ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៤ ចន្លោះម៉ោង ៧:៣០នាទីទៅម៉ោង៨:៣០នាទីព្រឹក សមាគមអាដហុកបានធ្វើការផ្សាយផ្ទាល់ តាមវិទ្យុសំបុកឃ្មុំ FM១០៥ លើប្រធានបទអំពើហិង្សាក្នុងគ្រួសារពាក់ព័ន្ធការលែងលះ ដើម្បីផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់ដឹង សំរាប់ការដោះស្រាយបញ្ហាផ្ទាល់ដែលពួកគាត់កំពុងជួបប្រទះជាប្រចាំថ្ងៃ ដោយមានការចូលរួមពីវាគ្មិនដូចជាៈ
លោកស្រី លឹម មុនី អនុប្រធានផ្នែកស្ត្រី និងកុមារសមាគមអាដហុក
លោកស្រី គា សុផល មេធាវី
អ្នកស្រី ឌុក ដែន ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ
បន្ទាប់ពីមានការថ្លែងចំណាប់អារម្មណ៏របស់វាគ្មិនទាក់ទង់ទៅនឹង សកម្មភាពអំពើហិង្សាក្នុងគ្រួសារ ផលប៉ះពាល់ពីអំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ប្រិយ៏មិត្តអ្នកស្តាប់ក៏បានទូរស័ព្ទសួរសំណួរទាក់ទងទៅនិង ឧបសគ្គរបស់ពួកគាត់ ដោយសារតុលាការទាមទារប្រាក់ពីពួកគាត់លើសការកំណត់របស់ច្បាប់ ជាថ្នូរនិងការដោះស្រាយរឿងក្តី សំណួរក៏ផ្តោតទៅលើថា បើភាគីម្ខាងមិនព្រមលែងលះ តើបណ្តឹងលែងលះអាចដំណើរការបានឬទេ ក្រៅពីសំណួរក៏មានសំណូមពរពីប្រិយ៏មិត្ត សុំបន្ថយការផ្សាយពាណិជ្ជកម្មស្រាបៀ និងសុំអោយមានអ្នកជំនាញជួយធ្វើការសម្របសម្រួលករណីហិង្សាក្នុងគ្រួសារជាមុនសិនជៀសវាងការប្តឹងលែងលះទៅតុលាការ វាគ្មិនក៏បានបកស្រាយតបទៅនិងសំណួរប្រិយ៏មិត្ត ជាមួយនិងការផ្តល់អនុសាសន៏ទៅរាជរដ្ឋាភិបាលផងដែរ ។