ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា
(បកប្រែក្រៅផ្លូវការ)
ភ្នំពេញ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១២
សេចក្តីប្រកាសព័ត៌មាន
ស្ថានទូតបារាំងចុះទស្សនកិច្ចគម្រោងជំនួយផ្នែកច្បាប់របស់សមាគមអាដហុកនៅកំពង់ឆ្នាំង
កាលពីថ្ងៃទី២២ សីហា លោក ដូមីនិក ម៉ាស់ (Dominique Mas) ភារធារីស្ថានទូតបារាំង បានធ្វើដំណើរទៅកាន់ ខេត្តកំពង់ឆ្នាំង តាម ការអញ្ជើញ របស់ សមាគមអាដហុកប្រចាំខេត្ត។ ដំណើរទស្សនកិច្ចនេះមាន គោលបំណងដើម្បីធ្វើការ ស្វែងយល់ដោយផ្ទាល់ ពីការវិវត្តន៍នៃកម្មវិធី ជំនួយផ្នែកច្បាប់ ដល់ជនរងគ្រោះ ដែលត្រូវបានឧបត្ថម្ភថវិកា ដោយមូលនិធិ អភិវឌ្ឍន៍សង្គម របស់ស្ថានទូតបារាំង ។ ក្នុងឱកាសនោះ លោកភារធារី បានធ្វើការផ្លាស់ប្តូរ យោបល់ជាមួយមន្ត្រីសមាគម អាដហុកប្រចាំខេត្តកំពង់ឆ្នាំង និងក្រុមមេធាវីដែលជាអ្នកផ្តល់ជំនួយផ្នែកច្បាប់។ លោកក៏បានពិភាក្សាផងដែរជាមួយ អ្នកទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ ដែលសុទ្ធសឹង ជាអ្នករងគ្រោះពីការរំលោភ បំពានផ្លូវភេទ ការជួញដូរមនុស្ស ឬ ជម្លោះដីធ្លីជាដើម ។
ចាប់តាំងពីឆ្នាំ២០១១មក ស្ថានទូតបារាំងប្រចាំ កម្ពុជាបានរួមចំណែកឧបត្ថម្ភ ដល់គម្រោងជំនួយផ្នែកច្បាប់ របស់សមាគម អាដហុក។ គម្រោងនេះ មានគោលបំណងធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាទទួលបានយុត្តិធម៌ ជាពិសេសតាមរយៈការផ្តល់ នូវការជួយគាំទ្រផ្នែកច្បាប់ ដោយឥតគិតថ្លៃដល់ អ្នកដែលងាយរងគ្រោះបំផុតនៅតាមបណ្តាខេត្តនានានៅកម្ពុជា។ ដូច្នេះ គម្រោងនេះបានរួមចំណែកក្នុងការកែ លម្អដំណើរការរបស់តុលាការ ដោយ ធានាឱ្យ មានការការពារក្តីដល់ជនរងគ្រោះ ដែលជាធាតុមួយដ៏សំខាន់នៃការកាត់ក្តីប្រកបដោយយុត្តិធម៌។ តាមរយៈគម្រោងនេះ សមាគមអាដហុក ក៏បានបន្ត បេសកកម្មរបស់ខ្លួនក្នុងការឃ្លាំមើលប្រព័ន្ធយុត្តិធម៌ និងផ្តល់ព័ត៌មានដល់សាធារណជន ។
រហូតមកដល់បច្ចុប្បន្ន គម្រោងបានរ៉ាប់រងលើការចំណាយសម្រាប់សេវាកម្មមេធាវីជូនចំពោះដើមបណ្តឹងជាង១០០នាក់ មកហើយ។ សមាគមអាដហុក សង្កេតឃើញថា ជនរងគ្រោះកាន់តែច្រើនឡើងៗ បានត្រៀមខ្លួន ជាស្រេចដើម្បីការពារ សិទ្ធិរបស់ពួកគេនៅចំពោះមុខច្បាប់ ជាពិសេសក្នុង ករណី រំលោភបំពានផ្លូវភេទ ឬ ជួញដូរមនុស្ស ដែលស្ត្រីរងគ្រោះ កាន់តែក្លាហានក្នុងការចេញមុខដាក់ពាក្យបណ្តឹង។ លោក ដូមីនិក ម៉ាស់ មានប្រសាសន៍ថា « ការទទួលបានការកាត់ក្តី ប្រកបដោយយុត្តិធម៌គឺជាលក្ខខណ្ឌចាំបាច់ដើម្បីធានាការគោរពសិទ្ធិបុគ្គល »។ លោកភារធារីបានបន្ថែមទៀតថា ៖ « នៅក្នុងនីតិរដ្ឋ ប្រព័ន្ធយុត្តិធម៌គឺជាអ្នកធានាការគោរពសិទ្ធិមនុស្ស ។ ស្របពេលដែលយើងប្រឹងប្រែងជាមួយ រាជរដ្ឋាភិបាល ក្នុងការកែល ម្អប្រព័ន្ធ យុត្តិធម៌ដើម្បីឱ្យកាន់តែមានភាពអព្យាក្រឹត ឯករាជ្យ និងមានប្រសិទ្ធភាព យើងក៏ជួយគាំទ្រផងដែរដល់ គម្រោងជំនួយផ្នែកច្បាប់ របស់ សមាគមអាដហុក និងអង្គការមេធាវីគ្មានព្រំដែន ដែលជួយ ឱ្យជនរងគ្រោះ ឬ ជនជាប់ចោទអាចយល់ពីច្បាប់ និងអាចការពារខ្លួន នៅចំពោះ មុខចៅក្រម »។
គម្រោងជំនួយផ្នែកច្បាប់ មាននៅតាមប្រទេសជាច្រើន រួមទាំងនៅប្រទេសបារាំង ផងដែរដែលរដ្ឋជាអ្នកទទួលបន្ទុក ។ លោកភារធារីមានលើកឡើងថា «វាជាករណីកិច្ច របស់រដ្ឋក្នុងការជួយដល់ពលរដ្ឋក្រីក្រ ហើយក៏ជាការជួយដល់ចៅក្រម ផងដែរ ដែលតាមរយៈគម្រោងនេះចៅក្រមនឹងប្រាកដក្នុងចិត្តថា អ្នកទទួលការវិនិច្ឆ័យទាំងអស់អាចនឹងយល់បានពីអ្វី ដែលខ្លួននិយាយ » ។
លោក ដូមីនិក ម៉ាស់ ក៏បានឆ្លៀតឱកាសនេះផងដែរដើម្បីសម្តែងការកោតសរសើរដល់ការងាររបស់បុគ្គលិក និង អ្នកស្ម័គ្រចិត្តសមាគមអាដហុក ដែលបានរួមសហការជាមួយអង្គការផ្សេងៗទៀត ក្នុងការបំពេញបេសកកម្មដ៏សំខាន់ តាំងពីឆ្នាំ១៩៩១មក ដើម្បីកសាងនីតិរដ្ឋនៅកម្ពុជា។