ភ្នំពេញ, ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥
សេចក្ដីថ្លែងការណ៍
ករណីគំរាមកំហែងអ្នកសារព័ត៌មាន២រូប នៅខេត្តបន្ទាយមានជ័យ
សមាគមការពារសិទ្ធិមនុស្សអាដហុក ផ្កោលទោសចំពោះការគំរាមកំហែងពីសំណាក់ទាហ៊ានព្រំដែន ទៅលើអ្នកសារព័ត៌មាន (អ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ ៥ និងអ្នកយកព័ត៌មាន កាសែតកោះសន្តិភាពប្រចាំខេត្តបន្ទាយមានជ័យ) កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានធ្វើការស៊ើបអង្កេតលើករណីគំរាមកំហែងលើអ្នកសារព័ត៌មានពីររូប គឺលោក កែវ វុទ្ធី ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ ៥ និងលោក មុត សារុន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកយកព័ត៌មានកាសែតកោះសន្តិភាពប្រចាំខេត្តបន្ទាយមានជ័យ ដែលត្រូវបានលោក អ៊ុក ដារ៉ាន់ ជាយោធាកាន់តួនាទីជាមេ (គ) ប្រចាំទិសស្រុកម៉ាឡៃ បានឃាត់ខ្លួនអ្នកយកព័ត៌មាន ២រូបខាងលើ និងប្រើពាក្យសម្តីគំរាមកំហែងលើសកម្មភាពចុះយកព័ត៌មានមន្ត្រីយោធានៅតំបន់នោះ បានប្រព្រឹត្តល្មើសច្បាប់នាពេលកន្លងមក និងបានសំឡុតអោយលុបរូបថតចេញពីម៉ាស៊ីនថត កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ ក្នុងខណៈពេលដែលអ្នកសារព័ត៌មានទាំងពីររូបនេះ ចុះទៅបំពេញបេសកម្មយកព័ត៌មានករណីប្រជាពលរដ្ឋខែ្មរ ៣នាក់ ត្រូវបានទាហានថៃដេញបាញ់ និងចាប់ខ្លួនបន្ទាប់ពីឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ នៅចំណុចច្រករបៀងព្រំដែនខ្មែរ-ថៃដែលស្ថិតនៅភូមិបន្ទាយទីមួយ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កើតហេតុកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។
សមាគមការពារសិទ្ធិមនុស្សអាដហុក យល់ឃើញថា ការប្រព្រឹត្តអំពើគំរាមកំហែង និង លុបរូបភាពចេញពីម៉ាស៊ីនថតរូបរបស់អ្នកសារព័ត៌មានទាំងពីររូបខាងលើពីសំណាក់ មន្ត្រីយោធារូបនេះ សមាគមអាដហុក សូមថ្កោលទោស និងសូមអំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានការណ៍ជាបន្ទាន់ ចំពោះមន្ត្រីយោធាខាងលើនេះ ដែលបានប្រព្រឹត្តផ្ទុយពីច្បាប់ ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌កងកម្លាំងប្រដាប់អាវុធ និងច្បាប់ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរកយុត្តិធម៌ និងដើម្បីការពារសិទ្ធិសេរីភាព ជូនអ្នកសារព័ត៌មាន ក្នុងពេលបំពេញភារកិច្ចការងារឲ្យមានប្រសិទ្ធិភាព និងសុវត្ថិភាព រួចផុតពីអំពើគំរាមកំហែងដូចខាងលើនេះ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១១ ២៧៤៩៥៩