សមាគម ព្រះសង្ឃខ្មែរ កម្ពុជាក្រោម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នេះ បានអំពាវនាវ ដល់តុលាការ កម្ពុជាឲ្យ ទម្លាក់ការចោទ ប្រកាន់ និងដោះលែង ព្រះសង្ឃខ្មែរ កម្ពុជាក្រោម ២អង្គ ដែលត្រូវបានចាប់ខ្លួនដោយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥កន្លងមក។
សេចក្ដី អំពាវនាវនេះ ត្រូវបាន ធ្វើឡើង ៥ថ្ងៃមុនការ បើកសវនការ សំណុំរឿង ព្រះសង្ឃទាំង ២អង្គ ដែលគ្រោងធ្វើ ឡើងនៅថ្ងៃទី១៩ ខែសីហាខាង មុននេះ។
នៅក្នុង សន្និសីទកាសែត មួយនៅ ឯវត្តសាមគ្គីរង្សី ព្រះសង្ឃព្រះនាម ថាច់ ហាសំអាង ប្រធានសមាគម ព្រះសង្ឃខ្មែរ កម្ពុជាក្រោម បានដាក់ការ សង្ស័យទៅ លើវត្ថុតាំង ទាំងនោះ ដែលអះអាង ដោយសមត្ថកិច្ច អំឡុងពេល ចុះឆែកឆេរ ខណៈ ព្រះសង្ឃ ទាំងពីរអង្គ ពុំមានវត្តមាន នៅក្នុងកុដិ។
ព្រះសង្ឃ ថាច់ ហាសំអាង ក៏បានបញ្ជាក់ថា ព្រះសង្ឃទាំង ២អង្គនេះ ធ្លាប់ធ្វើសកម្មភាពសង្គមនានា ដូចជាចូលរួមបាតុកម្មប្រឆាំងស្ថានទូតវៀតណាម និងការចុះពិនិត្យព្រំដែនកម្ពុជានៅខេត្តស្វាយរៀង ជាមួយគណបក្សសង្គ្រោះជាតិនាពេលកន្លងមក។
ព្រះសង្ឃ ដាវ ទេព និងព្រះសង្ឃ ជា វ៉ាន់ដា ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនរួមជាមួយភស្តុតាងមួយចំនួន មានខោទ្រនាប់នារី ស្រោមអនាម័យ ម្សៅសមួយកញ្ចប់ និងកាំបិទមួយចំនួន ដែលត្រូវសមត្ថកិច្ចអះអាងថាបានរកឃើញនៅក្នុងកុដិរបស់ព្រះសង្ឃទាំងពីរអង្គនៅក្នុងវត្តអង្គតាម៉ិញ ហៅវត្តគោកចំបក់។
សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានឃ្លាំមើលករណីនេះ បានចាត់ទុកចាប់ខ្លួននេះជាការរើសអើងចំពោះព្រះសង្ឃខ្មែរកម្ពុជា ដែលតែងតែចូលរួមក្នុងសកម្មភាពសង្គម ហើយបានផ្ដល់មេធាវីសម្រាប់ការពារក្ដីព្រះសង្ឃទាំង ២អង្គនៅក្នុងដំណើរការនីតិវិធីតុលាការ៕