ក្រោមជំនួយឧបត្ថម្ភពីស្ថានទូតអូស្រ្តាលី សមាគមអាដហុកបានរៀបចំបើកវេទិកាសាធារណៈ ស្តីពីសុវត្ថិភាពទេសសន្តរប្រវេសន៍ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ នៅភូមិ ទៀមស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមគណៈអធិបតីលោក ខ្លួត ណុយ ប្រធានការិយាល័យប្រឆាំងការជួញដូរប្រចាំខេត្ត កំពង់ធំ លោកមេឃុំ តែម ធនមេឃុំកកោះ និង លោកស្រី មាស សាអ៊ីម អនុប្រធានផ្នែកស្រ្តី និងកុមារនៃសមាគមអាដហុក ក្នុងនោះមានអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋដែលមានបញ្ហាចំណាកស្រុក ប្រមាណ៥៨នាក់ ក្នុងនោះស្រ្តី៣១ នាក់ចូលរួម ។
លោកស្រី មាស សាអ៊ីមមានមតិស្វាគមន៍ និងលើកឡើងពីវត្ថុបំណងនៃការបើក វេទិកានៅថ្ងៃនេះថា ៖ គោលបំណងនៃវេទិការថ្ងៃនេះ គឺ ចង់អោយអ្នកចូលរួមទាំងអស់ចែករំលែកជាមតិ យោបល់ សំនួរ បទពិសោធ ទៅកាន់លោក ប្រធានការិយាល័យជួញដូរខេត្ត ក៏ដូចជាលោកមេឃុំដើម្បីឆ្លើយតប និង ធ្វើការដោះស្រាយបន្តទៅក្រសួង។ សមាគមអាដហុកបានធ្វើការពាក់ព័ន្ធនឹងវិស័យសិទិ្ធមនុស្ស ពិសេស បានទទួលពាក្យបណ្តឹង និងអន្តរាគមន៍ករណីចំណាកស្រុកពីសំណាក់ជនរងគ្រោះ ឬគ្រួសារផ្ទាល់ ទៅកាន់ប្រទេសចិន ម៉ាឡេស៊ី ថៃ កូរ៉េ ឥណ្ឌូណេស៊ី និងប្រទេសមួយចំនួនទៀត ជាច្រើនករណីក្នុងមួយឆ្នាំៗ ។
ទន្ទឹមនឹងនេះដែរ ក៏មានបងប្អូនមួយចំនួនចំណាកស្រុកប្រកបដោយសុវត្ថិភាព និងមួយចំនួនទៀត ទៅក៏ជួបនូវបញ្ហា ដូចជាចាញ់បោកមេខ្យល់ថាទៅធ្វើការបែរជាឲ្យទៅរៀបការ ឬលក់ឲ្យជនជាតិចិន ការបង្ខំឲ្យធ្វើការហួសកំលាំង ការមិនបានទទួលប្រាក់បៀវត្សរ៍ ឬទទួលបានមិនគ្រប់ចំនួន ការបង្ខំឲ្យបន្តអាណត្តិការងារ ការបាត់ដំណឹងមិនមានទំនាក់ទំនងមកក្រុមគ្រួសារជាដើម ទាំងអស់នេះសុទ្ធសឹង តែជាបញ្ហា ដូច្នេះហើយបានជាថ្ងៃនេះយើងរៀបចំជាវេទិកានេះឡើង ដើម្បីឲ្យបងប្អូនអតីតជនរងគ្រោះ ដែលធ្លាប់បានធ្វើចំណាកស្រុក ឬគ្រួសារជនរងគ្រោះ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងលើកជា សំណូមពរ និងមតិផ្តាំផ្ញើរទៅអ្នកអ្នកចូលរួមទាំងអស់។
លោក ខ្លួត ណុយ ប្រធានការិយាល័យប្រឆាំងការជួញដូរប្រចាំខេត្ត កំពង់ធំ និងលោកមេឃុំ កកោះ ក៏មានមតិថ្លៃងបើកក្នុងវេទិកាផងដែរ ដោយផ្តោតទៅលើការធ្វើចំណាក ស្រុកប្រកបដោយសុវត្ថិភាព កុំឲ្យទៅទាំងប្រថុយប្រថាន នាំឲ្យមានគ្រោះថ្នាក់ និង បានចែករំលែកបទពិសោធ ព្រមទាំងទទួលនូវរាល់ពាក្យបណ្តឹង និង ធ្វើការស្នើសុំអន្តរាគមន៍បន្ត។
ក្នុងនោះដែរ អ្នកចូលរួមក៏ដូចជាក្រុម គ្រួសារជនរងគ្រោះ និង ជនរងគ្រោះដែលចាញ់បោកមេខ្យល់ ក៏បានលើកឡើងពីបទសោធន៍របស់ខ្លួន និង កូនៗរបស់ពួកគាត់ ដែលកន្លងមកពួកគាត់ ធ្លាប់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ថៃ និងគ្រួសារជនរងគ្រោះ ។ ជនរងគ្រោះភាគច្រើនចាញ់បោកមេខ្យល់ដោយបង់ថវិការរួចមិនបានទៅ និង ខ្លះទៀតគ្រោងនិងទៅរៀបការទៅតៃវ៉ាន់។
សំណូមពររបស់ពួកគាត់ ចង់អោយ ប្រឆាំងការជួញដូរ និង អាដហុកជួយរកកូនត្រលប់មកវិញ និង អោយមេខ្យល់សងលុយវិញ។