លោក Guy Aurenche ប្រធានអង្គការ CCFD បានដឹកនាំគណៈប្រតិភូជាង៧០នាក់ មកពីអង្គការ CCFD និងទស្សនាវដ្តី ឡា វី ។ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ លោក ធន សារាយ ប្រធានសមាគមអាដហុក បានស្វាគមន៍ដល់គណៈប្រតិភូ ដោយបានលើកឡើងអំពីស្ថានភាពសិទិ្ធមនុស្សនៅក្នុងប្រទេសកម្ពុជា ដូចជាសកម្មភាពរបស់សមាគមអាដហុក ។ សមាគមអាដហុក បានបង្កើតឡើងនៅក្នុងខែធ្នូ ឆ្នាំ១៩៩១ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដោយអ្នកទោសនយោបាយមួយក្រុម ។
នៅក្នុងឆ្នាំ២០១៥ ផ្នែកស្រ្តី និងកុមាររបស់សមាគមអាដហុក បានទទួលពាក្យបណ្តឹង ពាក់ព័ន្ធនឹងហិង្សាប្រឆាំងស្រ្តី និងកុមារចំនួន៥១៦ករណី ក្នុងនោះហិង្សាក្នុងគ្រួសារ១៣៨ករណី ការជួញដូរកម្លាំងពលកម្ម និងការជួញដូរមនុស្ស ១៣៧ករណី ជួញដូរភេទ៦ករណី និង រំលោភសេពសន្ថវៈ២៣៥ករណី ។ សរុបជនរងគ្រោះចំនួន៩៦២នាក់ ក្នុងនោះជនរងគ្រោះករណីជួញដូរមនុស្ស៥៨៩នាក់ មាន១២២នាក់ជាស្រ្តី ដែល៦នាក់ជាករណីជួញដូរភេទ ជនរងគ្រោះដោយការរំលោភសេពសន្ថវៈ២៣៥នាក់ជាស្រ្តី និងកុមារី ជនរងគ្រោះដោយករណីហិង្សាក្នុងគ្រួសារ១៣៨នាក់ជាស្ត្រី ។ នៅក្នុងឆ្នាំ២០១៥នេះដែរ ផ្នែកដីធ្លី និងធនធានធម្មជាតិ ទទួលពាក្យបណ្តឹងចំនួន១៨៥ករណី ក្នុងនោះប៉ះពាល់១៧,១២៨គ្រួសារ និងផ្ទៃដីចំនួន ៣២,៧៩៣ហិចតា ។ ផ្នែកសិទិ្ធមនុស្ស និងច្បាប់ ទទួលពាក្យបណ្តឹងចំនួន៣៦០ករណី ប៉ះពាល់ជនរងគ្រោះចំនួន៣៦៥នាក់ ។