អាដហុក​បង្ហាញ​ក្ដី​បារម្ភ​អំពី​​បញ្ហា​សិទ្ធិ​មនុស្ស​ដល់​មន្ត្រី​សហភាព​អឺរ៉ុប

ADHOC&EU MEETINGមន្ត្រី​សិទ្ធិ​មនុស្ស​ សមាគម​​អាដហុក បាន​ឲ្យ​ដឹង​ថា ក្ដី​កង្វល់​ ចំពោះ​ការ​ប្រើ​ប្រាស់​ ប្រព័ន្ធ​តុលាការ ​ដើម្បី​គំរាម​កំហែង ​អ្នក​ការពារ​ សិទ្ធិ​មនុស្ស​កម្ពុជា ត្រូវ​បាន​លើក ​ឡើង​នៅ​ក្នុង​ ជំនួប​មួយ​ជា មួយ​ក្រុម​មន្ត្រី​ សហភាព​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៥។

លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ផ្លូវ​ច្បាប់​នៃ ​សមាគម​អាដហុក ដែល​មាន​វត្តមាន​ នៅ​ក្នុង​ជំនួប​នោះ បាន​ប្រាប់​ដល់ ​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ក្រៅ​ពី​សកម្មភាព ​ការងារ ​របស់​សមាគម ថ្នាក់​ដឹកនាំ​ស្ថាប័ន​សិទ្ធិ​មនុស្ស ​មួយ​នេះ បាន​បង្ហាញ ​ក្ដី​កង្វល់ និង​បញ្ហា​ ប្រឈម​នានា ដែល​អ្នក​ការពារ ​សិទ្ធិ​មនុស្ស​ កម្ពុជា​ជួប​ប្រទះ​ក្នុង​ពេល ​បំពេញ​ការងារ។

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ បញ្ជាក់​ថា អ្នក​ការពារ​សិទ្ធិ​កម្ពុជា តែង​តែ​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​តាម​រូបភាព​ផ្សេងៗ ជាពិសេស ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំភិត​បំភ័យ​អ្នក​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​ភាពអយុត្តិធម៌​សង្គម។

លោក នី ចរិយា ក៏​បាន​លើក​យក​ករណី​​បណ្ដឹង​ប្រឆាំង​រូប​លោក​នា​ពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឡើង​ដោយ​​លោក​ សុក កែវបណ្ឌិត អតីត​ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​សៀមរាប និង​ លោក គី ឫទ្ធី ចៅក្រម​តុលាការ​ខេត្ត​សៀមរាប។

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ត្រូវ​បាន​មន្ត្រី​តុលាការ​ប្ដឹង​ពី​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ បរិហា​បង្កាច់​កេរ្តិ៍ និង​ធ្វើ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ ក្រោយ​ពី​គាត់​បាន​ថ្លែង​ថា ពលរដ្ឋ​ពីរ​រូបដែល​មាន​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ខុស​នីតិវិធី។

ពាក់​ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​ពលរដ្ឋ​ទាំង​ពីរ​រូប​ដោយ​ខុស​នីតិវិធី​នេះ លោក នី ចរិយា បាន​ដាក់​បណ្ដឹង​ទៅ​ស្ថាប័ន​ធំៗ​ប្រឆាំង​នឹង​មន្ត្រី​តុលាការ​ទាំង​ពីរ​រូប​នោះ ប៉ុន្តែ គ្មាន​ចំណាត់​ការ​ណា​មួយ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ប្រឆាំង​នឹង​មន្ត្រី​ទាំង​ពីរ​រូប​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ហៅ​ចូល​បំភ្លឺ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា​កន្លង​មក ទៅ​តាម​បណ្ដឹង​របស់​មន្ត្រី​ទាំង​ពីរ​រូប​នោះ។ ចប្ចុប្បន្ន សំណុំ​រឿង​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

ក្រោយ​ជំនួប​នោះ ក្រុម​មន្ត្រី​សហភាព​អឺរ៉ុប មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ឡើយ។ ទោះជាយ៉ាងណា សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​សង្គម​ស៊ីវិល​អាស៊ី​ប៉ាស៊ីហ្វិច បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​នូវ​ការ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ៕