ខ្លឹមសារសង្ខេបនៃរបាយការណ៍ៈ
ក្នុងអំឡុង៤ខែដើមឆ្នាំ២០១២នេះ ចំនួនពាក្យបណ្តឹងសុំឲ្យ ជួយអន្តរាគមន៍ របស់គ្រួសារពលករ/ពលការីនី ចំណាកស្រុក បានកើនឡើង ជាង៥ដង លើសពី ចំនួនពាក្យបណ្តឹង ដូចគ្នានេះ កាលពី ៤ខែដើមឆ្នាំមុន( ចំនួនពាក្យបណ្តឹងដែល សមាគមអាដហុកទទួលបាន ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១២នេះមាន ១៤១ករណី រីឯឆ្នាំ ២០១១ ក្នុងរយៈពេលដូចគ្នា មានតែ២៣ករណីប៉ុណ្ណោះ)។
ការធ្វើចំណាកស្រុកធ្វើឡើងតាមពីររូបភាព គឺចំណាកស្រុកស្របច្បាប់និង ចំណាកស្រុកមិនស្របច្បាប់ ។ ចំពោះទិដ្ឋភាពទូទៅ នៃបញ្ហារំលោភបំពាន និងការប្រឈមរបស់ពពលករ/ពលការីនី ទាំងពីររូបភាពមានដូចជា ការបង្ខំឲ្យធ្វើការហួសកំលាំង គ្មានពេលសំរាក ធ្លាក់ខ្លួនឈឺមិនព្យាបាល ការធ្វើទារុណកម្ម ការវាយដំរបួសធ្ងន់ ការបើកប្រាក់ខែមិនគ្រប់ចំនួន ការគំរាមកំហែង ការចាប់ដាក់គុក ការបង្ខំឲ្យបន្តអណត្តិការងារដោយខុសច្បាប់ និងការផ្តាច់ទំនាក់ទំនងរវាងគ្រួសារជាដើម ។ ក្នុង១៤១ករណី ពលករ/ពលការីនីខ្មែរយើងបានទៅធ្វើការនៅប្រទេសមួយចំនួន ដូចជាប្រទេស ម៉ាឡេស៊ី ថៃ អាហ្វ្រិកខាងត្បូង ចិន សាំងហ្គាពួរ ជប៉ុន ហ្វីជី ជាដើម ។
ដោយសារ ស្ថានភាពលំបាកនិងការរំលោភបំពាន កើតឡើងច្រើនចំពោះពលការីនីខ្មែរ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសំរេចផ្អាកការបញ្ជូនពលការីនីទៅប្រទេសម៉ាឡេស៊ីបន្តទៅទៀត ។ ការផ្អាកនេះ ជាការដាក់វិន័យដល់ ក្រុមហ៊ុន និងភ្នាក់ងារមួយចំនួនដែលខកខានក្នុងការទទួលខុសត្រូវចំពោះពលករ/ពលការីនីដែលខ្លួនបានបញ្ជូនទៅ និងការរំលោភសិទ្ធិដែលកើតឡើងចំពោះពលករ/ពលការីនី ។ ប៉ុន្តែការប្រកាសសម្រេចឲ្យផ្អាក ដោយពុំបានបង្កើតយន្តការឲ្យបានម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហារបស់ពលករ/ពលការីនី ដែលកំពុងបន្តធ្វើការនៅប្រទេសម៉ាឡេស៊ីនេះ បានធ្វើឲ្យមានការព្រួយបារម្ភរបស់គ្រួសារ នៅឯកម្ពុជា ដោយសារពួកគេបាត់ដំណឹងពីកូនចៅ ប្តីឬប្រពន្ធ ឬ បងប្អូនរបស់ពួកគាត់ ដែលកំពុងបន្តធ្វើការងារនៅប្រទេសនោះ ។ ការព្រួយបារម្ភនេះ ជាមូលហេតុទី១នៃការកើនឡើងនៃពាក្យបណ្តឹង សុំជួយអន្តរាគមន៍នេះ ។
ក្នុងករណី១៤១ មាន៩៤ករណី ស្មើ៧០.១៤%ដែលបានប្តឹងពីការបាត់ដំណឹង ពីពលករ/ពលការីនីទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ។ ព្រោះក្រោយការផ្អាកនេះ ក្រុមហ៊ុនឯកជន ដែលបញ្ជូនពលករ /ពលការីនីទៅប្រទេសម៉ាឡេស៊ី មួយចំនួនបានត្រូវ ដកអាជ្ញាប័ណ្ណ ហើយក្រុមហ៊ុនខ្លះទៀតត្រូវបញ្ឈប់សកម្មភាព និងក្រុមហ៊ុនខ្លះទៀត ត្រូវក្ស័យធន ។ ប្រការនេះបានធ្វើឲ្យមានការរអាក់រអួល ឬដាច់ទំនាក់ទំនងរវាងពលករ/ពលការីនីចំណាកស្រុក ជាមួយនឹងក្រុមគ្រួសាររបស់គេ នៅឯក្នុងប្រទេស ។ ម៉្យាងទៀត យន្តការរបស់រដ្ឋ ក្នុងការទទួលខុសត្រូវ ឲ្យមានការផ្សាភ្ជាប់ទំនាក់ទំនងនេះ ជំនួសក្រុមហ៊ុនមិនបានដំណើរការឲ្យមានប្រសិទ្ធិភាព ។
មូលហេតុមួយ ទៀត នៃការកើននេះ គឺការរំលោភបំពាន លើសិទ្ធិពលករ/ពលការីនីដែល កំពុងបន្តធ្វើការនៅម៉ាឡេស៊ីនេះ ក៍កាន់តែដុនដាបថែមទៀត ។ ព្រោះថាយន្តការតាមឃ្លាំមើល និងដោះស្រាយរបស់ក្រុមហ៊ុន ចំពោះសុខទុក្ខរបស់ពលករ/ពលការីនីដែលនៅពេលមុន មានការប្រកាសផ្អាកមានសភាពទន់ខ្សោយរួចទៅហើយនោះ ដល់ពេលក្រោយការផ្អាកគឺពុំមានអ្វីនៅសេសសល់បន្តទៅទៀត ទើបការរំលោភសិទ្ធិពលករ/ពលការីនីកាន់តែមាន សភាពធ្ងន់ធ្ងរជាងមុន ។
តាមការកត់សំគាល់របស់សមាគមអាដហុក ចំពោះពលករ/ពលការីនីចំណាកស្រុកខ្មែរដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី កំពុងស្ថិតក្នុងស្ថានភាពប្រឈមធំៗចំនួន៣ប្រភេទគឺ ៖១/‑ការបាត់ដំណឹងដោយសារក្រុមហ៊ុនបិទទ្វារ ២/‑ការរំលោភបំពានសិទ្ធិធ្ងន់ធ្ងរ និង ៣/‑ការបង្ខំឲ្យធ្វើការងារតទៅទៀត ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ រាជរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ជាបន្ទាន់ ដោយបង្កើតយន្តការតាមដាន និងការពារ ជាបន្ទាន់ ដែលទទួលបន្ទុកជំនួសក្រុមហ៊ុនដែលត្រូវបានផ្អាកនិង ដកអាជ្ញាប័ណ្ណ ដើម្បីធានាការពារសិទ្ធិពលករ/ពលការីនីកំពុងរងគ្រោះ នៅប្រទេសនេះ ។
ម៉្យាងទៀត ពលករ/ពលការីនីចំណាកស្រុកមិនស្របច្បាប់(ទៅតាមមេខ្យល់) ទោះបីជាទទួលបណ្តឹង និងពត៌មានតិចតួចក៍ដោយ ប៉ុន្តែពួកគេរិតតែតែប្រឈមនឹងគ្រោះថ្នាក់ ការរំលោភបំពានកាន់តែធ្ងន់ធ្ងរ ជាពិសេសខ្វះអ្នកទទួលខុសត្រូវតាមដានពីសុវត្ថិភាព ដូចជា ត្រូវរត់គេចពីប៉ូលីស រងការគំរាមកំហែង ទទួលបានប្រាក់ឈ្នួលតិច បង្ខំឲ្យធ្វើការហួសកំលាំង ដោយសារពួកគេឆ្លងដែនខុសច្បាប់ ពេលខ្លះត្រូវបានគេចាប់ដាក់គុក ឬ ក្លាយជាទាសករដាច់ថ្លៃ ហើយមិនអាចត្រឡប់មកផ្ទះវិញបានទៀតផង ។
ដើម្បីដោះស្រាយបញ្ហាខាងលើ នេះសមាគមអាដហុក សូមផ្តល់អនុសាសន៍ដូចខាងក្រោមៈ
១/‑ រាជរដ្ឋាភិបាល ជាពិសេស ក្រសួងការងារ គួរជំរុញឲ្យមានការបង្កើតនូវអនុស្សារណៈ នៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសទទួលពលករ/ពលការីនីខ្មែរ កំណត់អំពីលក្ខខ័ណ្ឌការងាររវាងប្រទេសបញ្ជូន និងទទួលដោយផ្អែកទៅតាមគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន ស្តីពីសិទ្ធិការងារ និងសង្គម ជាពិសេស គោរពនិងអនុវត្តតាមអនុសញ្ញាអន្តរជាតិស្តីពី ការការពាររាល់ពលករចំណាកស្រុក និង ពិនិត្យឡើងវិញ លើអនុសារណៈនៃការយោគយល់គ្នា រវាងកម្ពុជានិងថៃដោយបន្ថែមលើការទទួលខុសត្រូវ ទៅលើសិទ្ធិមនុស្សជាមូលដ្ឋាន ដែលមានសម្រាប់ការទទួល និង ឆ្លងកាត់ប្រទេសរបស់ខ្លួន សម្រាប់ផលប្រយោជន៍នៃពលករ/ពលការីនី នៃប្រទេសទាំងពីរ ចៀសវាងបញ្ហារំលោភសិទ្ធិមនុស្ស ។ ក្នុងនោះ រដ្ឋាភិបាលថៃ គួរតែមានគោលការណ៍ស្តីពីការចូលសំចត (During a policy Transit) និងជំរុញឲ្យនិយោជក ទទួលខុសត្រូវក្នុងការផ្តល់នូវ សេវាផ្លូវច្បាប់មូលដ្ឋាន សម្រាប់ពលករ/ពលការីនីឆ្លងដែន ដោយមិនស្របច្បាប់ ;
២/‑គួរតែបង្កើតនូវយន្តការឃ្លាំមើលពីសុខទុក្ខរបស់ពលករ/ពលការីនីចំណាកស្រុក ទាំងក្នុងប្រទេសនិង នៅប្រទេសទទួលពលករខ្មែរ ជាពិសេសគឺប្រទេសម៉ាឡេស៊ី ដើម្បីភ្ជាប់ទំនាក់ទំនងរវាងក្រុមគ្រួសារ និងពលករ/ពលការីនី ជាពិសេសក្នុងកាលៈទេសៈពុំមានអ្នកទទួលខុសត្រូវនៅពេល ដែលក្រុមហ៊ុន/ភ្នាក់ងារត្រូវបិទទ្វារ និង រដ្ឋាភិបាលគួរបង្កើត ពង្រឹងយន្តការដោះស្រាយវិវាទ និងទប់ស្កាត់ការរំលោភសិទ្ធិពលករ/ពលការីនីចំណាកស្រុក ឲ្យកាន់តែមានប្រសិទ្ធិភាព
៣/‑ រាជរដ្ឋាភិបាល ជាពិសេស ក្រសួងសង្គមកិច្ច និង ការងារ គួរបង្កើនឲ្យមានកម្មវិធីបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈផ្សេងៗ ព្រមទាំងបង្កើនការងារ មុខរបរ បង្កើតនូវលក្ខខ័ណ្ឌការងារ(ប្រាក់ឈ្នួល
សមរម្យស្របនឹងកំរិតតម្លៃទំនិញទីផ្សារ) សម្រាប់ពលរដ្ឋយើង អាចមានការងារក្នុងស្រុក ជាពិសេសនៅតំបន់ជនបទឲ្យបានទូលំទូលាយ និង ក្រសួងមហាផ្ទៃគួរជួយសម្រួលនូវសេវាតម្លៃ និង បែបបទនៃការរៀបចំឯកសារ សម្រាប់ការឆ្លងដែន ដើម្បីប្រជាពលរដ្ឋខ្មែរមានភាពងាយស្រួល នឹងអាចមានលទ្ធភាពរៀបចំឯកសារស្របច្បាប់ ក្នុងការស្វែងរកការងារ ។
៤/‑រាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាអ្នកទទួលបន្ទុក ដោយសហការជាមួយក្រសួងការបរទេស និងក្រសួងមហាផ្ទៃ គួរតែបង្កើតប្រព័ន្ធជួយសង្គ្រោះបន្ទាន់(hotline) នៅទូទាំងប្រទេស និងប្រទេសគោលដៅ ដើម្បីជួយជនរងគ្រោះទាន់ពេលវេលា លើករណីមានការរំលោភបំពានលើ ពលករ/ពលការីនីចំណាកស្រុក កើតឡើង ទោះបីជាស្របច្បាប់ក្តី មិនស្របច្បាប់ក្តី
៥/‑ បង្កើនការសហការជាមួយសហគមន៏អាស៊ាន និង មហាអនុតំបន់ទន្លេមេគង្គ ក្នុងការប្រយុទ្ធប្រឆាំងទៅនិងការជួញដូរមនុស្ស ការរំលោភកំលាំងពលកម្មនិង ការរស់នៅក្នុង ស្ថានភាពជាទាសករ សម័យថ្មី ។
៦/‑រដ្ឋាភិបាលគួរតែជម្រុញការអនុវត្តន៍ច្បាប់ស្តីពីសន្តិសុខសង្គមឲ្យមានប្រសិទ្ធភាព និង ពង្រឹងការ ទទួលខុសត្រូវ និងប្រសិទ្ធភាពការងាររបស់ស្ថាប័ន និងដៃគូពាក់ព័ន្ធ។ ជាពិសេសជំរុញការអនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធភាព ចំពោះទីភ្នាក់ងារ/ក្រុមហ៊ុន ឬបុគ្គលដែលល្មើសច្បាប់ ។