ប្រវត្តិ​​ង្ខេបសព លោក ចាន់ សុវ៉េត វរៈជន​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក

ប្រវត្តិ​សង្ខេបសព លោក ​ចាន់ សុវ៉េត វរៈជន​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក

ទទួល​មរណៈ​ភាពថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ២០១៤ វេលា​ម៉ោង​២ៈ០០​រសៀល ក្នុង​ជន្មាយុ ៥១ឆ្នាំ ដោយ​រោគ​​គា​ពាធ

វរៈជន​ការពារ​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត បាន​ចាប់​កំណើត នៅ​ក្នុង​ឆ្នាំរោង គ្រឹស្គរាជ្យ ១៩៦៣ នៅក្នុង​ភូមិក​ណ្តាល​ ឃុំព្រៃរ៉ៃ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ​ដែល​មាន​ឪពុក​ឈ្មោះ និត ពាន (បានស្លាប់​សម័យ​ប៉ុល ពត) ម្តាយ​ឈ្មោះ ចាន់ សារឿន ស្លាប់​ក្នុង​ឆ្នាំ​១៩៨០។ វរៈ​ជន​ការពារ​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត មាន​បងប្អូន​បង្កើត​ចំនួន៥នាក់ ហើយ​លោក គឺជាកូនទី៣ បងស្រីទី១ឈ្មោះ នុត ចាន់វណ្ណារី អាយុ៥៤ឆ្នាំ បងស្រី​ទី២​ឈ្មោះ នុត ចាន់វណ្ណី អាយុ៥២ឆ្នាំ ទី៣​លោក​​ ចាន់ សុវ៉េត ប្អូនស្រី​ទី៤ ឈ្មោះ នុត ចិន្តា អាយុ៤៥ឆ្នាំ ប្អូនប្រុស​ទី៥ ឈ្មោះ និត ចាន់​សម្ជស្ស អាយុ ៤២ឆ្នាំ ។ ក្នុ​ង​ចំណោម​បង​ប្អូន​ទាំង​ប្រាំ​នា​ក់នោះ គឺមាន​តែវរៈ​ជនការពារ​សិទ្ធិមនុស្ស លោក ចាន់ សុវ៉េត តែម្នាក់​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ប្រឡូក​ការងារ​លើកស្ទួយ​សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និងលិទ្ធ​ប្រជាធិបតេយ្យ​បានច្រើន​ជាងគេ។

ប្រវត្តិសិក្សាៈ

  • ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៨៥ កុមារា ចាន់ សុវ៉េត បានចូល​រៀនសាលា​បឋម​សិក្សា​កម្ពុជបុត្រ ។
  • ពីឆ្នាំ​ ១៩៨៥ ដល់ឆ្នាំ ១៩៨៨ លោក បាន​សិក្សា​នៅ​អនុវិទ្យាល័យ បឹងត្របែក ។
  • ពីឆ្នាំ ១៩៨៨​ ដល់ឆ្នាំ ១៩៩០ លោក បាន​សិក្សា​នៅវិទ្យា​ល័យ បឹងត្របែក និង​ទទួល​បាន​សញ្ញា​បត្រមធ្យម​សិក្សា​ទុយតិភូមិ  (បាក់ឌុប) ។ នៅវ័យ​កុមារភាព និង​ជាយុវ​សិស្ស លោក ចាន់ សុវ៉េត គឺជា​សិស្សពូ​កែដ៍​ឆ្នើម​ម្នាក់ ។
  • ​​​​​​​ពីឆ្នាំ១៩៩៨​ ដល់ឆ្នាំ ២០០១ លោក ចាន់ សុវ៉េត បាន​សិក្សា​មុខវិជ្ជា​ច្បាប់​រហូត​ដល់​ទទួល​បាន​អនុបណ្ឌិត​ច្បាប់ នៅ​ក្នុង​សាកល​វិទ្យាល័យ​មួ​យ​ក្នុងរាជ​ធានី​ភ្នំពេញ ។
  • ក្នុងឆ្នាំ  ១៩៩៨  វរៈ​ជន​ការ​ពារ​សិទ្ធិ​មនុស្ស លោក  ចាន់  សុវ៉េត   បានរៀប​អាពាហ៍ពិពាហ៍​​ជាមួយ​អ្នក​ស្រី  ប៊ី  សុភាព​ដែល​បច្ចុប្បន្ន​អាយុ ៤៥ឆ្នាំ  ។ ចំណង​ដៃនៃ​អាពាហ៍ពិពាហ៍​នេះ​បាន​ផ្តល់​កំណើត​ដល់កូន​ប្រុសស្រី​ចំនួន ៣នាក់ កូន​ប្រុស​ទី១ ឈ្មោះ ចាន់ សុវិសាល កើត​ឆ្នាំ១៩៩៨ បច្ចុប្បន្ន​កំពុង​តែសិក្សា​ថ្នាក់​ឧត្តម​សិក្សា​ផ្នែក​នីតិ​សាស្ត្រ កូន​ប្រុស​ទី២ ឈ្មោះ ចាន់ សុវុទ្ធី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ អនុវិទ្យាល័យ ទួលទំពូង និងកូនស្រី​ពៅ​ឈ្មោះ ចាន់ សុលិកា អាយុ០៩ឆ្នាំ រៀន​ថ្នាក់ទី​៣ នៃ​បឋម​សិក្សា​ទួលទំពូង ។

ប្រវត្តិការងារៈ

  • ឆ្នាំ  ១៩៩០ លោក ចាន់ សុវ៉េត បាន​បំរើ​ការងារ​ជា​នាយ​ទាហាន​ផ្នែក​កាំ​ភ្លើងធំ
  • ឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៤ លោក ចាន់ សុវ៉េត ធ្វើជា​គ្រូ​បង្រៀន​ជាភា​សា​អង់គ្លេស នៅ​សាលា​ឯកជន​សំពៅ​មាស ។
  • ឆ្នាំ ១៩៩៣ ជា​មន្ត្រី​បំរើការ​ងារ​បោះឆ្នោត​នៃ​អាជ្ញា​ធរ​បណ្តោះ​អាសន្ន អង្គការ​សហ​ប្រជាជាតិ (អ៊ុនតាក់)
  • ឆ្នាំ ១៩៩៥ ដល់ថ្ងៃ១០ ធ្នូ ឆ្នាំ២០១៤ ចូល​បំរើការងារ​ជាមន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​ក្នុង​សមាគម​អាដហុក ។

ស្នាដៃការងារៈ

លោក ចាន់ សុវ៉េត បាន​លះ​បង់​ពេល​វេលា​អស់​ពីកម្លាំង​កាយ​ចិត្ត បំរើ​ប្រជាពល​រដ្ឋខ្មែរ​ស្ទើ​គ្រប់​ករណី​រំលោភ​សិទ្ធិមនុស្ស និង​បញ្ហា​អយុត្តិធម៌​សង្គម​នានា នៅក្នុង​ប្រទេសកម្ពុជា​ប្រកប​ដោយ​ឆន្ទះ​ដ៍ខ្ពង់​ខ្ពស់​បំផុត។

លោក ត្រូវ​បាន​ប្រជាពល​រដ្ឋ​គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​នៅ​ទីក្រុង និងជន​បទ​ដាច់​ស្រយាល អង្គការ​ជាតិ និង​អន្តរជាតិ ទីភ្នាក់​ងារ​សហ​ប្រជា​ជាតិ​ផ្សេងៗ ដៃគូ​ម្ចាស់​ជំនួយ និងស្ថាន​ទូត​នានា ចាត់​ទុក​លោក ចាន់ សុវ៉េត ជាវរៈ​ជន​ការពារ​សិទ្ធិ​មនុស្ស និង​ជា​មនុស្ស​ដ៍សំខាន់​ម្នាក់ ដែល​គួរ​អោយ​គោរ​ពស្រ​ឡាញ់​រាប់​អាន ហើយ​កេរ្តិ៍ឈ្មោះ​របស់​វរៈ​ជន​ការពារ​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត បាន​ក្រអូប​សុះសាយ​គ្រប់​ទិស​ទីនៅ​ក្នុង​ប្រទេស​កម្ពុជា ក៍ដូច​ជា​នៅ​លើ​ឆាក​អន្តរ​ជាតិ ។ កេរ្តិ៍ឈ្មោះ​ដ៍ល្បី​រន្ទឺ​នេះទទួល​បានមក​ដោយភាព​ក្លាហាន និង​សេចក្តី​ស្រឡាញ់​យុត្តិធម៌​របស់​លោក វរៈជន​ការពារ​សិទ្ធិ​មនុស្ស​លោក ចាន់ សុវ៉េត បំពេញ​ការងារ​សិទ្ធិ​មនុស្ស​ដោយ​មិនមាន​ការ​រាថយ និង​គ្មាន​ការភ័យ​ក្លាច​ទោះ​បី​មាន​ការ​ចោទ​ប្រកាន់​ពីតុលា​ការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៍ដោយ​នៅឆ្នាំ២០១២ ក្នុង​ឆ្នាំ​២០១២ នេះ​ដដែរ ក៍មាន​ការ​គំរាម​គំហែង​អាយុ​ជិវិត​ជាច្រើន​លើក​ច្រើន​សារ​ផងដែរ ។ លើស​ពីនេះ​ទៅ​ទៀត វរៈ​ជន​ការពារ​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត មិន​ដែល​ចុះញ៉ម និងការ​បំភិត​បំភ័យ គំរាម​គំហែង ពី​សំណាក់​បុគ្គល​មាន​អំណាច និង​ពីស្ថាប័ន​តុលាការ​ដែល​មិន​ឯករាជ្យ​នៅឡើយ ។ ផ្ទុយ​ទៅ​វិញ​រិទ្ធិ​តែ​ធ្វើ​អោយ​លោក​មាន​ឆន្ទះ​លះ​បង់​កាន់​តែខ្ពស់ ដោយ​ពេល​ខ្លះ​បំពេញ​ការងារ​ទាំង​យប់​អធ្រាត និង​ថ្ងៃ​ឈប់​សំរាក​ទៀត​ផង ជាក់​ស្តែង​នៅថ្ងៃ​ទី១០ ធ្នូ ឆ្នាំ២០១៤ លោក បាន​ជិះម៉ូតូ​ចូលរួម​សង្កេតការណ៍ ការ​ដង្ហែរ​ក្បួន​នានា និង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០ធ្នូ យ៉ាង​សស្រាក់​សស្រាំ បើទោះ​បីជា​លោក​មាន​ការ​នឿយ​ហត់ និងមាន​អាការៈ​មិនស្រួល​ខ្លួន​ក៍​ដោយ ។

ជា​អកុស​វរៈ​ជន​ការពារ​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត ក៍​បាន​មរណៈ​ភាព នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ វេលា​ម៉ោង​២ៈ០០​រសៀល ដែល​ជាថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ លើកទី៦៦ ។

យើង​ខ្ញុំជា​បុគ្គលិក​នៃ​សមាគមអា​ដហុក នឹង​ចង​ចាំនូវ​គំរូវីរ​ភាពវរៈ​ជនការពារ​សិទ្ធិ​មនុស្ស​លោក ចាន់ សុវ៉េត ជា​រៀង​រហូត​គ្មាន​ថ្ងៃបំភ្លេច​បាន​ទេ និង​សូមឧទ្ទិស​ដល់​វិញ្ញាក្ខន​របស់​លោក​សូមទៅ​កាន់​សុគតិភព​កុំបីខាន។