សេចក្ដីប្រកាសពត៌មាន ករណីប្រទូសកេរ្តិ៍ លើស្រ្តីបំរើតុ មិនមានដំណើរការ បន្តក្រោយ ពីមានអន្តរាគមន៍ ពីឯកឧត្ដម ហ៊ុន សាន បងប្រុសនាយករដ្ឋមន្រ្តី
ករណី រំលោភ លើសិទ្ធិបុគ្គល និង ប្រទូស្តកេរ្តិ៍ ដែលស្រ្តីរងគ្រោះឈ្មោះ ហ៊ី ធាវី អាយុ២៥ឆ្នាំ បានប្ដឹង លោក អ៊ុំ សុជាតិ ជាមន្ត្រី CMAC ប្រចាំខេត្តបន្ទាយមានជ័យ និង លោក ថុង វិសិដ្ឋ ហៅ វិត ជាថៅកែឡឥដ្ឋ ខេត្តបន្ទាយមានជ័យ ដែលបានប្រព្រិត្តិទៅលើនាង ចំនួនពីរលើកផ្ទួនៗ គឺនៅថ្ងៃទី៣ ម្ដង និង ម្ដងទៀតនៅថ្ងៃទី ៨ ខែ ១១ ឆ្នាំ២០១១ វេលាម៉ោង ៨ និង ៣០នាទី នៅភោជនីយដ្ឋាន “ ស្ទឹងសែន ” ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវស្ថិតក្នុង ភាពអសកម្ម នៃនីតិវិធី។ ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះបានដាក់ពាក្យបណ្ដឹង នៅថ្ងៃទី០៩ ខែ ១១ ឆ្នាំ២០១១ នៅប៉ូលិសប្រឆាំងការជួញដូរនៃស្នងការដ្ឋានខេត្ត។ នៅថ្ងៃទី ១៦ ខែ ១១ ឆ្នាំ២០១១ ប៉ូលិសបានហៅជនដែលពាក់ព័ន្ធ ទាំងអស់ធ្វើការសាកសួរក្រោយពីបានសាកសួរ ប៉ូលិសក៏បានបញ្ជូន សំណុំរឿងនេះទៅព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ។
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១១ ព្រះរាជអាជ្ញា ក៏បានហៅ លោក អ៊ុំ សុជាតិ អោយចូលបំភ្លឺ ករណីដែល ស្រ្តីរងគ្រោះ ហ៊ី ធាវី បានប្ដឹង។ យោងតាមការ ស៊ើបអង្កេត របស់សមាគអាដហុក បានបង្ហាញអោយឃើញថា មានលិខិតអន្តរាគមន៏ មួយច្បាប់ពី ឯកឧត្ដម ហ៊ុន សាន ជានាយករដ្ឋបាល គ្រប់គ្រងនៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១១ ជូនលោក ផាន់ សុវណ្ណរ័ត្ន ព្រះរាជអាជ្ញាអមតុលាការសាលដំបូងខេត្តបន្ទាយមានជ័យ សុំអោយលោកព្រះរាជអាជ្ញា ធ្វើអន្តរាគមន៏ និងសម្រួល ដល់ឈ្មោះ អ៊ុំ សុជាតិ និង ឈ្មោះ ថុង ពិសិដ្ឋ បញ្ចប់ករណីចោទប្រកាន់ របស់ស្រ្តីរត់តុ នៅភោជនីដ្ឋានស្ទឹងសែនខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីបានទទួលលិខិតអន្តរាគមន៏ ព្រះរាជអាជ្ញា អមតុលាការសាលដំបូងខេត្ត មិនបានបន្តដំណើរការនីតិវិធី នៃរឿងក្ដី ប្រទូស្តកេរ្តិ៍ រវាងលោក អ៊ុំ សុជាតិ និង ស្រ្តីរងគ្រោះ ដែលជាដើមចម អោយមាន បទប្ដឹងបរិហារបង្កាច់កេរ្តិ៍នោះទេ។ ហើយថែមទាំង យកចិត្តទុកដាក់ ដំណើរការរឿងក្ដី “បទប្ដឹងបរិហារបង្កាច់កេរ្តិ៍” តាមពាក្យបណ្ដឹងរបស់ លោក អ៊ុំ សុជាតិ ប្ដឹង លោក ស៊ុំ ច័ន្ទគា អ្នកសម្របសម្រួល សមាគអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ទៅវិញ បើទោះបីជា រឿងក្ដីនេះ ជាផលដែលកើតចេញពី អំពើនៃ បទប្រទូស្ដកេរ្តិ៍ ក៏ដោយចុះ។
សកម្មភាពនេះបានធ្វើអោយយើង មានការសង្ស័យថា ដោយឥទ្ធិពល នៃលិខិតអន្តរាគមន៏ ខាងលើនេះ បានធ្វើអោយ ព្រះរាជអាជ្ញា អមតុលាការខេត្តបន្ទាយមានជ័យ ក្លាចរអែងមិនហ៊ាន បន្តនីតិវិធី ដែលយើង អាចចាត់ទុកថា ជាការជ្រែយជ្រែកកិច្ចការ តុលាការ ដែលផ្ទុយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល កិ្នុងវិស័យយុត្តធម៌។
ភ្នំពេញ, ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២
ពត៌មានបន្ថែម សូមទំនាក់ទំនង
លោក នី ចរិយា ប្រធានផ្នែកស៊ើបងង្កេត ០១១ ២៧ ៤៩ ៥៩