សេចក្ដី​ថ្លែង​ការណ៍: ការ​សំរេច​បន្ត​ឃុំ​ព្រះ​កាយ​ព្រះ​សង្ឃ ៣អង្គ ដោយ​សាលា​ឧទ្ធរណ៍ ជា​ការ​ចូល​រួម​រំលោភ​ព្រះពុទ្ធ​សាសនា និង​គំរាម​កំហែង​សកម្មជន​សិទ្ធិមនុស្ស

ភ្នំពេញ, ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥

សេចក្ដី​ថ្លែង​ការណ៍

ការ​សំរេច​បន្ត​ឃុំ​ព្រះ​កាយ​ព្រះ​សង្ឃ ៣អង្គ ដោយ​សាលា​ឧទ្ធរណ៍

ជា​ការ​ចូល​រួម​រំលោភ​ព្រះពុទ្ធ​សាសនា និង​គំរាម​កំហែង​សកម្មជន​សិទ្ធិមនុស្ស

          ​​​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ចាត់​ទុក​ការ​បដិសេធការ​សុំ​នៅ​ក្រៅ​ឃុំព្រះសង្ឃ ៣អង្គ តាម​សេចក្ដី​សំរេច​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺជា​ការ​រំលោភ​ទៅ​លើ​ព្រះ​ពុទ្ធ​សាសនា និង​ជាការ​គំរាម​កំហែង និង​បំបាក់​ស្មារតី​អ្នក​ការរពារ​សិទ្ធិ​មនុស្ស។ សមាគម​អាដហុក បាន​អង្កេត​ និង​តាម​ដាន យ៉ាង​ដិត​ដល់ ទៅ​លើក​​រណី តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ផ្តន្ទា​ទោស​ព្រះ​តេជ​គុណ សឺន ហាយ និង​ឃុំព្រះ​កាយ​ព្រះ​តេជ​គុណ ឃិត វណ្ណៈ និង​ព្រះតេជ​គុណ សាង កុសល ឬ ថាច់សាង ។ នៅព្រឹក​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ តុលាការ​សាលា​ឧទ្ធរណ៍ បាន​បើក​សវនាការ​លើការ​ស្នើ​សុំនៅ​ក្រៅឃុំ របស់​របស់​ព្រះសង្ឃ​ទាំង ៣អង្គ គឺជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​រំលោភ​បំពាន​ទៅលើ​ព្រពុទ្ធ​សាសនា និងគំរាម​កំហែង​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស។

គួររំលឹក​ផង​ដែរ នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៤ ព្រះតេជគុណ សឺន ​ហាយ ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស និង​សន្តិសុខ​ ខណ្ឌ៧​មករា ចាប់​ព្រះ​កាយ​នៅមុខ​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ខណៈពេល​ដែល​ព្រះអង្គ ចូលរួម​ទាម​ទារ​អោយ​មាន​ការ​ដោះលែង​សកម្មជន​ដីធ្លី​បឹងកក់ ដែល​ត្រូវ​អាជ្ញា​ធរ​សាលា​រាជ​ធានី​ភ្នំពេញ ចាប់​បញ្ជូន​ខ្លួន​ស្រ្តី​ទាំង​ ៧នាក់ មក​សាលា​ដំបូង ដើម្បី​បើក​សាវ​នាការ។ ព្រះ​អង្គ​ត្រូវ​បាន​តុលាការ​ចោទ​ពីបទ​ប្រឆាំង នឹង​មន្រ្តី​រាជការ​សាធារណៈ តាម​មាត្រា៥០៤ បទ​ប្រើប្រាស់​ឆា​យា​លក្ខណ៍​ក្លែង​ក្លាយ​​មាត្រា ៦៣០ និង​បទ​ស្លៀក​ដណ្ដប់​បែប​ពុទ្ធសាសនា​ដោយ​គ្មាន​សិទ្ធិ តាម​មាត្រា ៥០៨ នៃក្រម​ព្រហ្មទណ្ឌ។ ចំណែក​ព្រះ​តេជគុណ ឃិត វណ្ណៈ និង ព្រះ​តេជគុណ សាង កុសល ឬ ថាច់ សាង គង់​នៅ​វត្ត ស្ទឹងមាន​ជ័យ ក៏​ត្រូវ​បាន​សមត្ថកិច្ច និងសន្តិសុខ​ខណ្ឌ​មានជ័យ ចាប់​ព្រះ​កាយ នៅថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ និង​ត្រូវ​តុលាការ​សាលា​ដំបូង រាជធានីភ្នំពេញ សំរេចឃុំខ្លួន ដោយចោទ​ពីបទ​ចូលរួម​ជាមួយ​សមាគម​នៃជន​ទុច្ចរិត តាម​មាត្រា ៤៩៩ នៃក្រម​ព្រហ្មទណ្ឌ។

ការចាប់ និង​ឃុំ​ព្រះ​កាយ​ចំពោះ​ព្រះសង្ឃ​ទាំង ៣អង្គ ដោយ​សមត្ថកិច្ច និងការ​បន្ត​ឃុំ​ខ្លួន ដោយ​សាលា​ឧទ្ធរណ៍ គឺជាការ​រំលោភ​ដល់ ព្រះ​ពុទ្ធ​សាសនា ដោយ​ហេតុថា យោងតាម ធម៌វិន័យ តុលាការ​មិន​អាច​ដំណើរ​ការ នីតិ​វិធិ​សវនាការ​បាន​នោះទេ ក្នុង​រណី​ដែល​ព្រះសង្ឃ​មិន​ត្រូវ​បាន​ផ្សឹក​តាម​ដែល​បាន​ធ្វើ​ឡើង​តាម​ពុទ្ធវិន័យ​ត្រឹមត្រូវ។ ការ​ផ្សឹក​ព្រះសង្ឃ​អាច​នឹង​ធ្វើ​ទៅ​បាន​ដោយ​វិន័យធរ សមូហៈ និងព្រះអនុគុណ នៅ​ក្នុ​ង​ព្រះ​វិហារ​ដែល​បាន​​បញ្ចុះ​ព្រះសីមា​រួច ហើយ​ក្នុង​ករណី​ដែល ព្រះសង្ឃ​ប្រត្តិបត្តិ បារាជិក៤ និង សង្ឃាទិសេស១៣ ដែល​ក្នុង​នោះ​មាន​ដូចជា៖

  1. មេថុន​ធម្ម ភិក្ខុ​សេព​មេ​ថុន​ធម្ម​ត្រូវ​បារា​ជិក គឺជា​ការ​រំលោភ​សេព​សន្ធវៈ
  2. អនិន្នា​ទាន ភិក្ខុលួច​ទ្រព្យ​គេ ដោយ​យ៉ាង​តិច​បំផុត​តាំង​ពីតំលៃ ៥មាស​ឡើង​ទៅ​ត្រូវ​បារាជិក
  3. មនុស្ស​វិគ្គហ ភិក្ខុក្លែង​សំលាប់​មនុស្ស ត្រូវ​បារា​ជិក និង
  4. អុត្ដរិ​មនុស្ស​ធម្ម ភិក្ខុ​ពោល​អួត អុត្ដរិ​មនុស្សធម្ម គឺធម៏​របស់​មនុស្ស​ក្រៃ​លែង​ដែល​មិន​មាន​ក្នុង​ខ្លួនត្រូវ

សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក សូម​អំពាវ​នាវ អោយ​មាន​ការ​ដោះលែង ព្រះសង្ឃ​ទាំង ៣អង្គ ដើម្បី​ធានា​អោយ​មានការ គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​អោយ​បាន​ត្រឹមត្រូវ និង​ធានា​ដល់​សុវត្ថិភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផងដែរ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ០១១ ២៧ ៤៩ ៥៩