សមាគមការពារសិទ្ធិមនុស្ស អាដហុក ស្នើសុំយ៉ាងទទូច ដល់តុលាការសាលាដំបូងរាជធានីភ្នំពេញ ទម្លាក់ចោលការចោទប្រកាន់ សកម្មជនទាំង១១នាក់ ដែលតុលាការនេះនឹងបើកសវនាការជំនុំជំរះ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នេះ។ សមាគម អាដហុក ក៏បានធ្វើការអង្កេត តាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើព្រឹត្តិការណ៍ហិង្សា ដែលបានកើតឡើង ដោយសារការវាយបង្ក្រាប ដោយក្រុមសន្តិសុខក្រៅច្បាប់ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ។ ដោយសារព្រឹត្តិការណ៍ហិង្សាដែលបានកើតឡើងនៅពេលនោះ តុលាការក្រុងភ្នំពេញ ក៏បានចោទប្រកាន់ និងឃុំខ្លួនភ្លាមៗ តំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ៥នាក់ មាន (អ្នកស្រី មួរ សុខហួរ. លោក រៀល ខេមរិន្ធ, លោក ហូ វ៉ាន់, លោក កែវ ភារម្យ និង លោក ម៉ែន សុថាវរិន្ទ្រ) ពីបទញុះញុង អោយប្រព្រឹត្ត បទឧក្រិដ្ឋ តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ការចោទប្រកាន់នេះ ជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាប់ និងជាការចោទប្រកាន់ ដោយរំលោភទៅលើច្បាប់ស្ដីអំពីការធ្វើបាតុកម្ម ដោយសន្តិវិធី។បន្ទាប់ពីមានការដោះស្រាយខាងនយោបាយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ តុលាការក្រុងភ្នំពេញ ក៏បានធ្វើការដោះលែងតំណាងរាស្រ្ត ៥រូប និង សកម្មជនគណបក្សនេះ ២រូបផ្សេងទៀត។ ក្រោយពីព្រឹត្តិការណ៍ដោះលែងនេះខណៈពេលមានសភាពតានតឹងនៃការពិភាក្សាទៅលើច្បាប់ស្ដីពី ការកែទម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោត សមាគមអាដហុកសង្កេតឃើញថា តុលាការក្រុងភ្នំពេញ បានធ្វើការចាប់ និង ឃុំខ្លួន សកម្មជនចំនួន១៨នាក់ ជាបន្តបន្ទាប់ ដែលក្នុងនោះមានសកម្មជនដីធ្លី និងសកម្មជនគណបក្សសង្គ្រោះជាតិ។