នៅថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៦ វេលាម៉ោង ២ និង ៣០នាទីរសៀល មន្ទីរកិច្ចការនារីខេត្ត រដ្ឋបាលខេត្ត សហការជាមួយសមាគមការពារសិទ្ធិមនុស្ស(អាដហុក)បានរៀបចំទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ ២០១៦ ក្រោមប្រធានបទ វិនិយោគសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឃន៍ប្រកបដោយចីរភាព ក្រោមអធិបតីភាព ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង តំណាងក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងសមាគមអាដហុក និងមន្ត្រីរាជការខេត្ត រួមជាមួយប្រជាពលរដ្ឋ សិស្សានុសិស្សប្រមាណ ៤០០នាក់បានចូលរួមផងដែរ។ ក្រោយជួបជុំ អង្គពិធីបានធ្វើការដង្ហែរក្បួនតាមដងវិថីដោយចេញពីសាលាខេត្ត ឆ្ពោះទៅតាមមាត់ទន្លេ ហើយមកជួបជុំគ្នាប្រារព្វពិធីនៅសាលាខេត្តវិញ នៅវេលាម៉ោង ៣រសៀលថ្ងៃ ខែ ឆ្នាំ ដដែល។ អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធី ស្ត្រី កុមារ សមាគមអាដហុកបានថ្លែងលើកឡើង ក្នុងទិវាអន្តរជាតិនារី ដោយបញ្ជាក់ថា ការគោរពសិទ្ធិនារីមិនមែនជាកាតព្វកិច្ចរបស់សមាគមអាដហុក ឬស្ថាប័នណាមួយនោះទេ តែវាជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា អ្នកស្រីក៍លើកឡើងពីរបាយការណ៍សមាគមអាដហុក ដែលនារីមួយចំនួននៅតែបន្តរងគ្រោះ ដោយសាតែបញ្ហានិទណ្ឌភាពនៅកើតមាននៅឡើយ និងទាមទារឲ្យមានការចូលរួមពីបុរសក្នុងការផ្លាស់ប្តូរផ្នត់គំនិតយេនឌ័រ និងជំរុញទៅរាជរដ្ឋាភិបាលចាត់វិធានការម៉ឺងម៉ាត់ទប់ស្កាត់ការរំលោភបំពានមកលើស្ត្រី និងកុមារ។
អ្នកស្រី គង់ សាឡន ប្រធានមន្ទីរកិច្ចការនារីខេត្ត បានឡើងថ្លែងអំពីប្រវត្តិសិទ្ធិនារី ដោយលើកឡើងពីចំនួនស្ត្រីក្នុងស្ថាប័ននានានៅខេត្តព្រៃវែង ការផ្លាស់ប្តូរតួនាទីស្ត្រីជាអ្នកដឹកនាំ អ្នកស្ត្រីបានលើកឡើងពីប្រវត្តិ នៃការទាមទារសិទ្ធិសេរីភាពរបស់នារី ទៅលើការងារ និងប្រាក់កំរៃ ទាំងភាពបរាជ័យរហូតទទួលជ័យជំនះនៅឆ្នាំ ១៩១០ ប៉ុន្តែបច្ចុប្បន្នស្រ្តីនៅតែបន្តរងគ្រោះដោយ សាការកាប់បំផ្លាញព្រៃឈើ មិនថែទាំបរិស្ថាន ។
ឯកឧត្តម ជាសុមេធី អភិបាលខេត្តព្រៃវែង បានឡើងថ្លែងនូវព្រះរាជសារបស់សម្តេចព្រះមហាក្សត្រី ក្នុងទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ ២០១៦។
ឯកឧត្តម ស សុខា តំណាងរាស្ត្រ បានថ្លែងបញ្ជាក់បន្ថែម ពីប្រវត្តិនៃការតស៊ូរបស់នារី ក្នុងការទាមទារសិទ្ធិសេរីភាព លើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការតំឡើងប្រាក់ខែ ពីការចាប់បង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ដោយបង្ខំក្នុងសម័យប៉ុលពត ។លើកឡើងពីការថែរក្សាសុខភាពរបស់នារីពេលមានផ្ទៃពោះ សូមឲ្យអាដហុកជួយពន្យល់ដល់ពលរដ្ឋជាស្ត្រីនៅតាមមូលដ្ឋាន អោយយល់ពីការថែទាំសុខភាព ក៍ដូចបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ ពីការបញ្ចប់ការសិក្សានៅថ្នាក់ទាបរបស់ស្ត្រី ឲ្យខេត្តត្រូវយកចិត្តទុកដាក់ចំពោះនារីឲ្យបានចូលរៀន និងបន្តការសិក្សាឲ្យបានច្រើន ។
ដោយឡែកមុនប្រារព្វពិធី នៅវេលាម៉ោង ៩ព្រឹក សមាគមអាដហុក រួមជាមួយមន្ទីរកិច្ចការនារីខេត្ត បានចុះទៅសួរសុខទុកដល់អ្នកទោសជាស្ត្រី និងបាននាំអំណោយទៅចែកជូនដល់អ្នកទោសស្ត្រី ចំនួន ២១នាក់ កូនក្មេង ៣នាក់ និងមន្ត្រីពន្ធនាគារជាស្ត្រី ចំនួន ៨នាក់។ ថ្លែងសំណេះសំណាល អ្នកស្រី ឆន សុគន្ធា ប្រធានកម្មវិធីស្ត្រី និង កុមារសមាគមអាដហុក ភ្នំពេញ អំពីសិទ្ធស្ត្រី ដែលបុរសគួតែគោរព ហើយអ្នកស្រី ក៍បានសំដែងការរីករាយដែលបានមកជួបស្ត្រីជាប់ទោសនៅពន្ធនាគារ ។ បន្ទាប់មក អ្នកស្រី គង់ សាឡន ប្រធានមន្ទីរកិច្ចការនារីខេត្ត ក៍បានលើកឡើងដោយសូមអោយស្ត្រីជាអ្នកទោសត្រូវចេះកែខ្លួនឲ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយអ្នកស្រីសង្ឃឹមថាពួកគាត់ពិតជានិងរស់នៅដោយភាពថ្លៃថ្នូរ ពេលដែលមានសេរីភាពវិញ អង្គមិទិញបានបញ្ចប់នៅវេលាម៉ោង ៤ និង ៣០នាទីថ្ងៃ ខែ ឆ្នាំ ដដែល។