ក្បួនដង្ហែររបស់ប្រជាពលរដ្ឋ កម្មករកម្មការិនី បុគ្គលិកសហជីព សហគមន៍ សមាគម និងអង្គការសង្គមស៊ីវិល ដើម្បីប្រឆាំងនឹងសេចក្ដីព្រាងច្បាប់គ្រប់គ្រងសមាគម-អង្គការសង្គមស៊ីវិល ត្រូវបានកម្លាំងសន្តិសុខរបស់សាលារាជធានីភ្នំពេញរារាំងគ្រប់ទិសដៅទាំងអស់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ។
លោក យី សុខសាន្ត មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានឃ្លាំមើលក្បួនដង្ហែរពីវត្តនិរោធចូលមកកាន់វិមានរដ្ឋសភានៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា កម្លាំងសន្តិសុខរាប់សិបនាក់ ត្រូវបានគេដាក់ពង្រាយនៅតាមផ្លូវជាតិលេខ ១ ដើម្បីទប់ស្កាត់ក្បួនដង្ហែររបស់ប្រជាពលរដ្ឋ។
ចំណែកលោក ណៃ វង់ដា មន្ត្រីអង្កេតសិទ្ធិមនុស្សម្នាក់ទៀតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានឃ្លាំមើលក្បួនដង្ហែររបស់ប្រជាពលរដ្ឋពីសង្កាត់ចាក់អង្ក្រែលើ បានឲ្យដឹងថា អាជ្ញាធរក៏បានរាំងខ្ទប់ក្បួនដង្ហែររបស់ប្រជាពលរដ្ឋផងដែរ។
ចំណែកឯក្បួនដង្ហែរពីស្ពានអាកាស ៧ មករា ម្ដុំពេទ្យលោកសង្ឃ បានធ្វើដំណើរចូលដល់ផ្លូវកម្ពុជាក្រោមម្ដុំផ្សារដេប៉ូ ក៏ត្រូវបានអាជ្ញាធរទប់ស្កាត់ដូចគ្នា។ នេះដោយយោងតាមការបញ្ជាក់ពីលោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីអង្កេតសិទ្ធិមនុស្សម្នាក់ទៀតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក។
នៅឯចំណុចរង្វង់មូលជ្រោយចង្វារឯណោះវិញ ក្រុមសកម្មជនស្ត្រីបឹងកក់ និងប្រជាពលរដ្ឋមកពីសហគមន៍មានជម្លោះដីធ្លីដទៃទៀតក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងសន្តិសុខខណ្ឌដូនពេញបញ្ជាឲ្យស្ថិតនៅលើចិញ្ចើមផ្លូវរបងស្ថានទូតបារាំង មុខមជ្ឈមណ្ឌលព្យាបាលបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្រុមអ្នកតវ៉ា បានព្យាយាមចាកចេញពីទីតាំងនោះជាច្រើនដង ប៉ុន្តែបរាជ័យទៅវិញ ហើយកម្លាំងអន្តរាគមន៍ពិសេសរបស់សាលាខណ្ឌដូនពេញចំនួនប្រហែល ៣០នាក់ ត្រូវបានដាក់ពង្រាយនៅមាត់ផ្លូវ ដោយបានរាំងខ្ទប់រាល់ការប៉ុនប៉ងចាកចេញរបស់អ្នកតវ៉ា។
ទោះជាយ៉ាងណា ក្រុមប្រជាពលរដ្ឋ និងបុគ្គលិកសហជីព សមាគម និងអង្គការសង្គមស៊ីវិល បានរំសាយខ្លួន និងធ្វើដំណើរទៅប្រមូលផ្ដុំគ្នានៅមុខវិមានរដ្ឋសភានៅវេលាម៉ោងប្រហែល ១០ព្រឹក បន្ទាប់ពីរដ្ឋសភាបានបញ្ចប់ការប្រជុំរបស់ខ្លួន។
នៅឯមុខវិមានរដ្ឋសភា ក្រុមអ្នកតវ៉ាបានធ្វើសកម្មភាពនានា ដូចជា ច្រៀងរាំ និងបង្ហោះប៉េងប៉ោង ក្នុងន័យជំទាស់ទៅនឹងការប៉ុនប៉ងអនុម័តសេចក្ដីព្រាងច្បាប់សមាគម-អង្គការដ៏ចម្រូងចម្រាស់មួយនេះ។
ការប្រមូលផ្ដុំ ត្រូវបានរំសាយទៅវិញនៅវេលាម៉ោងជិត ១២ថ្ងៃត្រង់ ក្រោយពីតំណាងរាស្ត្រ ២រូបរបស់គណបក្សសង្គ្រោះជាតិ បានចេញមកជួបក្រុមប្រជាពលរដ្ឋ៕