សកម្មជនដីធ្លីធ្លាប់ជាប់ពន្ធនាគារទាមទារយុត្តិធម៌

IMG_6214អតីត​ប្រជា​ពលរដ្ឋ​បឹងកក់​ជាច្រើន​នាក់ និង​សហគមន៍​ដទៃ​ទៀត​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ ដោយ​បាន​ទាម​ទារ​យុត្តិធម៌​បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។

អ្នក​ស្រី ទេព វណ្ណនី អតីត​ប្រជា​ពលរដ្ឋ​បឹងកក់​ម្នាក់ បាន​និយាយ​ថា ប្រជា​ពលរដ្ឋ​ប្រហែល ១០០​នាក់ មក​ពី​សហគមន៍​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ទាម​ទារ​រក​យុត្តិធម៌​ពី​តុលាការ ដែល​បាន​កាត់​ទោស​សកម្មជន​ដី​ធ្លី ១១​នាក់​ដាក់​ពន្ធនាគារ​ចំនួន ៥​ខែ។

សកម្មជន​ដី​ធ្លី​រូប​នេះ បាន​អះ​អាង​ថា សកម្មជន​ដី​ធ្លី ១១​នាក់ ពុំ​បាន​ប្រព្រឹត្តិ​បទ​ល្មើស​អ្វី​នោះ​ឡើយ ប៉ុន្តែ ពួកគេ​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ដោយ​អយុត្តិធម៌ មុន​នឹង​ត្រូវ​បាន​ដោះ​លែង​វិញ​តាម​រយៈ​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥។

ស្ត្រី​រូប​នេះ បាន​និយាយ​ថា ក្រុម​ប្រជា​ពលរដ្ឋ​បាន​កាន់​បដា និង​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​នៅ​មុខ​តុលាការ ដែល​មាន​ន័យ​ថា ពួកគេ​គ្មាន​លុយ​សម្រាប់​សុក​ប៉ាន​តុលាការ​នោះ​ឡើយ។

ប្រជា​ពលរដ្ឋ​បឹងកក់ ដែល​ផ្ទះ​សម្បែង​របស់​ពួកគេ​ត្រូវ​បាន​ឈូស​ឆាយ​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​ហេតុការណ៍​បណ្ដេញ​ដោយ​បង្ខំ​នោះ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ដ៏​ចម្រូង​ចម្រាស់​មួយ​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ​អ៊ីន​ អស់​រយៈ​ពេល​ជិត ១០​ឆ្នាំ​ហើយ។ អំឡុង​ពេល​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កង​កម្លាំង​រដ្ឋាភិបាល ក្រុម​បាតុករ​ជា​ច្រើន បាន​រង​ការ​ធ្វើ​បាប​យ៉ាង​ធ្ងន់​ធ្ងរ ក្នុង​នោះ​មាន​ការ​វាយ​ដំ ព្រម​ទាំង​ការ​ចាប់​ឃុំ​ខ្លួន​តាម​ផ្លូវ​តុលាការ៕