អាជ្ញាធរស្រុកកោះញែករំខានវគ្គ​បណ្ដុះបណ្ដាលអាដហុក

អាជ្ញាធរ​ខេត្ត​ម11651310_717660971696260_959807198_nណ្ឌលគិរី នៅ​តែ​បន្ត​រារាំង​សកម្មភាពបណ្ដុះ​បណ្ដាល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ភាគ​ឦសាន្ត​មួយ​នេះ។ នេះ​ដោយ​យោង​តាម​ការ​បញ្ជាក់​ពី​លោក សុក រដ្ឋា មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌលគិរី និង​ជា​អ្នក​រៀបចំ​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៥។

លោក សុក រដ្ឋា បាន​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិច​ថា៖ «កម្មវិធី​បណ្ដុះ​បណ្ដាល​ស្ដី​ពី​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន បាន​ដំណើរការ​ដោយ​រអាក់​រអួល​បន្តិច ព្រោះ​អភិបាល​ស្រុក​កោះញែក លោក មើល សឿន បាន​បញ្ជា​ឲ្យ​មេឃុំ​ម្នាក់ មេ​ប៉ុស្តិ៍​ម្នាក់ និង​កូនចៅ​សរុប ៥​នាក់ មក​រារាំង និង​បញ្ឈប់​សកម្មភាព​របស់​សមាគម​អាដហុក នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៥»។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា អភិបាល​ស្រុក​កោះញែក បាន​បញ្ជា​ឲ្យ​លោក​បញ្ឈប់​សកម្មភាព​បណ្ដុះ​បណ្ដាល ហើយ​ដាក់​ពាក្យ​ស្នើ​សុំ​តាម​ឋានុក្រម​ពី​ថ្នាក់​ខេត្ត។ លោក​បាន​ព្ជាក់​ថា សមាគម​អាដហុក​ខេត្ត​មណ្ឌលគិរី បាន​ជូន​ដំណឹង​ទៅ​អភិបាល​ខេត្ត​នេះ​រួច​ហើយ ដោយ​ពុំ​ចាំ​បាច់​ស្នើ​សុំ​ការ​អនុញ្ញាត​នោះ​ឡើយ។

ទោះបី​ជា​ការ​បណ្ដុះ​បណ្ដាល បាន​ដំណើរ​ឡើង​វិញ​នា​ថ្ងៃ​ដដែល​ក៏​ដោយ ក៏​សកម្មភាព​រារាំង​របស់​អាជ្ញាធរ​ស្រុក​កោះញែក បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្មារតី​របស់​ប្រជា​ពលរដ្ឋ​មូលដ្ឋាន ដែល​បាន​ចូល​រួម​នៅ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះ៕