ហៃ សុភាព ចំណែក ៣រូប ទៀតអវត្តមាន គឺ ១ ឈ្មោះ រី សុវណ្ណឌី, សុខ ណារិទ្ធិ និង សុខ គង្គា ។ ថ្ងៃម្សិលមិញនេះផងដែរមានការចូលរួមពីក្រុមកូដករណាហ្គាវើលដ៍ប្រមាណជាង ៣០នាក់ ដោយសកម្មភាពរបស់កូដករទាំងនោះ បានឈរកាន់បដាមានសរសេរពាក្យថា “ពីជនរងគ្រោះក្លាយជាអ្នកទោស”, “ដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់!”, “ដើម្បីសិទ្ធិសហជីព មិនមែនស៊ីឈ្នួល មិនមែនញុះញង់” ។ សវនាការនេះ មានការចូលរួមស្តាប់ និងឃ្លាំមើលពីខាងស្ថានទូត អង្គការសង្គមស៊ីវិល ជាតិ អន្តរជាតិ សហជីព និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ ។ ជាលទ្ធផលនៃសវនការនាល្ងាចថ្ងៃនេះ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ។ កញ្ញា ឈឹម ស៊ីថរ ត្រូវដឹកទៅពន្ធនាគារវិញភ្លាមៗ ក្រោយពីប្រកាសសាលដីការួច ។
គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសឱ្យ កញ្ញា ឈឹមស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទិ្ធការងារនៃបុគ្គលិកកម្មករខ្មែរក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងត្រូវបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ចំណែកថ្នាក់ដឹកនាំ ៦នាក់ ផ្សេងទៀត រួមមាន ឈឹម សុខន, សុន ស្រីពេជ្រ, ហៃ សុភាព, ឃ្លាំង សុបិន្ត និង ទូច សិរីមាស ត្រូវផ្តន្ទាទោស១ឆ្នាំ ៦ខែ តែត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និង៣រូបទៀត មាន រី សុវណ្ណឌី, សុខ ណារិទ្ធិ និង សុខ គង្គា ផ្តន្ទាទោស ១ឆ្នាំ តែទោសត្រូវព្យួរ ក្រោមបទចោទខាងលើ និងទុកសិទ្ធិប្តឹងឧទ្ធរណ៍តាមនីតិវិធីច្បាប់៕