នៅថ្ងៃនេះ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC) ចេញផ្សាយនូវរបាយការណ៍មួយដែលមានចំណងជើងថា៖ បរិយាកាសនយោបាយការបោះឆ្នោត ២០២២ ដែលនឹងបង្ហាញអំពីបរិយាកាសមុនពេលបោះឆ្នោត បរិយាកាសអំឡុងពេលបោះឆ្នោត និងបរិយាកាសក្រោយពេលបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់អាណិត្តទីប្រាំកាលពីខែមិថុនា ឆ្នាំ២០២២។
នៅមុនការបោះឆ្នោតឃុំ/សង្កាត់អាណិត្តទីប្រាំកាលពីខែមិថុនាឆ្នាំ២០២២ របាយការណ៍បានរកឃើញ មាន ករណីរឹតត្បឹតលំហរសេរីភាពនយោបាយចំនួន ៨១ករណី (គណបក្សភ្លើងទៀន៧៨ករណី និងគណបក្សខ្មែរស្រលាញ់ជាតិ០៣ករណី) ដែលបានកើតឡើងជាក់ស្តែង នៅតាមបណ្តារឃុំ-សង្កាត់ចំនួន៦០ នៃស្រុក-ខ័ណ្ឌចំនួន៥០ ស្ថិតនៅក្នុងខេត្តចំនួន១៧ ។ ( អាចមានករណីលើសពីនេះ ប៉ុន្តែសមាគមអាដហុកយកតែករណីដែលសមាគមអាដហុកទទួលបានប៉ុណ្ណោះ )
ក្នុងចំណោម៣៥ករណីគំរាមឲ្យលាឈប់ពីបញ្ជីឈរឈ្មោះបេក្ខភាពគណបក្ស មានសកម្មជនគណបក្សចំនួន៤៣នាក់បានដាក់ពាក្យលាឈប់ពីបេក្ខភាពឈរឈ្មោះគណបក្សទាំងការភិតភ័យ៖
- ក្រោមរូបភាព៖ អាជ្ញាធរដែនដីកោះហៅឲ្យទៅជួបនៅសាលាឃុំ ឬ/និងស្នាក់ការគណបក្សឃុំ បង្ខំឲ្យ ស្បថ និងថតរូបនៅពេលទទួលអំណោយឬថវិកា ជិះម៉ូតូកៀរផ្តួល គប់ដុំថ្មចូលក្នុងផ្ទះ តាមឃ្លាំមើលដល់ផ្ទះជាញឹកញាប់គ្រប់សកម្មភាព ចុះទៅដល់ផ្ទះបង្ខំយកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារថតទុកក្នុងទូរស័ព្ទដៃ មិនប្រាប់មូលហេតុ។
- មូលដ្ឋានដែលអាជ្ញាធរប្រើប្រាស់៖ បញ្ឍប់ផ្តល់ប្រាក់ឧបត្ថមជនក្រីក្រប្រចាំខែ បញ្ឃប់-មិនផ្តល់ប័ណ្ណក្រីក្រ កាត់ផ្តាច់អាហាររូបករណ៍ មិនផ្តល់ប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុ ដេញមិនឲ្យនៅក្នុងភូមិ គំរាមចាប់ខ្លួនថ្ងៃក្រោយ ប្រៀបធៀបជីវភាពមានក្រ ដកឈ្មោះចេញពីក្របខ័ណ្ឌមន្រ្តីរាជការ។
នៅអំឡុងពេលបោះឆ្នោត សង្កេតឃើញមានភាពមិនប្រក្រតិមួយចំនួនដូចជា៖ អាជ្ញាធរមានវត្តមាន-ឈរនៅមុខបរិវេណការិយាល័យបោះឆ្នោត ចាំកត់ត្រាឈ្មោះអ្នកមកចូលរួមបោះឆ្នោត រារាំងអ្នកសង្កេតការណ៍មិនឲ្យចូលសង្កេត និងមិនឱ្យថតដំណើរការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតភាគច្រើន ដំណើរការរាប់សន្លឹកឆ្នោតនៅការិយាល័យមួយចំនួន សង្កេតឃើញថា បិទច្រកទីតាំងការិយាល័យ និងបិទទ្វារបង្អួចការិយាល័យរាប់សន្លឹកឆ្នោត ហើយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋមើលការរាប់សន្លឹកឆ្នោត។
នៅក្រោយការបោះឆ្នោតមិនបានដប់ថ្ងៃផង មានព្រឹត្តិការណ៍នយោបាយធំៗកើតឡើងគួរឲ្យកត់សម្គាល់ដូចជា៖ការប្រកាសផ្តន្ទាទោសអ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្សទ្រង់ទ្រាយធំរហូតដល់ចំនួន៦១នាក់ ការប្តឹងអនុប្រធានគណបក្សភ្លើងទៀន ការចាប់មេឃុំចំណារលើ ខេត្តកំពង់ធំទើបជាប់ឆ្នោតថ្មី ការលុបឈ្មោះចៅសង្កាត់រង ទើបជាប់ឆ្នោតនៅសង្កាត់ច្បារអំពៅ ការលបវាយអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ និងការកោះហៅជំទប់ទី២ គណបក្សភ្លើងទៀនម្នាក់ដោយតុលាការខេត្តត្បូងឃ្មុំចូលបំភ្លឺពីបទបរិហារកេរ្តិ៍ និងការមិនទទួលបានការបែងចែកតួនាទីភារកិច្ច ឯកសណ្ឋាន និងកន្លែងអង្គុយធ្វើការដល់សមាសភាពជាប់ឆ្នោតពីគណបក្សភ្លើងទៀន។
របាយការណ៍ក៏មានការផ្តល់នូវអនុសាសន៍មួយចំនួន សំរាប់ជាមូលដ្ឋានក្នុងការពិចារណារផងដែរគឺ៖
- ដាក់ទោសទណ្ឌតាមច្បាប់ ជាធរមានចំពោះជនណា ឬអាជ្ញាធរមូលដ្ឋានណា ដែលអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននានា ។
- គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ត្រូវរកដំណោះស្រាយនូវរាល់វិវាទពាក់ព័ន្ធកើតមានឡើង ដោយឈរលើគោលការណ៍ ឯករាជ្យ អព្យាក្រឹត្យ និងដោយមិនរើសអើងបក្សនយោបាយ។ចំពោះវិវាទទាក់ទងការបោះឆ្នោត គប្បីត្រូវតែដោះស្រាយដោយច្បាប់បោះឆ្នោត ។
- គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ពង្រឹងសមត្ថភាព មន្រ្តីមូលដ្ឋាលថ្នាក់ក្រោមជាតិអំពីនីតិវិធីការបោះឆ្នោត ការដោះស្រាយវិវាទ ច្បាប់ បទដ្ឋានគតិយុត្តិពាក់ព័ន្ធការបោះឆ្នោត និងក្រមសិលធម៌មន្រ្តីរាជការ ។
- ក្រសួងមហាផ្ទៃត្រូវធ្វើសេចក្តីណែនាំមន្រ្តីមូលដ្ឋានថ្នាក់ក្រោមជាតិ ឲ្យបញ្ឍប់រាល់សកម្មភាព រំខាន-បំភិតបំភ័យ គំរាមកំហែងតាមគ្រប់រូបភាព និងគ្រប់ទម្រង់ដែលអាចបង្ហាញជាសញ្ញាបំភិតបំភ័យចំពោះសកម្មជនគណបក្សនយោបាយ និងអ្នកដែលមានមតិផ្ទុយ ក៏ដូចជាប្រជាពលរដ្ឋអ្នកបោះឆ្នោត។
- គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាពិសេសនៅតាមទីជនបទ-ជនជាតិដើមភាគតិច អំពីការពិនិត្យឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងឯកសារពាក់ព័ន្ធនានាសំរាប់ការបោះឆ្នោត។
- គណកម្មាធិការរៀបចំការបោះឆ្នោតជាតិ ចេញសេចក្តីណែនាំដល់មន្រ្តីទទួលខុសត្រូវ តាមមណ្ឌលបោះឆ្នោត ការិយាល័យបោះឆ្នោតមានតម្លាភាពក្នុងការរាប់សន្លឹកឆ្នោត ដូចជាបិទច្រកទីតាំងការិយាល័យនិង/ឬ បិទទ្វារបង្អួចការិយាល័យរាប់សន្លឹកឆ្នោត ហើយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋមើលការរាប់សន្លឹកឆ្នោត។
- ក្រសួងមហាផ្ទៃត្រូវត្រួតពិនិត្យ និងដោះស្រាយជាបន្ទាន់ ឲ្យបញ្ឍប់ការរើសអើងគ្រប់ទម្រង់គណបក្សនយោបាយដែលបានជាប់ឆ្នោត ដោយរៀបចំឲ្យបេក្ខជនជាប់ឆ្នោត គ្រប់គណបក្សនយោបាយអាចចូលបំពេញតួរនាទី ភារៈកិច្ចកិច្ចតាមច្បាប់កំណត់។
- ក្រសួងយុត្តិធម៌ពង្រឹងយុត្តិធម៌សង្គម លុបបំបាត់អំពើ និទណ្ឌភាពគ្រប់ទម្រង់ ជាពិសេសអំពើល្មើសដែលប្រព្រឹត្តឡើងក្នុងគោលដៅនយោបាយ ដូចជាការបង្កររបួសស្នាមសកម្មជននយោបាយ និងការធ្វើទុក្ខបុកម្និញសកម្មជននយោបាយតាមប្រព័ន្ធតុលាការ។
ទាញយក របាយការណ៍ បរិយាកាសនយោបាយការបោះឆ្នោត២០២២_Nov2022
ទាញយក របាយការណ៍សង្ខេប-បរិយាកាសនយោបាយការបោះឆ្នោត២០២២_Nov2022
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
ទូរស័ព្ទ : ០៨៦ ៣២៤ ៦៦៦ / ០១៦ ៦៦ ២៦ ៤៥
អ៊ីម៉ែល : senkarunasoeng@adhoccambodia.org