ដោយមានការឧបត្ថម្ភថវិកាពី Caritas ថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០១៦ សមាគមអាដហុកខេត្ត កំពត បានរៀបចំវេទិការសាធារណៈស្តីពីការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាពនៅភូមិ មនោសុខ ឃុំ តាកែន ស្រុក ឈូក ខេត្តកំពត ក្រោមអធិបតីភាព និងជាវគ្មិន ដោយ អ្នកស្រី សេង សេរីរដ្ឋា ស្នងការរង លោក ប្រធានការិយាល័យជួញដូរមនុស្ស លោក ហេង ណារ៉ុង អនុប្រធាន មន្ទីរការងារ ខេត្តកំពត លោក នី លីហេង មន្ត្រីកម្មវិធីសមាគមអាដហុក ភ្នំពេញ ក្រោមការសំរបសំរួលកម្មវិធីពីអ្នកស្រី អ៊ូច បូ ប្រធានសមាគមអាដហុកខេត្ត កំពត រួមជាមួយ ប្រជាពលរដ្ឋរងចំនួន ៥៦នាក់ មានជនរងគ្រោះ និងគ្រួសារជនរងគ្រោះ បានចូលរួមផងដែរ។
ថ្លែងក្នុងកម្មវិធី លោក នី លីហេង មន្ត្រីកម្មវិធីសមាគមអាដហុក បានគូសបញ្ជាក់អំពីគោលបំណងរបស់សមាគមអាដហុក គឺដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋទាក់ទងការធ្វើទេសន្តរប្រវេសន៍ ឲ្យប្រជាពលរដ្ឋចេះគិតគូរច្បាស់លាស់មុនសំរេចចិត្តចាកចេញទៅរកការងារធ្វើ ក៍ដូចជាធ្វើអ្វីផ្សេងទៀតនៅប្រទេសក្រៅ និងបានលើកឡើងពីករណីជាក់ស្តែងដែលប្រជាពលរដ្ឋត្រូវបាន មេខ្យល់ ក្រុមហ៊ុនបោកប្រាស់ និងថៅកែធ្វើបាប ជាពិសេស ប្រទេសម៉ាឡេស៊ី និងថៃ។
អ្នកស្រី សេង សេរីរដ្ឋា ស្នងការរងនគរបាលខេត្តកំពត ក៍បានលើកឡើងពីកត្តាមួយចំនួនដែលជំរុញឲ្យប្រជាពលរដ្ឋធ្វើចំណាកស្រុក មានដូចជា អំពើហិង្សាក្នុងគ្រួសារ ជីវភាពខ្វះខាត ខ្វះដី ឃើញអ្នកជិតខាងចេញទៅមានជីវភាពធូរធា និងគេចពីបទលើ្មសជាដើម។ អ្នកស្រី ក៍បានលើកឡើងឲ្យប្រជាពលរដ្ឋត្រូវគិតពិចារណាថា តើការរសនៅប្រទេសគេ យើងដឹងពីប្រពៃណីប្រទេសនោះឬទេ ចេះភាសារឬទេ។
លោក ហេង ណារ៉ុង អនុប្រធានមន្ទីរការងារខេត្តកំពត ការបានលើកឡើងពីការងារជំនាញរបស់មន្ទីរការងារ លើវិស័យការងារ គ្រប់គ្រងរោងចក្រ សហគ្រាស ជនបរទេស វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ គឺបណ្តុះបណ្តាលចំណេះដឹង រកការងារឲ្យពលរដ្ឋ។
បន្ទាប់មកមានការថ្លែងពីទុកលំបាករបស់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ខ្លះបានមកដល់ប្រទេសកម្ពុជាវិញ ខ្លះកំពុងបាត់ខ្លួនជាដើម និងសំណូមពរឲ្យគណៈអធិបតីជួយដោះស្រាយអន្តរាគម។ ឆ្លើយតមនិងសំណូមពរប្រជាពលរដ្ឋ អ្នកស្រីស្នងការរង ក៍ដូចជាអនុប្រធានមន្ទីរការងារខេត្ត ក៍បានដោះស្រាយដោយករណីខ្លះបានដោះស្រាយរួចហើយ ករណីខ្លះកំពុងដោះស្រាយ និង ករណីថ្មី សុំអោយប៉ូលិសមូលដ្ឋានជួបជាមួយគ្រួសារប្រជាពលរដ្ឋរងគ្រោះ ធ្វើរបាយការណ៍ច្បាស់លាស់ដើម្បីដោះស្រាយ និងចាត់វិធានការ។