អាដហុក​ប្ដឹង​អភិបាលរង​ខណ្ឌ​ចំការ​មន

IMG_6897-editedសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៥ បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ប្រឆាំង​នឹង​លោក ជ គឹមស៊ អភិបាល​រង​ខណ្ឌ​ចំការមន ដែល​បាន​ឃាត់​ខ្លួន​លោក ឌិត សុធី មន្ត្រី​អង្កេត​សិទ្ធិ​មនុស្ស និង​ព័ត៌មាន​នៃ​សមាគម​អាដហុក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៥ នៅ​មុខ​ច្រក​ចូល​មជ្ឈ​មណ្ឌល​ភ្នំពេញ​សិនធ័រ។

ក្នុង​កម្មវិត្ថុ​នៃ​ពាក្យ​បណ្ដឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក នី  ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ផ្លូវ​ច្បាប់ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​រៀប​រាប់​ថា លោក ជ គឹមស៊ អភិបាល​រង​ខណ្ឌ​ចំការមន បាន​ប្រើ​តួនាទី​របស់​ខ្លួន​ដឹកនាំ​កម្លាំង​សន្តិសុខ​ខណ្ឌ ធ្វើការ​ចាប់ និង​ឃាត់​ខ្លួន​លោក ឌិត សុធី ដែល​នេះ​ជា​ការ​ដក​ហូត និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេរីភាព​បុគ្គល។

លោក ឌិត សុធី ដែល​បាន​ចុះ​ទៅ​អង្កេត​ស្ថានភាព​សិទ្ធិ​មនុស្ស​ជុំ​វិញ​ការ​តវ៉ា​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ ដែល​ព្យាយាម​ដាក់​ញត្តិ​ទៅ​រដ្ឋ​សភា​នោះ ត្រូវ​បាន​កម្លាំង​សន្តិសុខ​ចាប់​ឃាត់​ខ្លួន​រួម​ជាមួយ​យុវជន ៣​នាក់​ទៀត និង​បញ្ជូន​ទៅ​សាលា​ខណ្ឌ​ចំការមន អស់​រយៈ​ពេល ៣​ម៉ោង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៥ មុន​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​វិល​ត្រឡប់​មក​វិញនៅ​ថ្ងៃ​ដដែល។