សកម្មជនដីធ្លីតវ៉ា​ជំទាស់​ច្បាប់​គ្រប់​គ្រង​សង្គម​ស៊ីវិល

IMG_9519ប្រជា​ពលរដ្ឋ​ជាង ៥០​នាក់​មក​ពី​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​វិមាន​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៥ ដោយ​បាន​អំពាវ​នាវ​ឲ្យ​សមាជិក​រដ្ឋ​សភា​ទម្លាក់​ចោល​ជា​បន្ទាន់​នូវ​សេចក្ដី​ព្រាង​ច្បាប់​សមាគម-អង្គការ​សង្គម​ស៊ីវិល ហើយ​ងាក​ទៅ​ជួយ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​ដែល​កំពុង​កើត​ឡើង​យ៉ាង​រាល​ដាល​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដី​ធ្លី​មក​ពី​តំបន់​បឹងកក់ ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ជាច្រើន​ដោយសារ​បាន​ចូល​រួម​ក្នុង​សកម្មភាព​តវ៉ា​នានា​នោះ បាន​ស្រែក​អំពាវ​នាវ​តាម​ឧបករណ៍​បំពង​សំឡេង ឲ្យ​សមាជិក​រដ្ឋ​សភា​មក​ពី​គណបក្ស​កាន់​អំណាច​បញ្ឈប់ ឬ​ផ្អាក​ជា​បន្ទាន់​នូវ​ការ​ពិនិត្យ និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នោះ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​រឹត​ត្បឹត​សេរីភាព​របស់​សង្គម​ស៊ីវិល​ក្នុង​ការ​ជួយ​ដល់​ប្រជា​ពលរដ្ឋ ប្រសិន​បើ​ច្បាប់​នោះ​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត។

ខណៈ​ពេល​នោះ ក្រុម​អ្នក​តវ៉ាដែល​មក​ពី​សហគមន៍​បឹងកក់ សហគមន៍​បុរីកីឡា និង​សហគមន៍​ថ្មគោល បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ ឲ្យ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ប្រជា​ពលរដ្ឋ ៧​គ្រួសារ ដែល​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​នៅ​ឡើយ។

ក្រុម​អតីត​ស្ត្រី​បឹងកក់ បាន​ទាម​ទារ​យកចំណែក​ដី ៧០​ភាគរយ នៃ​ទំហំ​ដី​ដែល​គ្រួសារ​នីមួយៗ​កាន់​កាប់​នៅ​មុន​ហេតុការណ៍​បូម​ខ្សាច់​ពន្លិច​ដី​ធ្លី និង​ឈូស​ឆាយ​ផ្ទះ​សម្បែង​កាល​ពី​ឆ្នាំ​២០១០៕