សេចក្តីថ្លែងការណ៏
ស្តីពី
ការអំពាវនាវ អោយមានយន្តការសង្គ្រោះបន្ទាន់ ដល់ពលករចំណាកស្រុកដែលកំពុងបន្តប្រឈម នឹងការរំលោភសិទ្ធិពីសំណាក់ក្រុមហ៊ុនក្នុងប្រទេស និងនិយោជកក្រៅប្រទេស
សមាគមអាដហុក មានការព្រួយបារម្ភជាខ្លាំង ពីសុវត្ថិភាពពលករចំណាកស្រុកមួយចំនួន ជាពិសេសពលករចំណាកស្រុកទៅប្រទេសម៉ាឡេស៊ី ដែល កំពុងបន្ត ទទួលរងនូវការរំលោភសិទ្ធិ ពីសំណាក់ក្រុមហ៊ុនជ្រើសរើសពលករក្នុងស្រុក និងពីសំណាក់និយោជកមួយចំនួននៅក្រៅប្រទេសផងដែរ។
ការរំលោភសិទ្ធិនោះរួមមាន ការធ្វើបាបរូបរាងកាយ ឃុំឃាំង បង្អត់អាហារ រំលោភបំពានផ្លូវភេទ រហូតដល់មានការបាត់ខ្លួន ស្លាប់បាត់បង់ជីវិត ដោយ ការធ្វើ អត្តឃាត ឬមូលហេតុផ្សេងៗ។ ដោយសារភាពមិនអើពើ របស់ក្រុមហ៊ុន មួយចំនួន និងការជួយសង្គ្រោះ នៅមានភាពយឺតយ៉ាវ ពីសំណាក់ រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ធ្វើអោយជនរងគ្រោះខ្លះ កំពុងតែត្រូវបានជាប់ឃុំឃាំង ក្នុងពន្ធនាគារក្រៅប្រទេស នៅឡើយ។
ក្នុងខណៈដែលរដ្ឋាភិបាល កំពុងធ្វើការយ៉ាងសកម្ម ក្នុងការព្យាយាមទំនាក់ទំនង ជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នា រវាងប្រទេសទាំងពីរ។សមាគមអាដហុក សូមធ្វើការអំពាវនាវដល់រដ្ឋាភិបាល ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល និងស្ថាបន័ពាក់ព័ន្ធទាំងអស់ដែលធ្វើការលើបញ្ហាចំណាកស្រុក បង្កើនកិច្ចសហការដោះស្រាយបញ្ហាចំពោះមុខដូចជា ការជួយសង្រ្គោះពលករចំណាកស្រុកដែលកំពុងទទួលរងគ្រោះ ដោយការរំលោភបំពានផ្សេងៗ ទាំងក្នុងស្រុក និងក្រៅស្រុក អោយធ្វើសមាហរណកម្ម និងធ្វើមាតុភូមិនិវត្តន៏ ឬនិរទេសអោយបានឆាប់រហ័សទាន់ពេលវេលា និងដោយសុវត្ថិភាព។
រយះពេល១០ខែនៃឆ្នាំ២០១១នេះ សមាគមអាដហុក ទទួលបានបណ្តឹង ពីករណីជួញដូរមនុស្ស ៩៨ករណី ដែលរួមមានករណី រំលោភកំលាំងពលកម្ម ផងដែរ ។ ក្នុងនោះមានករណីទៅ ប្រទេសម៉ាឡេស៊ី ៧៨ ករណី ប្រទេសថៃ ១៥ករណី ឥណ្ឌូនេស៊ី ៤ករណី និងតៃវ៉ាន់ ១ករណី មានជនរងគ្រោះចំនួន ៩៤នាក់ ត្រូវបាន រំដោះមកវិញ និងមាន ៦៥នាក់ ទៀតដែលកំពុងរង់ចាំដំណោះស្រាយ។
ដូច្នេះ ចំនួនករណីប្តឹងចូលសមាគមយើងពីបទជួញដូរមនុស្ស និងរំលោភកំលាំងពលកម្ម មានការកើនឡើង ៥៤ករណី ប្រៀបធៀបនឹងរយះពេលដដែលនេះក្នុងឆ្នាំ២០១០។ ការសន្និដ្ឋាននេះ ស្របទៅនឹងលិខិតមួយច្បាប់របស់នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាកាលពីថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១១ ដែលបញ្ជាក់ថា ចំនួនពលករខ្មែរដែលទទួលមរណៈភាព ឬទទួលរងគ្រោះថ្នាក់ផ្សេងៗ កំពុងមានការកើនឡើង។[1]
អនុសាសន៏
១.រាជរដ្ឋាភិបាល គួរមានយន្តការសង្រ្គោះបន្ទាន់ កញ្ចប់ថវិកាបំរុង និងតំណាងការទូតគ្រប់គ្រាន់សំរាប់ជួយសំរួល និង ជំរឿនការធ្វើមាតុភូមិនិវត្តន៏និងការធ្វើនិរទេសរបស់ ពលករចំណាកស្រុកក្នុងករណីចាំបាច់។
២.រាជរដ្ឋាភិបាលគួរមានយន្តការជាក់លាក់ និងផ្តល់សេវាមួយចំនួនសំរាប់ទប់ស្កាត់ពលករកុំឲ្យរងគ្រោះនិង ការពារពលករដែលរងគ្រោះដោយអំពើរំលោភបំពានផ្សេងៗ តាមរយ: ការផ្តល់ សេវាសង្គម និងសេវាចិត្តសាស្ត្រ ដើម្បីសំរួលការធ្វើសមាហរណកម្មប្រកបដោយសុវត្ថិភាព។
៣.គួរមានកំណែទម្រង់លើច្បាប់ និងក្រឹត្យច្បាប់ដែលទាក់ទងនឹងពលករចំណាកស្រុក ដោយមានការពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល ក្នុងការត្រួតពិនិត្យ និងតាមដានសកម្មភាពការងាររបស់ក្រុមហ៊ុនជ្រើសរើសពលករក្នុងស្រុក ដើម្បីធានាថា ពលករធ្វើចំណាកស្រុកដោយស្មគ្រ័ចិត្ត និងដោយសុវត្ថិភាព។
៤.ផ្តល់សច្ចាប័នលើ (ILO Convention on Decent Work for Domestic Workers) ដែលតម្រូវអោយមានប្រព័ន្ធប្តឹងផ្តល់ងាយស្រួលសំរាប់ជនរងគ្រោះ និងការពិន័យយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនដែលរំលោភបំពានលើបទដ្ឋានច្បាប់នានា និងហាមឃាត់ការកាត់ប្រាក់ខែពលករ ដើម្បីសងទៅក្រុមហ៊ុនវិញ។
៥.អនុវត្តបម្រាមរបស់នាយករដ្ឋមន្រ្តី ឲ្យបានម៉ត់ចត់ដើម្បីរង់ចាំរដ្ឋាភិបាលមានដំណោះស្រាយសមរម្យមួយ ឈានដល់ការព្រមព្រៀងគ្នាជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីចុះកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់ រវាងប្រទេសទាំងពីរ ដែលអាចបង្កើនការការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករចំណាកស្រុក រួមមានការលើកកម្ពស់ការការពារ ការងារ ប្រាក់ឈ្នួល លក្ខណ្ឌការងារ និងលក្ខណ្ឌរស់នៅសមរម្យនិងត្រឹមត្រូវរបស់ពលករចំណាក ស្រុក។
៦.បង្កើនការសហការជាមួយសហគមន៏អាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ការរំលោភកំលាំងពលកម្ម និងការរស់នៅក្នុងស្ថានភាពជាទាសករសម័យថ្មី។
ភ្នំពេញ,ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១១
សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងៈ
អ្នកស្រី សាវដា ច័ន្ទក្រឹស្នា ប្រធានកម្មវិធីសិទ្ធិស្រី្ត និង កុមារ ទូរស័ព្ទលេខ ០១៧ ៣៨៤ ៣០១
អ្នកស្រី លឹម មុនី អនុប្រធានកម្មវិធីសិទ្ធិស្រី្ត និង កុមារ ទូរស័ព្ទលេខ ០១២ ៨៣៤ ៤៤៩
[1] មិនទាន់មានកិច្ចព្រមព្រៀងជាមួយប្រទេសម៉ាឡេស៊ី ស្តីពីពលករចំណាកស្រុក ខេមបូឌាដេលី ថ្ងៃអង្គារទី ២០ ខែ ធ្នូ ឆ្នាំ ២០១១