​សង្គម​ស៊ីវិល​ស្នើ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​លើ​ច្បាប់​អង្គការ-សមាគម

អង្គការ​សង្គម​ស៊ីវិល​ជិត ៣០​ស្ថាប័ន បាន​ផ្ញើ​លិខិត​ចំហ​មួយ​ដល់​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី ដោយ​បាន​ជម្រុញ​ឲ្យ​ព្រះ​អង្គ​​ព្រះ​រាជ​តម្រិះ​ទៅ​លើ​ការ​ឡាយ​ព្រះ​ហស្ត​លេខា​លើ​សំណើ​ច្បាប់​គ្រប់​គ្រង​អង្គការ​សង្គម​ស៊ីវិល​ដ៏​ចម្រូង​ចម្រាស់។

​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​បាន​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​កាន់​អំណាច អនុម័ត​រួច​រាល់​ហើយ​កាល​ពី​ថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥​កន្លង​មក​ថ្មីៗ​នេះ។ សេចក្ដី​ព្រាង​ច្បាប់​នេះ កំពុង​ស្ថិត​នៅ​ស្ថាប័ន​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ពិនិត្យ​សម្រេច មុន​នឹងបញ្ជូន​ទៅ​ព្រះ​មហាក្សត្រ។

ក្នុង​​លិខិត​ចំហ​​ចុះ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥ សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ២៦​ស្ថាប័ន បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ធានា​ជា​ផ្លូវការ​នូវ​សិទ្ធិ និង​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ទាំង​អស់ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​កតិកា​សញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ជា​ឧបករណ៍​នយោបាយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណ​បក្ស​កាន់​អំណាច ដើម្បី​រឹត​ត្បិត​លើ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា៕