មន្ត្រីសិទ្ធិមនុស្សនៃ សមាគម ការពារសិទ្ធិមនុស្ស អាដហុក បានរកឃើញថា សំណង់លំនៅដ្ឋាន ដែលជាផ្នែក មួយនៃ គម្រោងទំនប់វារីអគ្គិសនី សេសានក្រោម ២ ត្រូវបានសាងសង់ ឡើងដោយ គ្មានគុណភាព ខណៈដែល អាជ្ញាធរ ខេត្តស្ទឹងត្រែង បានជូន ដំណឹងឲ្យ ប្រជា ពលរដ្ឋជាង ១០០គ្រួសារ ត្រៀមផ្លាស់ប្ដូរ ទៅទីតាំងថ្មីនេះ។
លោក ហូ សំអុល មន្ត្រីសម្រប សម្រួល សមាគម ការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងថា លោកបាន ទៅពិនិត្យ មើលលំនៅដ្ឋានថ្មី ទាំងនោះជា មួយ អាជ្ញាធរ ខេត្តស្ទឹងត្រែង ស្ថិតនៅត្រង់ ចំណុចអូរសូ នៃ ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ហើយមើលឃើញថា លំនៅដ្ឋាននោះ បានខូចខាត មុនប្រជាពលរដ្ឋ ចូលទៅរស់ នៅទៅទៀត។
លោកបញ្ជាក់ថា លំនៅដ្ឋានថ្មីទាំងនោះ ត្រូវបានសាង់សង់ឡើងជាថ្នូរនឹងការផ្លាស់ប្ដូរទីតាំងរបស់ប្រជាពលរដ្ឋជាង ១០០គ្រួសារមកពីភូមិស្រែស្រណុក និងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន នៅក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២៕