សុន្ទរកថា របស់ លោក Jean-Francois Cautain ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក្នុង សិក្ខាសាលា​ស្ដីពី សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

នៅក្នុងសិក្ខាសាលា នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១២ លោក Jean-Francois Cautain ក្នុងនាម ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅក្នុង សិក្ខាសាលា ថ្ងៃទី១ ថាសហភាពអឺរ៉ុប បានសហការយ៉ាងជិតស្និទ្ធ​ជាមួយនឹងអង្គការ​ដៃគូរបស់ យើង គឺ សមាគមន៍អាដហុក ដើម្បីរៀបចំអោយមានជាសិក្ខាសាលានេះឡើង។ ដោយសហការជាមួយនឹងរាជរដ្ឋាភិបាល កម្ពុជា និងសង្គមស៊ីវិលជាដៃគូ សហភាពអឺរ៉ុប បានជួយឧបត្ថម្ភ​គាំទ្រជាបន្តបន្ទាប់​ដល់សិក្ខាសាលា ស្រដៀងគ្នានេះ មួយចំនួនរួចមកហើយ ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំមកនេះ ដែលជាផ្នែកមួយនៃការរួមចំណែក​របស់យើងក្នុងការ ជួយដល់ការ ខិតខំប្រឹងប្រែងរបស់កម្ពុជា​ដើម្បីកសាងសង្គម​ប្រជាធិបតេយ្យមួយ ហើយយើង​នឹងបន្ត​ធ្វើកិច្ចការនេះជាមួយគ្នា តទៅ មុខទៀត! ភាពជាដៃគូ ការជួបសន្ទនា​ដោយន័យ​ស្ថាបនា និងការគោរពគ្នា​ទៅវិញទៅមក រវាងតួអង្គសំខាន់ៗ ដូចជា រាជរដ្ឋាភិបាល គណបក្ស​នយោបាយ និងអង្គការសង្គមស៊ីវិល មានសារៈសំខាន់បំផុត​ក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធី និងពង្រឹងដំណើរ​ការប្រជាធិបតេយ្យ​នៅកម្ពុជា។ ប្រវត្តិសាស្ត្រ​របស់​សហភាពអឺរ៉ុប​ផ្ទាល់ បានបង្ហាញថា លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺជាកត្តារួម​ផ្សំដ៏សំខាន់សម្រាប់ជំរុញអោយមានសន្តិភាព និងភាពរុងរឿង ប្រកបដោយ​និរន្តរភាព ។ សហភាពអឺរ៉ុប សូមវាយតម្លៃខ្ពស់បំផុត​ចំពោះរាជរាដ្ឋាភិបាល​កម្ពុជា ជាពិសេស ក្រសួងមហាផ្ទៃ ចំពោះសារតី នៃការសហការគ្នាជាដៃគូ លើបញ្ហា ដែលមានផលប្រយោជន៍​ទៅវិញទៅមកទាំងនេះ។ ខ្ញុំសូមថ្លែង អំណរគុណចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស ខេង ព្រមទាំងសហការី​របស់ឯកឧត្តម ដែលបានចូលរួមគាំទ្រយ៉ាងខ្លាំងក្លា ដល់សិក្ខាសាលា និងបានយល់ព្រមអញ្ជើញ​ចូលរួមបើកសិក្ខាសាលានេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ ដែលនឹងអញ្ជើញ​មកចូលរួមនៅ​ថ្ងៃស្អែកក្នុងពិធីបិទសិក្ខាសាលា ជាមួយនឹងខ្ញុំ។ ខ្ញុំសូមអំណរគុណ ចំពោះអ្នកធ្វើបទបង្ហាញ និងអ្នកចូលរួម​ទាំងអស់ មកពីរាជរដ្ឋាភិបាល គណបក្ស នយោបាយ និងសង្គមស៊ីវិល​ដែលមានវត្តមាន​នៅក្នុងសិក្ខាសាលានាថ្ងៃនេះ។