សវនាការកាត់ក្ដី លោក ម៉ម សូណង់ដូ និង ជនរងគ្រោះករណីដីធ្លី​១៣នាក់ ខេត្តក្រចេះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ តុលាការសាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការ កាត់ ទោស លោក ម៉ម សូណង់ដូ ជាប្រធាន សមាគម អ្នកប្រជាធិបតេយ្យ និង ជាម្ចាស់ ស្ថានីវិទ្យុ​សំបុកឃ្មុំ ដែលជាទូទៅ មតិសាធារណៈ តែងតែចាត់ ទុកថា ជាវិទ្យុមួយ ដែលធ្វើការ ផ្សព្វផ្សាយ មានភាពឯករាជ្យ ជាងវិទ្យុផ្សេងៗទៀត។         នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ក្រុមប្រឹក្សាជំនុំជំរះ បានចាប់ផ្ដើម បើកសវនាការ ចាប់ពីម៉ោង ៨ព្រឹក ដើម្បីជំរះលើសំណុំរឿង របស់លោក ម៉ម សូណង់ដូ និង ប្រជាពលរដ្ឋ រងគ្រោះ ក្នុងរឿងទំនាស់ដីធ្លី ១៣នាក់ ផ្សេងទៀត។ បើទោះបីជា សវនាការ នោះជា សវកាសាធារណៈ ក៏ដោយ ក៏យើងសង្កេត ឃើញ ថា នៅព្រឹកថ្ងៃទី១១ នោះ មានការហាមឃាត់ មិនអោយ តំណាងអង្គការ សង្គម ស៊ីវិលជាតិ ចូលរួម សង្កេតការណ៍ នៅក្នុងបន្ទប់សវនាកាទេ ដោយឡែក មានការបើកឱកាស អោយមន្រ្តីស្ថានទូតបរទេស និង អាជ្ញាធរចូលរួមទៅវិញ បើទោះបីជា តំណាងអង្គការ សង្គមស៊ីវិល ទាំងនោះបានរង់ចាំចូលរួមមុន ការមកដល់នៃមន្រ្តីស្ថានទូតក៏ដោយចុះ។ ក្នុងចំណោម ជនជាប់ចោទទាំងអស់ មានជនចាប់ចោទតែ ៤នាក់ដែលត្រូវបានតុលាការ ឃុំខ្លួននៅក្នុងពន្ធនាគារ ក្នុងនោះមាន លោក ម៉ម សូណង់ដូ, លោក ទូច រៀម​, លោក ភន ស្រឿន និង លោក កាន់​សុវណ្ណ ទេដែលត្រូវតុលាការ សំរេចធ្វើការឃុំខ្លួន ជាបណ្ដោះអាសន្ន មានជនជាប់ចោទម្នាក់រត់គេចខ្លួន ចំណែកឯជនចាប់ចោទ ៨នាក់ ផ្សេងទៀត តុលាការមិនបានធ្វើការឃុំខ្លួន នោះទេ។

ក្នុងសវនាការនេះ លោក ម៉ម សូណង់​ដូ ត្រូវបានទទួល ការការពារដោយ លោកមេធាវី​ សុខ សំអឿន ជានាយកអង្គការការពារ  អ្នកច្បាប់ នៅកម្ពុជា (CDP) ចំណែក ប្រជាពលរដ្ឋ ៨នាក់ ផ្សេងទៀតត្រូវបាន ទទួលការការពារ ដោយ លោក មេធាវី ឡុង លន់ ជាមេធាវីរបស់សមាគម អាដហុក ប្រចាំ ក្រុងភ្នំពេញ និង លោកមេធាវី ហុក ផល្លា ជាមេធាវីរបស់​ សមាគមអាដហុក ប្រចាំខេត្តក្រចេះ។

នៅក្នុងដំណើរការ នៃសវនាការ ក៏ដូចជាដំណើរការនៃការសាកសួរ ជនសង្ស័យ ក្នុងករណីនេះយើងសង្កេតឃើញមាន ភាពមិនប្រក្រតីមួយចំនួន ដែលផ្ទុយនឹង ក្រមនីតិវិធីព្រហ្មទណ្ឌ ដូចជា៖

លោកមេធាវី ឡុង លន់ និង លោក ហុក ផល្លា បានទទួល សំណុំរឿងការពារកូនក្ដី នៅពេលល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ (១ ថ្ងៃមុនថ្ងៃបើកសវនាការ គិតថ្ងៃធ្វើការ) បើទោះបីជា លោកមេធាវីទាំង ២រូប ខាងលើបានដាក់ពាក្យស្នើសុំ ថតចម្លង សំណុំរឿងបន្ទាប់ពី លោកបានដាក់ពាក្យ ការពារនៅ តុលាការក៏ដោយចុះ។ យោងតាម មាត្រា១៤៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ មេធាវីមានសិទ្ធិ ពិនិត្យមើល សំណុំរឿងនីតិវិធីបាន យ៉ាងតិច ៥ថ្ងៃមុនពេល កំណត់នៃការសាកសួរ កូនក្ដីរបស់គេ មានន័យថា ចៅក្រមដែល កាន់ករណីខាងលើ បានអនុវត្ត ផ្ទុយនឹងមាត្រា ១៤៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ តាំងពីដំណាក់កាល​​​នៃការសាកសួរ ជនសង្ស័យមកម៉្លេះ។ ជាមួយគ្នានេះផងដែរ លោកមេធាវី ឡុង លន់ មេធាវី ហុក ផល្លា ​ត្រូវបានប៉ូលីស ហាមឃាត់​មិន លោក ជួបប្រាស្រ័យទាក់ទងជាមួយ កូនក្ដីរបស់លោក ៥រូប ដែលក្នុងនោះមាន លោក ហង្ស ផល, លោក ហេង ធឿន, លោក ម៉ៅ សុវណ្ណ, លោក ពុំ វណ្ណៈ និង លោក សារឿន​រុំ បើទោះបីជា លោកមេធាវីទាំង ២រូបបាន បង្ហាញ លិខិត ទទួលស្គាល់ ការពឹងពាក់មេធាវី ពីតុលាការក៏ដោយ។ សកម្មភាពនេះជា ការអនុវត្តផ្ទុយនឹង​មាត្រា ១៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលអនុញាតិមេធាវីអាចជួបប្រាស្រ័យទាក់ទងជាមួយ ជនត្រូវចោទ ដោយសេរី។ នៅក្នុងសវនាការ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ នោះក៏មាន ជនជាប់ ចោទជាច្រើនបាន ឆ្លើយបដិសេដ នូវរបាយការណ៍សាកសួរ ដែលកសាងឡើង​ដោយមន្រ្តីនគរបាល មូលដ្ឋាន និង ចៅក្រម ស៊ើបអង្កេត ដោយអះអាងថា នៅពេលដែល ពួកគេផ្ដិតមេដៃ នៅលើកំណត់ហេតុ សាកសួរ មន្ត្រីប៉ូលិស មូលដ្ឋាននោះ ពុំបានអានកំណត់ហេតុនោះអោយបានពិស្ដារ ដូចអ្វីដែល ប្រធានក្រុមប្រឹក្សា ជំនុំជំរះ អាននៅក្នុងសវនាការនោះទេ។ ម៉្យាងវិញទៀត នៅពេលដែលពួកគេត្រូវបាន ប៉ូលីសឃាត់ ខ្លួនក៏ពុំបានប្រាប់ពីសិទ្ធិទទួលបានមេធាវីដែរ។

យោងតាមមាត្រា៩៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានផ្ដល់សិទ្ធដល់ជនសង្ស័យ ក្នុងការជ្រើរើសមេធាវី តាមគ្រប់មធ្យោបាយ ប៉ុន្តែ នីតិវិធីនេះ មិនត្រូវបានអនុវត្តនៅក្នុង ដំណាក់កាលនៃការឃាត់ខ្លួនទេ។ ដូចនេះ ដោយមានការខកខាន មិនបានអនុវត្តនូវនីតិវិធីក្នុងមាត្រា ៩៨នេះ បានពេញលេញនោះ ជាហេតុ នាំអោយ នីតិវិធីនៃរឿងក្ដីនេះ អាចនឹងមោឃភាពបាន តាមមាត្រា ១០៩នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ស្របពេលដែល តុលាការសាលាដំបូងរាជធានីភ្នំពេញ កំពុងដំណើរការសវនាការ ក៏មានប្រជាពលរដ្ឋ មកពីសហគមន៍ តាមបណ្ដាខេត្តនានា បានមកធ្វើការសុំអោយតុលាការ ដោះលែង លោក ម៉ម សូណង់ដូ ប៉ុន្តែត្រូវបាន សមត្ថកិច្ច រារាំង ដែលមានចំងាយប្រមាណ ៥០០ម៉ែត្រ។

 

Picture/Copyright: The Phnom Penh Post