មន្ត្រីអង្កេតសិទ្ធិមនុស្សអាដហុកត្រូវបានអាជ្ញាធរឃាត់ខ្លួន

IMG_6897-editedបុគ្គលិក​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​សកម្មជន​ក្មេងៗ ៣​នាក់ ដែល​ជា​ផ្នែក​មួយ​នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​កម្លាំង​សន្តិសុខ​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​ចំការ​មន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៥ នៅ​ក្នុង​ហេតុការណ៍​បង្ក្រាប​មួយ​ធ្វើ​ឡើង​ដោយ​កម្លាំង​សន្តិសុខ​របស់​ខណ្ឌ​មួយ​នេះ។

លោក ឌិត សុខធី បុគ្គលិក​អង្កេត​សមាគម​អាដហុក ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ខាង​មុខ​ច្រក​ចូល​នៃ​មជ្ឈ​មណ្ឌល​ភ្នំពេញ​សិនធ័រ នៅ​វេលា​ម៉ោង ៨:៤០ និង​បញ្ជូន​តាម​រយៈ​សន្តិសុខ​ខណ្ឌ​ជាមួយ​សកម្មជន​មាតា​ធម្មជាតិ​ទាំង ៣​រូប​នោះ។ លោក ឌិត សុខធី ត្រូវ​បាន​ឃាត់​ខ្លួន​អំឡុង​ពេល​អង្កេត​ស្ថានភាព​សិទ្ធិ​មនុស្ស និង​សកម្មភាព​កម្លាំង​សន្តិសុខ ដែល​បាន​រារាំង​សកម្មជន​មាតា​ធម្មជាតិ ១៥​នាក់ ដែល​ប៉ុន​ប៉ង់​ដាក់​ញត្តិ​នៅ​រដ្ឋ​សភា និង​ស្ថានទូត​សិង្ហបុរី​នៅ​ភ្នំពេញ តវ៉ា​ទៅ​នឹង​ការ​បន្ត​សកម្មភាព​បូម​ខ្សាច់​នៅ​តំបន់​ស្ទឹងជាយអារ៉ែង។

លោក ឌិត សុខធី និយាយ​ថា​៖ «ខ្ញុំ​បាន​ប្រាប់​ពួកគាត់​[កម្លាំង​សន្តិសុខ]ថា ខ្ញុំជា​បុគ្គលិក​អង្កេត​មក​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប៉ុន្តែ ពួកគេ​មិន​ស្ដាប់​នោះ​ឡើយ ហើយ​បាន​រុញ​ខ្ញុំ​ឡើង​ឡាន​សន្តិសុខ​ខណ្ឌ»។ លោក សុខធី ត្រូវ​បាន​ដោះ​លែង​មក​ពី​នៅ​វេលា​ម៉ោង ១១:៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល។

សកម្មជន​ក្មេងៗ​ទាំង​ ៣​នាក់​នោះ ក៏​ត្រូវ​បាន​ដោះ​លែង​វិញ​ដែរ​ក្រោយ​ពី​ត្រូវ​បាន​សាក​សួរ ប៉ុន្តែ មន្ត្រី​អង្កេត​សិទ្ធិ​មនុស្ស​រូប​នេះ មិន​ត្រូវ​បាន​សាក​សួរ​នោះ​ឡើយ។

លោក​បន្ថែម​ថា៖ «មន្ត្រី​នគរបាល​ស្លៀក​ពាក់​ស៊ីវិល​ម្នាក់ បាន​សួរ​នាំ​អំពី​ព័ត៌មាន​ផ្ទាល់​ខ្លួន​ខ្ញុំ និង​បាន​ឲ្យ​ខ្ញុំ​ផ្ដិត​មេដៃ ប៉ុន្តែ ខ្ញុំ​បដិសេធ ដោយសារ​ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​នោះ​ឡើយ»។

ការ​ព្យាយាម​ដាក់​ញត្តិ​របស់​យុវជន​ទាំង​នោះ បាន​ទទួល​បរាជ័យ ក្រោយ​ពី​កម្លាំង​សន្តិសុខ​រ៉ាប់​សិប​នាក់ បាន​បំបែក​ក្បួន​របស់​ពួកគេ​នៅ​ជិត​ច្រក​ចូល​មជ្ឈ​មណ្ឌល​ភ្នំពេញ​សិនធ័រ៕