អនុសាសន៍ចំនួន ១៣ចំណុច ត្រូវបានស្នើទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយជម្លោះដីធ្លីរវាងប្រជាពលរដ្ឋមកពីស្រុកចំនួន ២ នៃខេត្តកោះកុង និងក្រុមហ៊ុន Union Development Group Co., Ltd (UDG)។
នៅឯកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពីការស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លីដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន UDG ក្នុងស្រុកបុទុមសាគរ និងគិរីសារគ នៃខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥កន្លងមកនេះ ក្រុមអង្គការសង្គមស៊ីវិល បានស្នើឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការអន្តរក្រសួង នូវអនុសាសន៍គន្លឹះដូចខាងក្រោម៖
១. ស្វែងរកកិច្ចសហការរវាងក្រសួង និងអង្គការសង្គមស៊ីវិល ដើម្បីសិក្សាស្រាវជ្រាវទិន្នន័យជាក់ស្ដែង និងបញ្ហាសេសសល់
២. បង្កបរិយាកាសសម្រាប់សហគមន៍ចូលរួមពិភឲគ្រោះយោបល់ ដើម្បីបញ្ចៀសផលប៉ះពាល់
៣. ជម្រុញការអនុវត្តន៍គោលនយោបាយស្បែកខ្លា ដើម្បីដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ
៤. ផ្សព្វផ្សាយផែនការមេរបស់ក្រុមហ៊ុន
៥. ផ្ដោតសំខាន់លើជីវភាពប្រជាពលរដ្ឋ
៦. ចងក្រងសហគមន៍មូលដ្ឋាន
៧. ផ្អាកការអភិវឌ្ឍនៅត្រង់ទីតាំងដែលពុំទាន់មានដំណោះស្រាយ
៨. បញ្ឈប់ការបណ្ដេញចេញ និងការកៀបសង្កត់ដោយប្រើប្រព័ន្ធតុលាការ
៩. ដកពាក្យបណ្ដឹងពីតុលាការ
១០. គោរពតាមកិច្ចសន្យាពីសំណាក់ក្រុមហ៊ុន
១១. ផលប្រយោជន៍សហគមន៍ត្រូវបានការពារដោយអាជ្ញាធរមូលដ្ឋាន
១២. បញ្ឈប់ការឃុបឃិតគ្នារវាងមន្ត្រីក្រសួងបរិស្ថាន និងក្រុមហ៊ុន ដើម្បីបញ្ចប់ការបង្កបញ្ហាដល់ប្រជាពលរដ្ឋ
១៣. អនុញ្ញាតឲ្យព្រះសង្ឃវិលត្រឡប់ទៅគង់នៅវត្តពយជប៉ុនវិញ។