ប្រជាពលរដ្ឋជាង ៥០នាក់ ដែលមានជម្លោះដីធ្លីនៅខេត្តក្រចេះ បានប្រមូលផ្ដុំគ្នាជាថ្មីនៅមុខរដ្ឋសភាជាតិនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីពួកគាត់បានមកស្នាក់នៅតវ៉ានៅរាជធានីភ្នំពេញកាលពីចុងខែកន្លងមក។
លោក អ៊ុច ផល្លី អាយុ ៣៦ឆ្នាំ ពលរដ្ឋម្នាក់ដែលបានស្វែងរកអន្តរាគមន៍នៅរបងរដ្ឋសភាជាតិក្រោមពន្លឺថ្ងៃក្ដៅហែង បាននិយាយថា៖ «យើងមករកជួបតំណាងរាស្ត្រ ពីព្រោះយើងបានរង់ចាំដំណោះស្រាយដីធ្លីរបស់យើងអស់រយៈពេលជាង ៣សប្ដាហ៍ហើយ»។
និយាយក្នុងសំឡេងតែមួយ ក្រុមប្រជាពលរដ្ឋទាំងនោះ បាននិយាយថា ពួកគាត់នឹងបន្តស្នាក់នៅនៅវត្តសាមគ្គីរង្សីបន្តទៀត ដរាបណាគ្មានការជួយអន្តរាគមន៍ពីស្ថាប័នរដ្ឋាភិបាលនៅក្នុងជម្លោះដីធ្លីរបស់ពួកគេនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ផល្លី បន្ថែម៖ «យើងសម្រេចចិត្តមិនត្រឡប់ទៅផ្ទះយើងវិញទេ ប្រសិនបើគ្មានដំណោះស្រាយឲ្យពួកយើង»។
លោក ផល្លី ត្រូវបានគេអនុញ្ញាតឲ្យជួបមន្ត្រី ៣រូប ដែលលោក ផល្លី ប្រាប់ថា ជាជំនួយការលោក អេង ឆៃអ៊ាង សមាជិកសភាមកពីគណបក្សជំទាស់ ប៉ុន្តែលោក អេង ឆៃអ៊ាង មិនមានវត្តមាននៅក្នុងប្រទេសឡើយ។
ផល្លី ប្រាប់អ្នកយកព័ត៌មាននៅក្រៅរដ្ឋសភាថា៖ «គេប្រាប់ខ្ញុំឲ្យរង់ចាំរហូតគាត់ត្រឡប់មកពីក្រៅប្រទេសវិញ»។
អំឡុងពេលស្នាក់នៅក្នុងរាជធានីភ្នំពេញអស់រយៈពេលជាង ៣សប្ដាហ៍ ផល្លី និងអ្នកភូមិ ពឹងអាស្រ័យលើម្ហូបអាហាររបស់ព្រះសង្ឃគង់នៅក្នុងវត្តអារាមមួយនេះ ប៉ុន្តែលោកព្រួយបារម្ភខ្លាំងអំពីស្ថានភាពសុខភាពរបស់កុមារតូចៗ និងមនុស្សចាស់។
គាត់និយាយថា៖ «ស្ត្រីមួយចំនួនប្រឈមនឹងបញ្ហាសុខភាព ខណៈពួកគាត់ស្នាក់នៅកាន់តែយូរនៅក្នុងវត្តនៅភ្នំពេញ ដោយពុំមានអាហារហូបចុកគ្រប់គ្រាន់។ ស្ត្រីដទៃទៀត មិនស៊ាំនឹងបរិស្ថានជុំវិញវត្តអារាមនោះឡើយ»។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋទាំងនោះ កាន់តែព្រួយបារម្ភខ្លាំងឡើងអំពីផលវិបាកផ្នែកសេដ្ឋកិច្ចដែលពួកគេនឹងជួបប្រទះ ក្រោយពីដំណាំដំឡូងមីរបស់ពួកគេ ត្រូវបានកម្លាំងសន្តិសុខខេត្តក្រចេះ ឈូសឆាយខ្ទេចអស់កាលពីខែមុន ពីព្រោះប្រជាពលរដ្ឋភាគច្រើន បានខ្ចីបុលថវិកាពីអង្គការផ្ដល់កម្ចីក្នុងតំបន់ជាមួយអត្រាការប្រាក់ខ្ពស់។
អ្នកស្រី សៀម លឹមស្រៀង អាយុ ៦០ឆ្នាំ មកពីភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បាននិយាយថា៖ «គ្រួសារខ្ញុំទើបតែខ្ចីលុយពីធនាគារអេស៊ីលីដាចំនួន ៥០០០ដុល្លារ ប៉ុន្តែដំណាំដំឡូងដែលខ្ញុំ និងគ្រួសារខ្ញុំខំដាំនៅលើដី ១០ហិកតា ត្រូវបានគេឈូសចោលអស់ហើយ»។
មិនខុសពីអ្នកស្រី សៀម លឹមស្រៀង អ្នកភូមិភាគច្រើនដែលបានផ្ដល់សម្ភាសន៍ បាននិយាយថា ពួកគាត់បានប្រើប្រាស់កម្ចីដើម្បីដាំដំឡូងនៅលើដីប៉ុន្មានហិកតា ដោយសង្ឃឹមទទួលបានផលនៅប៉ុន្មានខែខាងមុខ។
ប៉ុន្តែ ដំណាំដំឡូង និងផ្ទះសម្បែងរបស់ពួកគាត់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តក្រចេះ ឈូសឆាយខ្ទេចអស់៕