រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៤នេះ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជាហៅកាត់ថា (អាដហុក) មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានភាពស្ត្រីកម្ពុជា ដែលជារឿយៗតែងតែទទួល រងគ្រោះពីការជួញដូរភេទ ក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជនជាតិចិន ។ ក្នុងរយៈពេលនេះ សមាគមបានទទួលពាក្យបណ្តឹងដែលទាក់ទងនឹងការជួញដូរមនុស្ស ចំនួន១០៨ករណី ពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សទៅកាន់ប្រទេសផ្សេងៗ ដែលមានជន រងគ្រោះសរុប២៩៥នាក់ ក្នុងនោះមានប្រទេសចិនចំនួន២៦ករណី មានជនរងគ្រោះ ២៩នាក់ ។ សមាគមបានជួយ និងធ្វើ អន្តរាគមន៏ទៅស្ថាប័នពាក់ព័ន្ធនានា ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការងារ ក្រសួងមហាផ្ទៃ ស្ថានទូត/ស្ថានកុងស៊ុលប្រចាំប្រទេសទទួល ។ ជនរងគ្រោះដែលចាញ់បោកមេខ្យល់ទៅរៀបការ ជាមួយបុរសជនជាតិចិន បានជួបនូវបញ្ហា មួយចំនួន ដូចជា ការធ្វើទារុណកម្ម ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ការបង្អត់អាហារ និង ការបង្ខំឲ្យធ្វើការផ្ទះដូចជាទាសករជាដើម ។ តាមការ សិក្សាលើករណីទាំងនោះ បានរកឃើញថា គឺបណ្តាលមកពីកង្វះទីផ្សារការងារ ការ បាត់បង់ដីធ្លី និងការជំពាក់បំណុលធនាគារជាដើម ។
ប៉ុន្តែអ្វីដែលគួរឲ្យយើងសោកស្តាយជាងនេះទៅទៀតនោះ គឺនៅពេលមានស្រ្តីខ្មែរដែលជាជនរងគ្រោះ បានរត់ទៅដល់ស្ថានទូត ឬ ស្ថានកុងស៊ុលខ្មែរដែលប្រចាំនៅទីនោះ ដើម្បីសុំអន្តរាគមន៍ ត្រូវមន្រ្តីស្ថានទូតទាំងនោះ មិនបានយកចិត្តទុកដាក់ក្នុងការចេញមុខជួយដោះស្រាយឡើយ បែរជាត្រូវទុកឲ្យពួកគាត់ឈរនៅមុខស្ថានទូត ក្រោមធាតុអាកាសត្រជាក់ និងមូសខាំ ថែមទាំងមិនមានថវិកាជាប់នឹងខ្លួន សំរាប់ទិញចំណីអាហារ ព្រោះមិនហ៊ានដើរចេញពីមុខស្ថានទូតដោយខ្លាចអាជ្ញាធរចិនចាប់ខ្លួន ។ នៅក្នុងនោះដែរក៏មាន ស្រ្តីរងគ្រោះខ្លះទៀត ត្រូវបានអាជ្ញាធរចិនចាប់បញ្ជូនឲ្យគ្រួសារខាងប្តីវិញ និងខ្លះទៀតត្រូវរត់ទៅនៅក្នុងព្រៃ ដោយជីកទំពាំងធ្វើជាអាហារ ។ ដូច្នេះក្នុងនាមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ពន្ធ័ខាងវិស័យការពារសិទ្ធិមនុស្ស យើងសូមធ្វើការថ្កោលទោស ចំពោះ អំពើអមនុស្សធម៌របស់បុរសជនជាតិចិន ដែលបានប្រព្រឹត្តមកលើស្រ្តីរងគ្រោះខ្មែរ និង ចំពោះមន្រ្តីស្ថានទូតណា ដែលធ្វើការតំណាងឲ្យខ្មែរនៅក្រៅប្រទេស ដែលមិនបានយកចិត្តទុកដាក់ក្នុងការការពារសិទ្ធិពលរដ្ឋរបស់ខ្លួន នៅពេលដែលពួកគេត្រូវការជំនួយជាបន្ទាន់ ដោយទុកបណ្តោយឲ្យរងនូវការធ្វើទុកបុកម្នេញតាមអំពើចិត្ត ។
សមាគមអាដហុក ក៏មានកង្វល់ផងដែរ ជុំវិញបញ្ហាប្រឈមថ្មីៗ របស់ជនងាយរងគ្រោះ ដូចជា៖
១/មេខ្យល់ដើរធ្វើការផ្សព្វផ្សាយ ពីការជ្រើសរើសនារីកម្ពុជាយកទៅរៀបការជាមួយបុរសចិន ដោយបង្កើតជាបណ្តាញទាំងនៅប្រទេសកម្ពុជា និង ចិន ។
២/ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍ដោយមិនបានរៀបចំ គ្រួសារខាងប្រុស ដកយកលិខិតឆ្លងដែនទុក គ្រឿងអលង្កា ថវិកាដែលនៅជាប់ខ្លួនទុក ជាថ្នូរនឹងថវិកាចន្លោះ ពី៨ម៉ឺនយ័នទៅ១២ម៉ឺនយ័ន (១០០០០ទៅ១៥០០០ដុល្លារ) ទៅឲ្យមេខ្យល់ ។
៣/ជនរងគ្រោះរងនូវសុខភាពទ្រុឌទ្រោម ដោយសារត្រូវធ្វើការដូចជាទាសករដាច់ថ្លៃសំរាប់ក្រុមគ្រួសារទាំងមូល របបអាហារមិនគ្រប់គ្រាន់ និងមិនមានជីវជាតិគ្រប់គ្រាន់ ។
៤/ការយកទៅលក់បន្តទៅឲ្យអ្នកផ្សេង ឬផ្ទះបន
៥/ការរំលោភផ្លូវភេទសំណាក់បុរសជាប្តី និងគ្រួសារ (ការរំលោភជាក្រុម)
៦/ការមិនយកចិត្តទុកដាក់ពីសំណាក់មន្រ្តីស្ថានទូត និងស្ថានកុងស៊ុលខ្មែរនៅប្រទេសចិន ។
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ សមាគមអាដហុក សូមអំពាវនាវដល់ ស្ថាប័នពាក់ព័ន្ធ ត្រូវជំរុញឲ្យមានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាខាងលើឲ្យ បានទាន់ពេលវេលា និង កាន់តែមានប្រសិទ្ធភាព ។
ដើម្បីជាកិច្ចការពារជនរងគ្រោះ ព្រមទាំងបញ្ចៀសបាននូវបញ្ហាជួញដូរមនុស្ស អាដហុកសូមផ្តល់ជូននូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
- ជម្រុញឲ្យមានការចាប់ និងផ្តន្ទាទោសមេខ្យល់ និងបក្សពួកតាមផ្លូវច្បាប់ ដើម្បីកាត់បន្ថយនិទណ្ឌភាព និង មានវិធានការតឹងតែងចំពោះមន្រ្តីល្មើសច្បាប់ តាមរយៈការពង្រឹងយន្តការប្រឆាំង និងស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើ ជួញដូរមនុស្សឲ្យបានច្បាស់លាស់ ។
- បង្កើនការផ្សព្វផ្សាយពីផលវិបាកនៃការធ្វើចំណាកស្រុកទៅក្រៅប្រទេស
- បង្កើនឪកាសការងារក្នុងស្រុកឲ្យបានប្រសើរ និងសមរម្យសម្រាប់ពលរដ្ឋ កម្ពុជា ។
- ជម្រុញឲ្យការចុះអនុស្សរណៈនៃការយោគយល់គ្នា កម្ពុជា និងចិន ស្តីពីការជួញដូរស្រ្តីខ្មែរទៅកាន់ប្រទេសចិនឲ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយការជួញដូរមនុស្សដោយខុសច្បាប់ ។ មុនការចុះអនុស្សរណៈ គួរតែមានការ ពិគ្រោះយោបល់ជាមួយអង្គការពាក់ព័ន្ធ អំពីខ្លឹមសារនៃអនុស្សរណៈនោះ សិន ។
- ជម្រុញស្ថានទូត/ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសចិន ជួយសំរួលដល់ ការធ្វើមាតុភូមិនិវត្តរ៍របស់នារីរងគ្រោះ ។
—————————————————————————-
សូមទាញយករបាយការណ៍ដែលភ្ចាប់នៅខាងក្រោម
សំរាប់ព័ត៌មានលំអិតសូមទាក់ទង៖
– អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រី្ត កុមារ និងដោះស្រា
យទំនាស់ក្រៅប្រព័ន្ធតុលាការ ០១២ ៣៤៤ ៧១៩ ភាសាខ្មែរ និងអង់គ្លេស
– អ្នកស្រី លឹមមុនី អនុប្រធានផ្នែកស្រី កុមារ និងនិងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ០១២ ៨៣៤ ៤៤៩ភាសាខ្មែរ និងអង់គ្លេស