កម្មវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយថ្មីរបស់អង្គការអាដហុក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ បន្ទាប់ពីបានធ្វើចប់រួចរាល់ នូវឧបករណ៏ដោះស្រាយទំនាស់ដែលមាន ៥ជំហាន និង ២៣ឧបករណ៏ ដែលជាការជួយឧបត្ថគាំទ្រផ្នែកស្មារតី និង សម្ភារៈ ពីសំណាក់សាកលវិទ្យាល័យទីលប័ក មានមូលដ្ឋាននៅប្រទេសហូឡង់ ។
កម្មវិធីនេះមានគោលបំណង ដើម្បីជួយដល់ពលរដ្ឋកម្ពុជា ពិសេសប្រជាសហគមន៏នៅតាមជនបទដែលមានទំនាស់តូចតាច បានទទួលនូវយុត្តិធម៌ ដោយពុំចាំបាច់ពឹងផ្អែកតែទៅលើប្រពន្ធ័ដោះស្រាយផ្លូវការតែប៉ុណ្ណោះនោះទេ ។
តាមការស្រាវជ្រាវរបស់វិទ្យាស្ថានមួយនៃប្រទេសហូឡង់ បានរកឃើញថា នៅលើពិភពលោក មានទំនាស់ប្រហែលជា៨០% ដែលអាចដោះស្រាយបានតាមយន្តការសម្រុះសម្រួល ។ មិនខុសអ្វីពីប្រទេសកម្ពុជាទេ គឺយើងសង្កេតឃើញ មានទំនាស់តូចតាចជាច្រើន ដែលអាចសម្រុះសម្រួលគ្នាបាន ប៉ុន្តែដោយសារ ភាពខ្វះការយល់ដឹង និង ការមានះចង់ឈ្នះចង់ចាញ់ ទើបបណ្តាលធ្វើឲ្យពួកគេតស៊ូក្តីក្តាំគ្នា រហូតភ្លេចគិតពីការខាតបង់លុយកាក់ និង ខាតបង់ពេលវេលា រហូតខ្លះទៀត ឈានដល់មានអំពើហិង្សា និង គំនុំគំគួនគ្នាថែមទៀតផង ។ ដូច្នេះហើយទើបនៅឆ្នាំ២០១៣នេះ ដោយមានការជួយឧបត្ថម្ភគំាទ្រពីសហភាពអឺរ៉ុប និង ម្ចាស់ជំនួយផ្សេងៗទៀត អង្គការអាដហុកបានចាប់ផ្តើមដំណើរការអនុវត្តន៏គំរោង ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដោយធ្វើការរួមសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសឃុំ-សង្កាត់ និង អង្គការដៃគូ ដើម្បីជួយដោះស្រាយទំនាស់មួយចំនួន ពិសេសករណីរដ្ឋប្បវេណី ដោយប្រើប្រាស់ នូវឧបករណ៏ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការទាំង២៣ ដែលអង្កការបានរៀបចំឡើងកន្លងមកជាមធ្យោបាយ ។
ជាក់ស្តែងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សាខាខេត្ត-ក្រុងរបស់យើងចំនួន១៨ បានទទួល ពាក្យស្នើសុំ និងធ្វើការសម្រុះសម្រួលបានចំនួន១៥៧ករណី ក្នុងនោះរួមមានទំនាស់ ដីធ្លី ៣៥ករណី កិច្ចសន្យា ១៤ករណី កេរ្តិ៍មរតក ៩ករណី ទំនាស់ក្នុងគ្រួសារ ៦០ករណី អាពាហ៏ពិពាហ៏ ៨ករណី ទ្រព្យសម្បត្តិ ៧ករណី ផ្លូវ ៨ករណី ការរំខានអ្នកជិតខាង ២ករណី ទំនាស់ពាក្យសំដី ១២ករណី ការងារ ១ករណី និង ផ្សេងៗ (គ្រូធ្វើទារុណកម្មសិស្ស) ១ករណី ។
ជាមួយគ្នានោះ យើងធ្វើការសម្រុះសម្រួលបញ្ចប់កិច្ចព្រមព្រៀង បានចំនួន ១១០ករណី ស្មើ៧០% កំពង់បន្តដោះស្រាយចំនួន ៣៥ករណី ស្មើ២២,៤% និង ចំណាយចេញ ដោយភាគីមិនស្រុះស្រួលគ្នា ចំនួន ១២ករណី ស្មើ៧,៦% ។
យោងតាមការស្ទង់មតិ ដែលបានធ្វើឡើងដោយអ្នកជំនាញ របស់អង្គការអាដហុក កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ដោយការធ្វើសម្ភាសន៌ជាមួយភាគី អ្នកទទួលផលចំនួន ៩០នាក់ បានឆ្លើយថាៈ ពេញចិត្តនឹងដំណោះស្រាយ៩៦% ពេញចិត្តនឹងលទ្ធផលមានយុត្តិធម៌ ៩៣% អ្នកសម្រុះ សម្រួលមានភាពអព្យាក្រឹត៩០% កំឡុងពេលសម្រុះសម្រួល គេអាចនិយាយបាន នូវអ្វីដែលគេចង់ និយាយ៩១% បន្ទាប់ពីដោះស្រាយរួច ពួកគេមានទំនាក់ទំនងគ្នាប្រសើជាងមុនមាន ៩២% និងភាគី ឆ្លើយថា ពេលអនាគតប្រសិនបើមានបញ្ហាគេនឹងមកសុំឲ្យអាដហុកជួយដោះស្រាយ៩០% ។
ដូចគ្នានេះដែរ សំរាប់ឆ្នាំ២០១៤ យើងក៏មានគំរោងផែនការ ដើម្បីជួយសម្រុះសម្រួលករណី ជូនប្រជាពលរដ្ឋបន្តទៀត ដោយករណីមួយចំនួន យើងនឹងផ្តល់ជូនគណៈកម្មការដោះស្រាយទំនាស់សហគមន៏តាមបណ្តាឃុំទាំង ៣៣ ដែលបានបណ្តុះបណ្តាលជំនាញរួច ឲ្យធ្វើជាអ្នកសម្រុះសម្រួល ដើម្បីធ្វើយ៉ាងណាទៅអនាគត ឲ្យសេវាយុត្តិធម៌នេះ កាន់តែខិតជិតប្រជាសហគមន៏នៅជនបទ ។