សិក្ខាសាលាស្តីពីការលើកស្ទួយសិទ្ធិដីធ្លី និងការអនុវត្តន៍ច្បាប់នៅខេត្តសៀមរាប

សមាគមអាដហុក បានរៀបចំសិក្ខាសាលា ស្តីពីការលើកស្ទួយសិទ្ធិដីធ្លី និងការអនុវត្តន៍ច្បាប់នៅខេត្តសៀមរាប

DSC_0104

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ សមាគមអាដហុក បានរៀបចំ សិក្ខាសាលាស្តីពីសិទ្ធិដីធ្លី និង ការអនុវត្តន៍ច្បាប់នៅកម្ពុជា ។ ជនរងគ្រោះនៃវិវាទដីធ្លី នៅខេត្តសៀមរាប បានទទួល នូវឳកាស ចូលរួម ដើម្បី លើកឡើងនូវ បញ្ហារងគ្រោះ និងសំណូមពរផ្ទាល់ទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដែលជាគណអធិបតី និងវាគ្មិន កិត្តិយស ដែលបានចូលរួមក្នុងសិក្ខាសាលា ។ វត្តមានរបស់គណអធិបតី និងវាគ្មិននៃអង្គសិក្ខាសាលា រួមមាន(១) លោក​ កូយ សៅ ចៅក្រម សាលាដំបូងខេត្តសៀមរាប (២) លោក ទស្ស សុមនាថ មន្រ្តី អាជ្ញាធរអប្សរា (៣) លោក ស្រី គោ មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប (៤) លោក មឹង វុធី អភិបាលស្រុកបន្ទាយស្រី និងកញ្ញា ពួក យ៉ារ៉ាន់ មេធាវីរបស់សមាគម អាដហុកប្រចាំតំបន់ ខេត្តសៀមរាប ។ យើងខ្ញុំ មានការសោកស្តាយចំពោះអវត្តមានរបស់លោកស្រី ឯម ផល្លាមុនី អភិបាលរងខេត្តតំណាងឯកឧត្តមអភិបាលខេត្តសៀមរាប ។

មុននឹងពិភាក្សាលម្អិតលើបញ្ហារបស់សហគមន៍ ឬតំណាងជនរងគ្រោះ លោក សួស ណារិន ជាអ្នកស៊ើប អង្កេតសមាគមអាដហុកប្រចាំខេត្តសៀមរាប​ បានលើកឡើងនូវសមាភាពសហគមន៍ដែលចូលរួមក្នុងសិក្ខាសាលា តាមផែនការអញ្ជើញរបស់សមាគមអាដហុកប្រចាំខេត្តសៀមរាប គឺសហគមន៍ ជាតំណាងប្រជារងគ្រោះពាក់ព័ន្ធ នឹងវិវាទដីធ្លីកើតឡើងយូរឆ្នាំ ប៉ុន្តែពុំទាន់បានដោះស្រាយចប់នៅឡើយ ដើម្បីយកមកពិភាក្សា និងកំណត់អនុ សាសន៍រួមមួយ ដើម្បីជួយពួកគាត់ ។ និងលោកបានសង្ខេបជូនគណអធិបតី វាគ្មិន និងអង្គសិក្ខាសាលា ដោយបង្ហាញរំលឹកលើសវនាការនៃជម្លោះពាក់ព័ន្ធ នឹងវិវាទជាមុន ។

ជាកិច្ចបន្ទាប់ចំណាប់អារម្មណ៍របស់តំណាងសហគមន៍ ឬតំណាងជនរងគ្រោះដីធ្លីនៅក្នុងខេត្ត មកពីតំបន់ ផ្សេងៗគ្នា បាន ទទួលឳកាសលើកឡើងដោយសង្ខេបនូវសាច់រឿងដីធ្លីរបស់ពួកគាត់ និងលើកសំណូមពរ សុំដោះស្រាយផ្ទាល់ពីវាគ្មិនជំនាញ ។ តំណាងនៃជនរងគ្រោះទាំងនោះរួមមាន ÷DSC_0091

១) តំណាងសហគមន៍ចុងកៅស៊ូ ឃុំស្លក្រាម ក្រុងសៀមរាប អតីតមាតុភូមិនិវត្តន៍ ដែលជួយអង្គការ សហប្រជាជាតិឆ្នាំ១៩៩២​  និង១៩៩៣ និងធ្វើប័ណ្ណកម្ម សិទ្ធិសម្រាប់ធានាសុវត្ថិភាព ប៉ុន្តែក្នុងឆ្នាំ ២០០៤ អាជ្ញាធរអប្សារា បានចាត់ទុកតំបន់នេះ ឋិតក្នុងគំរោងបូរីសណ្ឋាគារទេសចរណ៍អង្គរ ។ បានលើកឡើងដោយមាន ងឿងឆ្ងល់ចំពោះដីធ្លីរបស់ពួកគាត់ ដែលបានទទួល និងមាន ទាំងប័ណ្ណសំគាល់សិទ្ធិកាន់កាប់(ជាប្លង់) ប៉ុន្តែគ្មាន សុវត្ថិភាព ។ ក្នុងសិក្ខាសាលា ពួកគាត់បាន សំណូម ពរឲ្យអាជ្ញាធរអប្បារា បង្ខិតព្រំ ឬឆ្វៀលដីគំរោងធ្វើបូរី សណ្ឋាគារនេះ ឲ្យផុតពីភូមិ របស់ពួកគាត់ ។

២) តំណាងសហគមន៍ភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ជាដីមួយដែលបានកាន់កាប់ តាំងពី១៩៩៧ រហូតដល់ឆ្នាំ២០០១ ។ បានលើកឡើងពីវិវាទដីធ្លីរបស់ពួកគាត់ ត្រូវបានអាជ្ញាធរភូមិ និងឃុំឃុបឃិតគ្នាយកដីធ្លី ពួកគាត់លក់ឲ្យទៅឯកឧត្តមម្នាក់(សូមមិនបញ្ចេញឈ្មោះ) ជាទីប្រឹក្សារាជរដ្ឋាភិបាល នាំឲ្យពួកគាត់ជាជនស្លូត ត្រង់ត្រូវចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ តាមបណ្តឹងរបស់អ្នកមានអំណាចម្នាក់នេះ ។ ពួកគាត់ បានសំណូមពរ ឲ្យតុលាការខេត្តសៀមរាប ឈប់បន្តចាប់ខ្លួនពួកគាត់ដាក់គុក និងបង្អង់រឿងព្រហ្មទណ្ឌនេះសិន និង ទទូចសុំឲ្យ តុលាការ ជួយដោះស្រាយរឿងដីធ្លីជាមុន ។

៣) លោកស្រីតំណាងសហគមន៍នៅវត្តដំណាក់ បានលើកឡើងនូវចម្ងល់របស់ពួកគាត់រួមមាន ៣៣ គ្រួសារ បានស្នើសុំទៅមន្ទីររៀបចំដែនដីខេត្ត ជួយធ្វើប័ណ្ណកម្មសិទ្ធិជាលក្ខណប្រព័ន្ធ ដែលពួកគាត់បានស្នើសុំតាំងពី ឆ្នាំ២០០៨ រហូតមកដល់ពេលបច្ចុប្បន្ន ប៉ុន្តែពុំមានការឆ្លើយតប ។ ក្នុងពេលនេះ ពួកគាត់ស្នើសុំសារជាថ្មីឲ្យមន្ទីរ រៀបចំដែនដី ជួយដោះស្រាយសំណើរបស់ពួកគាត់ឲ្យបានឆាប់ផង ។

បន្ទាប់ពីសហគមន៍ទាំងបីខាងលើ បានបញ្ចប់នូវការសង្ខេប និងសំណូមពរតំណាងអាជ្ញាអប្សរា បានឆ្លើយ តបចំពោះសំណូមពរសហគមន៍(១)ពាក់ព័ន្ធ នឹងដីបូរីសណ្ឋាគារទេសចរណ៍អង្គរ គាត់នឹងយកបញ្ហានេះដាក់ជូន ទៅថ្នាក់លើរបស់គាត់ដោះស្រាយ និងបានស្នើសុំឲ្យសហគមន៍រងគ្រោះ រង់ចាំកុំជ្រួល ច្របល់ពីព្រោះដីទាំងនេះមាន ប័ណ្ណកម្មសិទ្ធិ និងទទួលស្គាល់ដោយអាជ្ញាធរអប្សារា ។

សម្រាប់លោកចៅក្រម កួយ សៅ បានឆ្លើយតបនឹងសំនួររបស់ សហគមន៍(២) ដោយបកស្រាយតាមទិដ្ឋ ភាពច្បាប់ និងបញ្ហាសិទ្ធិប្រត្សក្សរបស់បងប្អូន ។ ពាក់ព័ន្ធនឹងការចោទប្រកាន់ និងចាប់ខ្លួនរឿងព្រហ្មទណ្ឌពាក់ព័ន្ធ ទំនាស់ដីធ្លី សព្វថ្ងៃនេះគ្មានទេការចាប់ខ្លួនប្រជាពលរដ្ឋពាក់ព័ន្ធនឹងរឿងដីធ្លី ។ រីឯមន្រ្តី តំណាងមន្ទីររៀបចំដែនដី ខេត្ត បានឆ្លើយតបចំពោះសហគមន៍(៣) នឹងលើកយកបញ្ហានេះដាក់ជូនឯកឧត្តមអភិបាលខេត្ត ធ្វើការដោះ ស្រាយបន្ត ។​​

បន្ទាប់ពីបានឆ្លើយតបពីវាគ្មិនក្នុងដំណាក់កាលទី១ ខាងលើ ៤)តំណាងសហគមន៍គោកចក បានលើក ឡើងជាសំនួរពាក់ព័ន្ធអាជ្ញាធរអប្សារាចំពោះពេល វេលាឆ្លើយតបនឹងការស្នើសុំច្បាប់សាងសង់​ ដោយសួរថា ហេតុអ្វី បានជាលិខិតសុំសាងសង់ផ្ទះក្នុងតំបន់២ផ្តល់ចម្លើយខុសគ្នាពីមន្រ្តីអាជ្ញាធរអប្សារា ហេតុនេះសូមបញ្ជាក់ឲ្យពួកគាត់ បានយល់ច្បាស់ថា ពេលវេលាប៉ុន្មានថ្ងៃដែលអាជ្ញាធរអប្សារាឆ្លើយតប?

ការឆ្លើយតបពីអាជ្ញាធរអប្សារា ចំពោះពេលវេលាឆ្លើយតបរបស់អាជ្ញាធរអប្សារា និង ពិនិត្យផ្ទៀងផ្ទាត់នឹង ឈ្មោះក្នុងបញ្ជីជំរឿនរបស់អាជ្ញាធរអប្សារា ឆ្នាំ២០០៤ ដែលមានរូបថត សម្រាប់បញ្ជាក់ថាអ្នកស្នើសុំពិតជាប្រជាជន ចាស់ធ្លាប់រស់នៅយូរឆ្នាំ ឬយ៉ាងណា ។ អាជ្ញាធរអប្សារាឆ្លើយតបថា ពេលវេលា ឆ្លើយតបត្រឹម ៣០ថ្ងៃ រីឯសម្រាប់ដី ដែលអត់មានសំណង់ ទោះបីជាអ្នកភូមិរស់នៅយូរឆ្នាំហើយក្តី គឺមិនអុញ្ញាតទេ។ ជាគោលការណ៍អាជ្ញាធរអប្សារ នឹងធ្វើការជំរឿងសារជាថ្មីម្តងទៀត ពីព្រោះការជំរឿនពីឆ្នាំ ២០០៤ ពុំមានការចូលរួមពីប្រជាជន ដោយសារ គាត់ទៅរកស៊ីនៅព្រៃ និងមិនបាននៅក្នុង ភូមិក្នុងអំឡុងពេលធ្វើការជំរឿនទេ?

៥) លោកស្រីតំណាងសហគមន៍នារីស្ម័គ្រចិត្តឃុំលាងដៃ ស្រុកអង្គរធំ ក៏បានលើកសំនួរទៅកាន់អាជ្ញាធរ អប្សារា អំពីការផ្តល់សំណងដែលប៉ះពាល់ស្រែ ប្រជាជនដោយគំរោងអភិវឌ្ឍន៍ជីកប្រលាយទឹក របស់អាជ្ញាធរអប្សារា និងស្នើសុំផ្តល់សំណងនេះឲ្យបានឆាប់ផង ។

៦) លោកស្រីសមាជិកសហគមន៍ស្គន់ មិនអស់ចិត្តនឹងចម្លើយរបស់លោកចៅក្រម ដែលឆ្លើយតបថា ពុំមានការចាប់ខ្លួនរឿងដីធ្លី និងបានបង្ហាញឈ្មោះ សមាជិកសហគមន៍ចំនួន ២នាក់ ដែលជាប់ពន្ធនាគារ ហេតុអ្វី លោកចៅក្រមថា អត់មានការចាប់ខ្លួនជនរងគ្រោះដោយសាររឿងដីធ្លី?

បន្ទាប់ពីបានទទួលសំនួរក្នុងវគ្គទី២ លោកចៅក្រមតុលាការខេត្តសៀមរាប បានបញ្ជាក់ចំពោះគោលការណ៍ ច្បាប់ពាក់ព័ន្ធនឹងការចាប់ខ្លួន លុះត្រាតែប្រើ អំពើហឹង្សា និងបានបញ្ជាក់សារជាថ្មីថា កាលពីមុនមានការចាប់ខ្លួន ក្នុង ពេលបច្ចុប្បន្នគឺគ្មានទេ ។ និងបានផ្តល់អនុសាសន៍ជូនសហគមន៍រងគ្រោះថា ប៉ុន្តែបើមានការរំលោភ គឺត្រូវប្តឹងតវ៉ា មិនគប្បីប្រើហឹង្សានាំឲ្យមានបទល្មើសទេ ។ បច្ចុប្បន្ន ពលរដ្ឋមានសិទ្ធិប្តឹងតវ៉ារកយុត្តិធម៌ ទៅស្ថាប័នជាច្រើនដូចជា អង្គការសិទ្ធិមនុស្ស គណកម្មការសុរិយោដី រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីជួយដោះ ស្រាយ។

ក្នុងឳកាសបន្តពីលោកចៅក្រម លោកអភិបាលស្រុកបន្ទាយស្រី ម៊ឹង វុទ្ធី បានផ្សព្វផ្សាយនូវសេចក្តីណែនាំ របស់ក្រុមប្រឹក្សាកំណែទម្រង់ដីធ្លីលេខ ០១៨សណន ស្តីពីការធ្វើអត្តសញ្ញាណកម្មដីធ្លី និងការអនុវត្តន៍បទបញ្ជា លេខ ០១បប របស់រាជរដ្ឋាភិបាល ដែលលោកបានកត់សម្គាល់ថា មានការភ័ន្រ្ត ច្រលំរបស់ពលរដ្ឋ ។ និងបាន បញ្ជាក់ពីសិទ្ធិអំណាចរបស់លោកជាអភិបាលស្រុក គឺមានសិទ្ធិត្រឹមតែធ្វើសំណើទៅថ្នាក់លើ គ្មានសិទ្ធិសំរេចទេ ព្រម ទាំង បានដាក់សំនួរត្រឡប់ទៅសហគមន៍វិញថា តើការបង្កើតសហគមន៍នេះមានច្បាប់ពីអាជ្ញាធរដែរឬទេ?

បន្ទាប់ពីមានសង្គ្រោបសិទ្ធិរបស់សហគមន៍ លោកប្រធានផ្នែកដីធ្លីរបស់សមាគមអាដហុក ឡាត់ គី បាន ឆ្លើយតបចំពោះសិទ្ធិបង្កើតសហគមន៍ ដែលមាន ចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ហេតុនេះរាល់ឆន្ទះ ប្រមូលផ្តុំរបស់សហគមន៍ ពុំមានអ្វីប្រាសចាកពីច្បាប់ ដូចនេះពុំចាំបាច់សុំច្បាប់ បង្កើតពីអាជ្ញាធរទេ ។ លោកមានការ សោកស្តាយចំពោះចម្ងល់លោកអភិបាលស្រុក ដែលពុំបានផ្តល់ភាពកក់ក្តៅជូនសហគមន៍រងគ្រោះ ។

បន្ទាប់ពីការឆ្លើយឆ្លង ៧) លោកស្រីតំណាងសហគមន៍តាពេន បានសួរទៅកាន់វាគ្មិននៃអង្គសិក្ខាសាលា ដែល ទំនាស់បានកើតតាំងពីឆ្នាំ២០០៣ ដែលរដ្ឋបាលព្រៃឈើបានដកហូតយកជាទីកន្លែងដាំកូនឈើក្នុងពិធីដាំ កូនឈើ ហើយក្រោយមកក៏មានទាហ៊ានឈរជើងការពារនៅទីនោះ ។ តំណាងសហគមន៍ ១៤រូប ក្នុងចំណោម ៩០គ្រួសារ បានចាប់ដាក់គុកក្នុងឆ្នាំ២០១១ ដោយសារតែតវ៉ារឿងដីធ្លី ។ បន្ទាប់ពីការតវ៉ាមានរឿងចាប់ខ្លួន សហគមន៍ក៏បាននាំគ្នាទៅសុំការជួយអន្តរាគមន៍ពីលោកអភិបាលស្រុក និងសុំឲ្យអភិបាលស្រុកជួយដោះស្រាយធ្វើ យ៉ាងណាឲ្យក្រុមនិស្សិតចុះវាស់វែងដីធ្លីពួកគាត់ផង ។

៨) លោកស្រីតំណាងសហគមន៍ស្រុកស្វាយលើ ទំនាស់ដីស្រែទំហ៊ំ ១២ហិកតា កើតឡើងកើតឡើងតាំង ពីឆ្នាំ២០១១ ប៉ុន្តែដំណោះស្រាយ គឺតុលាការបាន ចេញដីការក្សាការពារទៅឲ្យភាគីជម្លោះម្ខាងទៀត វាធ្វើឲ្យពួក គាត់រងគ្រោះ ពុំអាចនៅស្ងៀមបានឡើយ ។ លោកស្រីស្នើសុំឲ្យអភិបាលស្រុក អភិបាលខេត្ត និងវាគ្មិនជួយធ្វើយ៉ាង ណាជួយចុះពិនិត្យជាក់ស្តែងលើដីជម្លោះនេះ ។

៩) លោកតំណាងសហគមន៍ត្រពាំងទឹម បានលើកឡើងពីការខិតខំប្រឹងប្រែងការពារព្រៃលិចទឹកជាជម្រក ត្រីពង ប្រឆាំងនឹងលោកមេភូមិ និងគូកន ១៤រូបផ្សេងទៀត បានកានរាន្តយកដី និងបានលើកសុំការអន្តរាគមន៍ពី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប៉ុន្តែពុំមានចំណាត់ការវិជ្ជមានណាមួយទេ ។ លោក បានស្នើសុំឲ្យលោកចៅក្រម ជួយ ជម្រុញសំណុំរឿងនេះផង ។

បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុលផុសពេញមួយព្រឹក កម្មវិធីបញ្ចប់បានឈានមកដល់ និងសរុបដោយលោកឡាត់គី ប្រធានផ្នែកដីធ្លីរបស់សមាគមអាដហុក និងបានកំណត់អនុសាសន៍ជារួមដាក់ជូនសហគមន៍ និង វាគ្មិន ទទួលយកនូវកិច្ចពិភាក្សានេះ ឲ្យក្លាយជាវប្បធម៌នៃការផ្លាស់ប្តូរយោបល់ និងជួយដោះ ស្រាយសំណូមរបស់សហគមន៍ ។

សមាគមអាដហុក នឹងបន្តជួយផ្តល់ឳកាសឲ្យជួបជុំសារជាថ្មីម្តងទៀត សម្រាប់ពិភាក្សាពីលទ្ធផលនៃការ អនុវត្តន៍តាមអនុសាសន៍ និងដោះស្រាយនូវ សំណូមពររបស់សហគមន៍ដែល បានលើកឡើងតាមរយតំណាង ពួកគាត់ក្នុងសិក្ខាសាលា ថ្ងៃនេះ ៕