សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា (អាដហុក) ថ្កោលទោសចំពោះយុទ្ធនាការចុះបង្រ្កាប និងចាប់ខ្លួនតំណាងសហគមន៍បឹងកក់ ប្រព្រឹត្តឡើងដោយអាជ្ញាធររាជធានីភ្នំពេញ ។ យុទ្ធនាការនេះ បានបង្ហាញនូវចេតនាយ៉ាងច្បាស់ថា សាលារាជធានីភ្នំពេញ មិនជួបពិភាក្សាដោះស្រាយបញ្ហាកំពុងប្រឈម និងមិនខ្វល់អំពីទុកលំបាកវេទនារបស់សហគមន៍ទេ ហេតុនេះពុំចាំបាច់ប្រើយុទ្ធសាស្ត្រតវ៉ា និងការដាក់សំពាធរំខានអារម្មណ៍ដល់អភិបាល និងមន្ត្រីសាលារាជធានីទេ ។ ជាលទ្ធផល គួរអោយតក់ស្លុតជាខ្លាំងចំពោះជីវិតដ៏អភ័ព្ទរបស់តំណាងសហគមន៍ ដែលមានរស់នៅក្នុងភាពកំសត់ ឯកកោ និងគ្មានអាជ្ញាធរជាអាព្យាបាលក្នុងការជួយជ្រុមជ្រែងដោះស្រាយភាពលំបាក ដែលកើតឡើងពីទំនាស់ដីធ្លីរាំរ៉ៃយូរ ឆ្នាំមកហើយ ប៉ុន្តែមិនទទួលបានយុត្តិធម៌សមប្រកបតាមមូលដ្ឋានយុត្តិធម៌ ផ្ទុយទៅវិញមានតែការគំរាមកំហែង និងចាប់ខ្លួន ជាពិសេសសហគមន៍បឹងកក់ យ៉ាងហោចក្នុងរយៈពេល២ថ្ងៃ មានសកម្មជនការពារដីធ្លីចំនួន១១នាក់ត្រូវបានចាប់ខ្លួនចោទប្រកាន់ពីបទ ប្រឆាំងជាមួយអ្នករាជការសាធារណៈមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
កត់សម្គាល់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ អាជ្ញាធររាជធានីភ្នំពេញបានចាប់ខ្លួនសកម្មជនការពារដីធ្លីសហគមន៍បឹងកក់ចំនួន៧នាក់ នៅខណៈដែលពួកគេមកតវ៉ាសុំការជួយអន្តរាគមន៍ឲ្យមានការដោះស្រាយបញ្ហា លិចលង់ផ្ទះសម្បែងដោយសារជំនន់ទឹកភ្លៀងនៅក្នុងសហគមន៍បឹងអស់ជាច្រើនថ្ងៃដោយមិនមានការជួយអន្តរាគមន៍ពីរដ្ឋអំណាចមូលដ្ឋាន ។ បញ្ហានេះទើបពួកគេលើគ្នាសែងគ្រែមកតវ៉ាមុខសាលាក្រុងស្រែកតវ៉ាសុំឲ្យមន្រ្តីសាលាក្រុងចេញមកជួបរកដំណោះស្រាយ។ ការវ៉ានេះមិនមានការចេញមកដោះស្រាយនោះទេ ក្រៅតែពីការហ៊ុំព័ទ្ធដោយប៉ូលិសរាប់រយនាក់ទៅលើក្រុមអ្នកតវ៉ា ។ ការចាប់ផ្តើមនៅខណៈពេលអ្នកភូមិសែងគ្រែបិទផ្លូវនៅពីមុខសាលារាជធានីភ្នំពេញសុំឲ្យតំណាងសាលារាជធានីចេញមកចរចារ ផ្តើមពីអ្នកតំណាងដែលចេញមុខលេចធ្លោជាងគឺត្រូវបានចាប់ខ្លួនភ្លាមៗបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ រួចបានបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក កសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ។
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះដែរ ក្រុមអ្នកតវ៉ាមកពីសហគមន៍នានាប្រមាណជិត ១០០នាក់ក្នុងរាជធានីភ្នំពេញ បានមកជួបជុំគ្នានៅពីមុខតុលាការក្រុងភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងអ្នកតំណាងរបស់ពួកគេចំនួន៧នាក់ ដែលបានចាប់កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខសាលារាជធានីភ្នំពេញ ។ សកម្មភាពតវ៉ាពួកគេបានស្រែកទាមទារបញ្ឈប់ការចោទប្រកាន់សុំឲ្យមានការដោះលែងអ្នកតំណាងរបស់ពួកគេជាដើម ។ គ្មានការឆ្លើយតបទេ តែខាងភាគីអាជ្ញាធរខ័ណ្ឌ៧មករា បានចេញមកបង្រ្កាបនិងចាប់ខ្លួនប្រជាសហគមន៍ចំនួន៤នាក់ក្នុងនោះមានព្រះសង្ឃមួយអង្គផងដែរ បញ្ជូនទៅស្នងការនគរបាលរាជធានីភ្នពេញ ។
ការចាប់ខ្លួនជាបន្តបន្ទាប់នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិ ព្រោះថា ការចាប់ខ្លួននេះធ្វើឡើងដោយភ្នាក់ងាររដ្ឋដើម្បីបំបាក់ស្មារតី គំរាមកំហែង អ្នកតវ៉ាទាមទារដោយសន្តវិធី ។ សូមរំលឹកដែរថា ប្រជាជនដែលមានទំនាស់ដីធ្លីនៅតាមបណ្តាលខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាបាននាំគ្នាមកដេកទាមទារតវ៉ាឲ្យមានដំណោះស្រាយរបស់ពួក ក្នុងរាជធានីភ្នំពេញកើតមានជាបន្តបន្ទាប់គ្មានលួសថ្ងៃ ។ ដូចនេះរដ្ឋាភិបាលកម្ពុជាដើម្បីបំបាក់ស្មារតីប្រជាជនទាំងនោះពួកគេបានចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធីដែលជាមុខសញ្ញាដូចជាសហគមន៍បឹងកក់ សហគមន៍ថ្មគោល និងបណ្តាញព្រះសង្ឃជាដើម ។
សមាគមអាដហុកយល់ឃើញថា សកម្មភាពនៃការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធី ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល គឺបានប្រាស់ចាកពីយុត្តិធម៌សង្គម រំលោភសិទិ្ធពលរដ្ឋ និងនយោបាយ ដែលធានាដោយច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។ សមាគមមានការជឿជាក់ថា ប្រជាជនដែលត្រូវបានចាប់ខ្លួនយកទៅផ្តន្ទាទោសដាក់ពន្ធនាគារទាំងអស់មិនបានប្រព្រឹត្តនៅកំហុសឆ្គងដូចបានចោទប្រកាន់ទាំងអស់នោះទេ ។ សកម្មភាពនៃការទាមទារតវ៉ាដោយសន្តិវិធីគឺធានាដោយច្បាប់ ចំណែកការមិនទទួលខុសត្រូវសម្រាប់អាជ្ញាធររដ្ឋដែលមិនបានអើពើរកដំណោះស្រាយជូនប្រជាជន គឺជាការទទួលខុសត្រូវជាចាំបាច់ ហេតុអ្វីបានជាមកចាប់ប្រជាជនដោយទាំងមិនបានប្រព្រឹត្តកំហុសឆ្គង? ។ សមាគម អាដហុក យល់ឃើញទៀតថា មាត្រាដែលបានលើកយកមកចោទប្រកាន់ប្រជាជនបែបនេះជាកម្មភាពគំរាមកំហែងស្មារតី សកម្មជន ការពារដីធ្លី និងមានចេតនាបង្រ្កាបការតវ៉ាដោយសន្តិវិធី របស់ប្រជាជន ដែលនាំឲ្យការគោរពសិទិ្ធមនុស្សដើរថយក្រោយ និងជាការបំផ្លាញដំណើរការលទិ្ធប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ។
ភ្នំពេញថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤
ទំនាក់ទំនងព័ត៌មាន៖
១- លោក ចាន់ សុវ៉េត អនុប្រធាន ផ្នែកសិទ្ធិដីធ្លី និង ធនធានធម្មជាតិ
ទូរស័ព្ទលេខ៖ ០១៦ ៦៦៧ ៣៧៣
២- លោក យី សុខសាន្ត មន្រ្តីអង្កេត ផ្នែកសិទ្ធិដីធ្លី និង ធនធានធម្មជាតិ
ទូរស័ព្ទលេខ៖ ០១៦ ៨៣៥ ៥៩៧