ក្នុងវ័យ ២០ឆ្នាំ យុវជន ក្វាស់ រៀ ដែលជា ជនជាតិ ដើមទំពូន ត្រូវបាន សមាគម ការពារសិទ្ធិមនុស្ស អាដហុក ខេត្តរតនគិរី សម្រេច ជ្រើសរើស ឲ្យទទួល បានថេបផ្លេត Samsung Galaxy Tab មួយគ្រឿង នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥។
យុវជន ដែលរៀន បានត្រឹម ថ្នាក់ទី៩ រូបនេះ ត្រូវបាន សមាគម អាដហុក ខេត្តរតនគិរី ចាត់ទុកជា សមាជិក សហគមន៍ ដ៏សកម្ម ម្នាក់ ដែល បានចូល រួមតវ៉ា ប្រឆាំងនឹង ការរំលោភ បំពាន ដីធ្លីក្នុង សហគមន៍ពី សំណាក់ ក្រុមហ៊ុន ដីសម្បទាន សេដ្ឋកិច្ច នាពេល កន្លងមក។
យុវជន ក្វាស់ រៀ បានឲ្យដឹងថា សហគមន៍របស់គាត់ពុំសូវទទួលបានព័ត៌មានថ្មីៗពីក្រៅនោះឡើយ ហើយរាល់ហេតុការណ៍កើតឡើងក្នុងសហគមន៍ ក៏មិនត្រូវបានចែករំលែកទៅក្រៅផងដែរ ដោយសារលោកមិនមានទូរស័ព្ទទំនើបនោះឡើយ ហើយម្យ៉ាងវិញទៀត រូបគាត់ក៏ពុំសូវយល់ដឹងទូលំទូលាយពីរបៀបប្រើប្រាស់បណ្ដាញសង្គមផងដែរ។
ទោះជាយ៉ាងណា យុវជនដែលរស់នៅភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្ដូងមាស ធ្លាប់បានចូលវគ្គបណ្ដុះបណ្ដាលផ្នែកតស៊ូមតិជាមួយសមាគមការពារសិទ្ធិមនុស្សអាដហុក ហើយនិយាយថា ឧបករណ៍នេះ នឹងជួយសម្រួលដល់ការចែករំលែកព័ត៌មានផ្សេងៗដល់សហគមន៍ ក៏ដូចជាការចែករំលែកព័ត៌មានទៅដល់បណ្ដាសហគមន៍ដទៃទៀត។
សូមបញ្ជាក់ថា យុវជន ក្វាស់ រៀ គឺជាសមាជិកសហគមន៍ទី ២ ដែលទទួលបានឧថេបផ្លេតពីសមាគមអាដហុក ក្នុងគម្រោងពង្រឹងសិទ្ធិអំណាចសហគមន៍ ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ៕