សេចក្ដីថ្លែងការណ៍ សេរីភាពបញ្ចេញមតិត្រូវបានបង្ក្រាបដោយកម្លាំងខុសច្បាប់

សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោស ចំពោះការប្រើប្រាស់កម្លាំង ខុសច្បាប់ ម្ដងហើយ ម្ដងទៀត ដោយអាជ្ញាធរក្រុងភ្នំពេញ ដើម្បីបំផ្លាញញសេរីភាព បញ្ចេញមតិ របស់ប្រជាពលរដ្ឋ ដែលធានាដោយ រដ្ឋធម្មនុញ្ញ។

នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ ម៉ោងប្រហែលជា ៩ព្រឹក ក្រុមយុវជន ព្រះសង្ឃ និងតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ប្រមាណជា១០០ អង្គ/នាក់ បានធ្វើបាតុកម្មដោយអហិង្សា មួយនៅខាងមុខ ស្ថានទូត វៀតណាម នៅទីក្រុងភ្នំពេញ ដើម្បីទាមទាអោយ អ្នកនាំពាក្យ ស្ថានទូតនេះ ធ្វើការសុំទោស ជាសាធារណៈ អំពី អ្វីដែលអ្នកនាំពាក្យរូបនេះបាន និយាយជាសាធារណៈ នាពេលកន្លងមកថា ទឹកដីកម្ពុជាក្រោមជាទឹកដីប្រទេស វៀតណាមតាំងពីដើមមក មិនមែនបានមកពីការកាត់ទឹកដីអោយដោយបារាំង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ នោះទេ។

នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ នៅពេលដែល ក្រុមបាតុករអហិង្សា បានធ្វើការប្រមូលផ្ដុំ គ្នានៅជិតស្ថានទូតវៀតណាម ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ដឹកនាំដោយ អាជ្ញាធរ ខណ្ឌចំការមន ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ប្រើប្រាស់កម្លាំងសន្តិសុខ ខុសច្បាប់ ធ្វើការវាយបង្ក្រាប ទៅលើក្រុមបាតុករ អហិង្សា និងរារាំងមិនអោយ ក្រុមបាតុករ ដាក់ញាតិ អោយស្ថានទូតវៀតណាមបាន។

គួររំលឹកផងដែរ ចាប់តាំងពីដើម ឆ្នាំ២០១៤ អាជ្ញាធរក្រុងភ្នំពេញ ក៏ដូជា រដ្ឋាភិបាលកម្ពុជា បានវាយបង្ក្រាប មិនអោយមានការជួបប្រជុំ នៅតាមទីសាធារណៈ ចាប់ពី ១០នាក់ឡើងទៅ ជាពិសេសទៅទៀតនោះ រដ្ឋាភិបាលកម្ពុជា បានបិទទីលានប្រជាធិបតេយ្យ ដែលជានិមិត្តរូប នៃសេរីភាពបញ្ចេញមតិ មិនអោយប្រជាពលរដ្ឋ មានសិទ្ធិក្នុងប្រើប្រាស់ សំរាប់បញ្ចេញមតិ។

ជាមួយនិងការបិទ ទីលានប្រជាធិបតេយ្យ និងធ្វើការវាយបង្ក្រាប បាតុករអហិង្សា ជាបន្តបន្ទាប់ រដ្ឋាភិបាលកម្ពុជា តែងតែ ចេញមុខការពារ ដល់ជនប្រព្រឹត្ត ដែលបាន ប្រើអំពើហិង្សា បង្ករបួសស្នាម ដល់ក្រុម បាតុករអហិង្សា  ក៏ដូចជា ការប្រអំពើហិង្សាទៅលើអ្នកសារព័ត៌មាននាពេលកន្លងមកផងដែរ។ សកម្មភាពរបស់ អាជ្ញាធរក្រុងភ្នំពេញ ដែលមានការការពារដោយរដ្ឋាភិបាលកម្ពុជា ខាងលើនេះ ជាការបង្ហាញអោយឃើញ យ៉ាងច្បាស់ថា សេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជា កំពុងញ៉ាំញី ដោយរដ្ឋាភិបាល ដែលធ្វើអោយ ប៉ះពាល់ យ៉ាងខ្លាំងដល់ ដំណើការអនុវត្ត លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវយ៉ាងទទូច ដល់ រដ្ឋាភិបាលកម្ពុជា អោយចាត់វិធានការផ្លូវច្បាប់ ជាបន្ទាន់ដល់ សមត្ថកិច្ចណា ដែលបានប្រព្រឹត្ត ខុសច្បាប់ និងជាពិសេស កងកម្លាំង ខុសច្បាប់ដែល អាជ្ញាធរក្រុងភ្នំពេញកំពុងប្រើប្រាស់ ដើម្បីផ្ដន្ទាទោស តាមច្បាប់ អោយខានតែបាន និងត្រូវតែ បើកទីលានប្រជាធិបតេយ្យ អោយប្រជាពលរដ្ឋ អាចប្រើប្រាស់ សិទ្ធិសេរីភាព សម្ដែងមតិបានពេញលេញតាមរដ្ឋធម្មនុញ្ញ និង ច្បាប់អន្តរជាតិ។

 

ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១១ ២៧៤៩៥៩