ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៤ សមាគមអាដហុកបានផ្តល់ចំណេះដឹងទាក់ទងការធ្វើទេសន្តរប្រវេសន៏ប្រកបដោយសុវត្ថិភាព ដល់មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋជាជនបង្គោល ក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប ដោយមានការចូលរួមពី លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកប្រធានភូមិ អនុប្រធានភូមិ និងប្រជាពលរដ្ឋជាជនបង្គោលសរុប ៣៥នាក់ ស្រី ១៥នាក់ ប្រុស ២០នាក់។ លោក នី លីហេង ជាគ្រូឧទ្ទេសនាមក្នុងវគ្គបានលើកឡើងពីការធ្វើទេសន្តរប្រវេសន៏ស្របច្បាប់ ការធ្វើទេសន្តរប្រវេសន៏មិនស្របច្បាប់ ភាពខុសគ្នារវាងការធ្វើទេសន្តរប្រវេសន៏តាមក្រុមហ៊ុន ការធ្វើទេសន្តរប្រវេសន៏តាមមេខ្យល់ និងការធ្វើទេសន្តរប្រវេសន៏ដោយខ្លួនឯង ឬតាមមិត្តភ័ក្រ ជាមួយគ្នានោះដែរ លោក នី លីហេង ក៏បាន បញ្ជាក់ជូនពីសារៈសំខាន់នៃការធ្វើកិច្ចសន្យាជាមុន មុនពេលធ្វើទេសន្តរប្រវេសន៏ គ្រោះថ្នាក់ក្នុងការធ្វើទេសន្តរប្រវេសន៏ និងវិធីសាស្ត្រជួយខ្លួនឯងពេលជួបឧបសគ្គដូចជាត្រូវថៅកែវាយធ្វើបាប ត្រូវគេជួញដូរកំលាំងពលកម្ម ឬជួញដូរភេទជាដើម។ក្នុងវគ្គនេះដែរ មានការចូលរួមជាសំណួរ ក៏ដូចជាការបញ្ចេញយោបល់ផ្សេងៗពីសិក្ខាកាមចូលរួម យ៉ាងច្រើនកុះករ រាក់ទាក់ និងស្និតស្នាល។