សមត្ថកិច្ចនគរបាលខេត្តតាកែវ បានរារាំង អ្នករត់កង់បីឥណ្ឌាជាង ១០គ្រឿង និងរថយន្តក្រុងក្រុមបណ្តាញយុវជនកម្ពុជា មិនអនុញាតឲ្យជិះទៅចូលរួមពិធីបុណ្យរំលឹកខួបបួនឆ្នាំ លោកបណ្ឌិត កែម ឡី
សមត្ថកិច្ចខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នេះ បានដាក់សមត្ថកិច្ចនគរបាលប្រមាណជាង ៥០នាក់ ធ្វើការរារាំង ឃាត់ក្រុមកង់បីឥណ្ឌាចំនួន ១៧គ្រឿង ដែលសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) ប្រមាណជាង ២០នាក់ ដែលដឹកនាំដោយលោក វ៉ន ពៅ ជាប្រធាន និងរថយន្តក្រុងមួយគ្រឿងដែលដឹកក្រុមបណ្តាញយុវជនកម្ពុជា(CYN) ចំនួន ២៤នាក់ ដែលដឹកនាំដោយលោក អុល វ៉ាន់ ជាប្រធាន ក្នុងបំណងទៅចូលរួមពិធីបុណ្យរំលឹកខួប ៤ឆ្នាំ លោកបណ្ឌិត កែម ឡី នៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ការឃាត់កង់បីឥណ្ឌា រថយន្តក្រុងជាង មួយម៉ោងនេះ ដោយអាជ្ញាធរឲ្យអ្នកបើកបរកង់បី និងអ្នករួមដំណើរពិនិត្យកំដៅ ហើយទារឆែករកឯកសារកង់បី ប៉ុន្តែអ្នករត់កង់បីទាំងអស់មិនយល់ព្រម ព្រោះពួកគាត់ថា ពួកគាត់គ្មានបទល្មើសអ្វីទេ ដូច្នេះ សមត្ថកិច្ចនគរបាលគ្មានសិទ្ធិពិនិត្យមើលឯកសារនោះទេ ពួកគាត់លើកយកបទបញ្ជាលោកអគ្គស្នងការនគរបាលមកបញ្ជាក់ ទើបសមត្ថកិច្ចនគរបាលទាំងនោះគ្មានការបកស្រាយអ្វីបន្តទៀត ក៏រុញឲ្យពួកសួរសមត្ថកិច្ចនេះ សមត្ថកិច្ចនោះរកហេតុផលមិនបាន ទើបពួកគាត់សម្រេចចិត្តដើរហែរកំរងផ្កាថ្មើរជើងពីកន្លែងឃាត់កង់បី និងរថយន្ត ពីភូមិអង្គតាសោម ឃុំអង្គតាសោម ទៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមិនមានសមត្ថកិច្ចរារាំងក្បួនហែរនោះឡើយ ។ បន្ទាប់មកក៏ក្រុមអ្នករត់កង់បីបើកយកកង់បីជំលៀសចេញម្តងមួយៗរៀងៗខ្លួន រហូតដល់អស់ពីបារ៉ាស់ដែលនគរបាលបាលដាក់ពាំង ប៉ុន្តែ រថយន្តដែលដឹកក្រុមបណ្តាញយុវជនមិនអាចយកចេញបាននោះទេ ទុករហូតដល់ពិធីបុណ្យចប់ ទើបនគរបាលអនុញាតឲ្យរថយន្តចេញពីចំណុចកន្លែងឃាត់ទុកនៅភូមិអង្គតាសោម ឃុំអង្គតាសោម នោះ ទៅដឹកក្រុមយុវជនចេញពីពិធីបុណ្យត្រលប់មករាជធានីភ្នំពេញវិញ ។
សូមបញ្ជាក់ថា កាលពីបួនឆ្នាំមុនគឺ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមដ៏ល្បីឈ្មោះមួយរូប ត្រូវបានឃាតករបាញ់សម្លាប់ខណៈពេលលោកកំពុងអង្គុយទទួលទានកាហ្វេ នៅក្នុងស្តាម៉ាតស្ថាននីយលក់ប្រេងឥន្ទនៈកាល់តិចស្តុបបូកគោ ហើយរហូតមកដល់ពេលនេះ ប្រពន្ធ និងកូនរបស់លោកដែលកំពុងរស់នៅភៀសខ្លួន ដោយការភ័យខ្លាចព្រមទាំងក្រុមគ្រួសារ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ក្រៅតែពីសមត្ថកិច្ចបានចាប់ឃុំខ្លួនបុរសម្នាក់ឈ្មោះ អ៊ឿត អាង ហៅជួបសម្លាប់ ដាក់ពន្ធនាគារតែប៉ុណ្ណោះ ។
សកម្មភាពរបស់អាជ្ញាធរខាងលើនេះ ជាហេតុបណ្តាលឲ្យក្រុមយុវជន និងអ្នករត់កង់បី មិនអាចទៅចូលរួមកម្មវិធីបុណ្យបានទាន់ពេលវេលា ដោយសារកម្មវិធីប្រារព្ធធ្វើឡើងតែមួយព្រឹក ត្រឹមម៉ោង ១២ តែប៉ុណ្ណោះ ។