ក្រុមមន្ត្រី សង្គមស៊ីវិល មកពីសមាគម អាដហុក និងអង្គការ ដៃគូ បានជួបពិភាក្សា ជាមួយ ប្រជាពលរដ្ឋ ចំនួន ២៣គ្រួសារ មកពី ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥នេះ ក្នុងបំណង ពន្លឿនការ ដោះស្រាយ ជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃរវាង ប្រជាពលរដ្ឋ ទាំងនោះ និងក្រុមហ៊ុន MDS របស់ លោកឧកញ៉ា ទ្រី ភាព។
ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃលើ ដីទំហំ ១៩៥ហិកតា បានកើត ឡើងតាំង ពីឆ្នាំ២០១០ បន្ទាប់ពីក្រុមហ៊ុន MDS របស់លោកឧកញ៉ា ទ្រី ភាព បានទទួលដីសម្បទាន សេដ្ឋកិច្ច ពិសេសនៅ ស្រុកវាលវែង។
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេត ផ្នែកដីធ្លី នៃសមាគមអាដហុក បានឲ្យដឹងថា ក្រុមមន្ត្រីសង្គមស៊ីវិល បានជួបសម្ភាសន៍ជា មួយប្រជាពលរដ្ឋ ដើម្បីផ្ទៀងផ្ទាត់ឯកសារផ្លូវច្បាប់ របស់ប្រជាពលរដ្ឋ ២៣គ្រួសារ ដែលជាផ្នែកមួយនៃ កិច្ចខំប្រឹងប្រែង ស្វែងរកយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋ រងគ្រោះ។
កាលពីចុងខែកក្កដាកន្លងមក ក្រុមមន្ត្រីសង្គមស៊ីវិល បានជួបពិភាក្សាជាមួយប្រជាពលរដ្ឋចំនួន ៧គ្រួសាររួចហើយ ប៉ុន្តែ គ្មានដំណោះស្រាយណាមួយសម្រេចឡើងនោះឡើយរហូតមកដល់ពេលនេះ៕