អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ សមត្ថកិច្ច​ធ្វើការ​រារាំង​បាតុកម្ម​អហិង្សា​របស់​ក្រុម​អាជីវករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ
សមត្ថកិច្ច​ធ្វើការ​រារាំង​បាតុកម្ម​អហិង្សា​របស់​ក្រុម​អាជីវករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ

ព្រឹក​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ កម្លាំង​ប្រដាប់​អាវុធ​រួមមាន ប៉ូលីស កងរាជ​អាវុធហត្ថ  ប្រជា​ការពារ និង កងកម្លាំងវរៈ​ការពារ​ព្រំដែន ខេត្ត​បន្ទាយមានជ័យ ប្រមាណជា ៣០០នាក់ ប្រដាប់​ដោយ​អាវុធ​វែង ខ្លី ខែល ដំបងឆក់ និងឡាន​បាញ់ទឹក ដឹកនាំ​ដោយ​លោក សិទ្ធិ ឡោះ ស្នងការ​រងខេត្ត លោក ង៉ោ ម៉េនជ្រួន និង លោក គឹង វណ្ណៈ អភិបាលរង​បន្ទាយមានជ័យ បានដាក់​ពង្រាយ​តាមផ្លូវ​ជាតិ​លេខ៥ ​ចាប់ពី​ចំណុច​វត្តផ្សារ​កណ្តាល​រហូត ដល់រង្វង់​មូលច្រក​ទ្វារ​ព្រំដែន និងនៅ​តាមផ្លូវ​បត់​ផ្សេងៗ ក្នុងក្រុង​ប៉ោយប៉ែត ដើម្បីទប់​ស្កាត់  និង​រារាំង​ក្រុម​បាតុករ​មិនឲ្យ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា ។

បាតុកម្ម​នេះគ្រោង​រៀប​ចំឡើង​ដោយ សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា”CERA” ចាប់ពី​ថ្ងៃទី០១ ដល់​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ដោយ​មានការ​ចូលរួម​ពីក្រុម​អាជីវករ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​រួមមាន អ្នកលក់ដូរ អ្នក​រត់តាក់​ស៊ី អ្នក​ម៉ូតូឌុប អ្នកអូសរទេះ និង ពលរដ្ឋ​ផ្សេងៗ​ទៀត ប្រមាណ​ជាង ១០០០នាក់ ។ ក្នុងគោល​បំណងទាមទារ​ឲ្យអាជ្ញាធរ​កម្ពុជា​ចរចារ​ជាមួយ​អាជ្ញាធរថៃ បើក​ច្រកព្រំដែន ដើម្បី​ប្រជាពលរដ្ឋ​បានចេញ​ចូលទៅ​រកស៊ីលក់​ដូរនៅ​ផ្សារលុង​គឿ”ប្រទេសថៃ” វិញ បើពុំ​នោះទេ ពួក​គាត់ក៏​ស្នើសុំ​ឲ្យបិទ​កុំឲ្យរថយន្តដឹក​ទំនិញថៃ​ចូល​មកទឹក​ដីកម្ពុជា​វិញដែរ ។ តែក្រោយ​មក​គម្រោង​នេះ ត្រូវបាន លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ រួមទាំង​លោក ហ៊ិន សេងអឿន និងលោក ស៊ឹម វណ្ណៈ ជាតំណាង​ពលរដ្ឋ ប្រកាស​មិនចូល​រួមវិញ ដោយ​លោកទុក​សិទ្ធិបន្ត​ធ្វើ ឬមិនបន្ត​ធ្វើ ឲ្យប្រជាពលរដ្ឋ​ជាអ្នក​សម្រេច ។ នៅថ្ងៃ​បន្ទាប់​ពីខាង​រដ្ឋបាល​សាលា​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​សេចក្តី​សម្រេច​មិនអនុញ្ញាត​ឲ្យថ្នាក់​ដឹកនាំ​សមាគម ចូលរួម​សម្រប​សម្រួល​ក្នុងការ​ធ្វើ​បាតុកម្ម​នេះឡើយ ។

បន្ទាប់ពី​ឃើញ​កងកំលាំង​ដាក់ពង្រាយ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ និងគ្រប់​ច្រក​ល្ហក​យ៉ាង​ដូច្នេះ ក្រុម​បាតុករមិន​បាន​ធ្វើការ​ប្រមូលផ្តុំ ឬជួបជុំ​គ្នានោះ​ទេ ក្រៅតែ​ពីធ្វើ​ដំណើរ​ក្នុងភាព​ជាប្រក្រតី​ធម្មតា ព្រោះពួក​គាត់​មានការ​ព្រួយ​បារម្ភ និងរក​ទីកន្លែង​ជួបជុំគ្នា​មិនបាន ។ ម៉្យាងទៀត លោក ឌិន ពុទ្ធី បាន​បញ្ជាក់​ក្នុងលិខិត​ថា ”សមាគម​របស់លោក​មិនចូល​រួមធ្វើ​បាតុកម្ម​នេះទេ ដោយ​សារតែ​លោកអភិបាល​ខេត្តបានចេញ​លិខិត​ហាមឃាត់​មិន​អនុញាត​ឲ្យធ្វើ​បាតុកម្ម​នេះ ។ ចំណែក​ប្រជា​ពលរដ្ឋ​ធ្វើបាតុកម្ម ជាសិទ្ធិរបស់​គាត់ តែថ្ងៃ​នេះ​សមត្ថកិច្ច​បានពង្រាយ​កម្លាំង​គ្រប់​ផ្លូវទាំង​អស់ ជាហេតុធ្វើ​ឲ្យប្រជាពលរដ្ឋ​មិនអាច​រកទីតាំង ដើម្បី​ប្រមូលផ្តុំ​គ្នាបាន ប៉ុន្តែ ពួកគាត់​នៅតែ​រក្សា​គោល​ជំហរ ថា នឹងធ្វើ​បាតុកម្ម​ថ្ងៃណា​មួយមិន​ខាន រហូត​ដល់មាន​ដំណោះ​ស្រាយ​រវាងភាគី ថៃ និងកម្ពុជា បើកច្រកដូច​ដើមវិញ” ។ ចំណែក​លោក គឹង វណ្ណៈ អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ បាននិយាយ​ថា ”លោកមិន​បានឃាត់​ឃាំង​មិនឲ្យ​ប្រជា​ពល​រដ្ឋ​ធ្វើបាតុកម្ម​ទេ តែ​ប្រទេសថៃ រាជរដ្ឋាភិបាល​គេ បានដាក់​ប្រទេសគេក្នុង​គ្រាអាសន្ន ហើយ​គេមិន​អាចបើក​ច្រក​ព្រំដែន​បាន​ឡើយ ។ ចំពោះ​ទំនិញថៃ​ដឹកចូលខ្មែរ​នេះ បើសិន​ខ្មែរមាន​ទំនិញ ក៏អាច​ដឹកចូល​ទៅគេ​ដូចគ្នា តែការ​ដឹកចូល​ជាលក្ខណៈ​ទ្រង់ទ្រាយ​ធំ ”ដឹកតាម​រថយន្ត​ដឹក​ទំនិញធំៗ”  ងាយស្រួល​និយាយជា​មួយ​គេ” ។

នៅក្នុង​ព្រឹត្តការណ៍​នោះដែរ លោក ហ៊ុន វណ្ណៈ ជាក្រុមយុវ​ជនខ្មែរ​ថាវរៈ ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​ចាប់ ខ្លួន​គ្រាក​ស្លាបសេក​ដាក់លើ​ម៉ូតូយក​ទៅកន្លែង​ស្ថានីយ៍​រថភ្លើង ”កន្លែង​ឈរជើង​របស់​សមត្ថកិច្ច”  ខណៈ​យុវជន​រូបនេះ​កំពុង​ឈរថតផ្តិត​យករូបភាព​សកម្មភាព​សមត្ថកិច្ច នៅចំណុច​រង្វង់មូល​ក្រុងប៉ោយប៉ែត ជាមួយអ្នក​សារព័ត៌​មាន​ជាច្រើន​នាក់ផ្សេង​ទៀត ដើម្បីយក​ទៅសួរនាំ ​ដោយ​លោក តេង សម័យ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូងខេត្តបន្ទាយមានជ័យ ធ្វើការ​សាកសួរ​អំពីគោល​បំណង​ ដែល​យុវជន​រូបនេះ ថតរូប​នាព្រឹត្តិការណ៍​នេះ ។ ការសាក​សួរនេះ​ផ្តោតលើ​ការចោទ​ប្រកាន់ថា យុវជន​រូបនេះ ជាភ្នាក់​ងារ​សារព័ត៌មាន​ព្រះអាទិត្យ ប៉ុន្តែ​ត្រូវបាន​យុវជនរូប​នេះ  បដិសេធថា ”លោកមិន​មែនជា​អ្នកសារព័ត៌​មានអ្វីទេ ហើយ​ក៏មិន​បានថត​រូបឲ្យ​ទៅឲ្យអ្នក​ណាដែរ គឺលោក​ជាប្រជាពលរដ្ឋ មាន​សិទ្ធិថត​បាននៅ​ក្នុង​ទីសាធារណៈ មិន​ចាំបាច់​មានការ​អនុញ្ញាត​នោះទេ” ។ ខណៈនោះ​ខាងប៉ូលីសបាន​ធ្វើកំណត់​ហេតុ រួចហើយ​អោយ​ផ្តិតមេ​ដៃ ប៉ុន្តែលោកមិន​បានផ្តិត​មេដៃ​នោះទេ ។ នៅ​វេលា​ម៉ោង ១១ និង ៣៩ នាទី លោក ឌិន ពុទ្ធី បានចូល​ទៅជួប​សមត្ថកិច្ច ដែល​កំពុង​សាកសួរ​ធ្វើកំណត់​ហេតុជា​មួយ លោក ហ៊ុន វណ្ណៈ ដើម្បីធានា តែលោក ហ៊ុន វណ្ណៈ បានបដិសេធ​មិនឲ្យ​ធានា ព្រោះ​បើសិនមាន​ការធានា​នោះមាន​ន័យថា គាត់ជា​អ្នក​ប្រព្រឹត្ត​ខុស ។ បន្ទាប់ពី​សាកសួរ​អស់រយៈ​ពេលជា​ច្រើនម៉ោង​រួចមក លោក ហ៊ុន វណ្ណៈ ត្រូវបាន​សមត្ថកិច្ច អនុញាត​ឲ្យលោក​មានសេរីភាព​វិញ នៅវេលា​ម៉ោង ១២ និង ៣០នាទី ។

សូម​បញ្ញាក់ថា លោក ហ៊ុន វណ្ណៈ ជាសកម្មជន​សិទ្ធិមនុស្ស សព្វថ្ងៃ​គាត់ជា​ក្រុមយុវជន​ខ្មែរថាវរៈ ដែល​ផ្តោត​ទៅលើ​ការងារ​ស្រឡាញ់​សង្គម បរិស្ថាន ឃ្លាំមើល​សិទ្ធិ​មនុស្ស និង កិច្ច​ការព្រំដែន ។ លោកបាន​ចាកចេញ ពីភ្នំពេញ​មកប៉ោយប៉ែត​នេះ មានគ្នា ៣នាក់ ដើម្បីមក​ឃ្លាំមើល​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម ។ បើគិត​ទាំង​លើកនេះ​ទៀតលោក ហ៊ុន វណ្ណៈ ត្រូវ​បានសមត្ថកិច្ច​ចាប់ឃាត់​ខ្លួនចំនួន ៤លើក​មកហើយ ដោយ​សារ តែការ​ចូលរួម​កិច្ច​ការ​ងារសង្គម គឺលើក​ទីមួយ នៅខេត្តកោះកុង លើកទីពីរ នៅស្រុកស្អាង ខេត្តកណ្តាល លើកទីបី នៅខេត្តបាត់ដំបង និង លើកទីបួន នៅក្រុងប៉ោយប៉ែត​នេះតែម្តង ។ ទោះបីលោក​ត្រូវទទួល​រងការ​ចាប់ខ្លួន​ជាញឹកញាប់​ក៏ដោយ​ចុះ ក៏លោក នៅតែ​ប្តេជ្ញាបន្ត​សកម្មភាព​ការងារ​របស់​លោកបន្ត​ទៅទៀត ដោយមិន​មានការ​តក់ស្លុត ចំពោះ​ការ​គំរាម​កំហែង​ទាំងអស់​នោះឡើយ ៕

អត្ថបទ និងរូបថត៖ ស៊ុំ ច័នុ្ទគា