នៅក្នុងរបាយការណ៍ស្ថានភាពសិទ្ធិស្ត្រី និងកុមារ របស់សមាគមអាដហុក ក្នុងឆ្នាំ២០១២ នឹង លើកយកនូវបញ្ហាប្រឈមចំនួនបួន មកធ្វើការវិភាគ ដោយផ្អែកលើស្ថិតិនៃរបាយការណ៍ស៊ើបអង្កេត របស់ សមាគអាដហុក នៅទូទាំង២៣ ខេត្ត/ក្រុង ជាមូលដ្ឋាន។ ដោយហេតុថា មានប្រភពព័ត៌មានពីស្ថាប័ន ផ្សេងៗដែលបង្ហាញពីការរំលោភលើសិទ្ធិស្រ្តី និងកុមារនៅក្នុងឆ្នាំ២០១២ មានតិចតួច សម្រាប់យើងអាចប្រើប្រាស់ជាឯកសារយោងក្នុងការសរសេររបាយការណ៍ស្ថានភាពប្រចាំឆ្នាំ។ តែទោះជា យ៉ាងណាក្ដី យើងក៏បានប្រើប្រាស់ ឯកសារយោង ដែលមានជាក់ស្ដែងសំរាប់ជាចំនួនទិន្នន័យ ក្នុងការវិភាគផងដែរ។ បញ្ហាគន្លឹះទាំង៤ ដែលយើងលើកយកមកធ្វើការវិភាគ រួមមានអំពើហិង្សាក្នុងគ្រួសារ អំពើរំលោភបំពានផ្លូវភេទ អំពើជួញដូរមនុស្ស និងការរំលោភបំពានសិទ្ធិពលករ ចំណាកស្រុក (ឬការរំលោភសិទ្ធិពលករទេសន្តរ ប្រវេសន៍)។ ការវិភាគនៅក្នុងរបាយការណ៍ទាំងនេះ គឺជាជ្រុងមួយនៃបញ្ហាដែលកំពុងកើតមាននៅប្រទេសកម្ពុជា និង ចំពោះប្រជាពលរដ្ឋកម្ពុជា ក៍ប៉ុន្តែមិនមានន័យ ថាបញ្ហាប្រឈមដែលបានលើកឡើង បានបង្ហាញនូវបញ្ហាទាំងអស់នៅប្រទេសកម្ពុជានោះទេ បញ្ហាជាក់ស្តែងអាចកើតឡើងច្រើនជាងចំនួនដែលនឹងឡើងនេះ ។ អំពើហិង្សាក្នុងគ្រួសារ ជាបញ្ហាសង្គមដែលចាក់រឹសយ៉ាងជ្រៅ បានកើតមាននៅគ្រប់សង្គម គ្រាន់តែមានលក្ខណៈខុសៗគ្នា។ ដោយឡែកប្រទេសកម្ពុជា ដោយសារផ្នត់គំនិត ទំនៀមទម្លាប់ប្រពៃណីនៃការលើកស្ទួយអំណាចបុរសជាមេគ្រួសារ អាចបណ្តាលឲ្យស្រ្តីនិងកុមារ ក្លាយជាជនរងគ្រោះខ្លាំងជាងគេនៅ ក្នុងបញ្ហានេះ។ តាមរបាយការណ៍អង្កេត និងឃ្លាំមើលស្ថានភាពទូទៅក្នុងឆ្នាំ២០១២នេះ យ៉ាងហោចណាស់ ក៍មានជនរងគ្រោះចំនួន១០៨៩[1]នាក់ជាស្រ្តីនិងកុមារបានរងផលប៉ះពាល់ នៃអំពើហិង្សាក្នុង គ្រួសារទាំងនេះ ។ ឆ្នាំនេះចំណុចដែលគួរឲ្យចាប់អារម្មណ៍ គឺអំពើហិង្សាដែលអូសបន្លាយពេលយូរ និងការទទួលរង ទារុណកម្មផ្លូវចិត្តរ៉ាំរ៉ៃ ខ្វះការយល់អធ្យាស្រ័យគ្នាក្នុងគ្រួសារ បង្កើតជាឃាតកម្មក្នុងគ្រួសារគួរឲ្យរន្ធត់ ដូចជាប្តីសម្លាប់ប្រពន្ធ កូនសម្លាប់ឪពុក គំនុំយ៉ាងជ្រាលជ្រៅរហូតដល់ ប្រពន្ធដាច់ចិត្តសម្លាប់ប្តីរបស់ខ្លួន កាត់បំបែកសាកសព ជាបំណែកៗ ដែលស្ទើរតែមិនធ្លាប់មានពីមុនមក ឬពេលខ្លះក៍សម្រេចចិត្តធ្វើអត្តឃាត ឬប្រើទឹកអាស៊ីតដើម្បីដោះស្រាយជាដើម ។ បញ្ហាទាំងនេះបណ្តាលឲ្យក្រុមគ្រួសារ រស់នៅខ្វះភាពសុខដុមរមនា កូនប្រុសស្រីរងផលប៉ះពាល់ជាខ្លាំង ពេលខ្លះក៏សម្រេចចិត្តធ្វើចំណាកស្រុកប្រថុយប្រថាន លែងបារម្ភពីគ្រោះថ្នាក់ ឬក៏អាចក្លាយជាកម្មវត្ថុនៃអំពើជួញដូរ ឬការចាកចេញពីផ្ទះទៅប្រព្រឹត្តអំពើខុសច្បាប់ ដែលសង្គមស្អប់ខ្ពើម ដូចជាប្រើគ្រឿងញៀន ល្បែង លួច ឆក់ ប្លន់ រំលោភសេពសន្ថវៈជាដើម ។ ប្រការដែលសង្គមទាំងមូលគួរយកចិត្តទុកដាក់គឺភាគរយនៃករណីឃាតកម្មនៅក្នុងគ្រួសារបានកើនឡើង១.១% ខណៈដែលភាគរយនៃជនប្រព្រឹត្តល្មើសរួចទោសមានការកើនឡើងចំនួនប្រមាណ២% ។
ទន្ទឹមនឹងស្ថានភាពហិង្សាក្នុងគ្រួសារកើតឡើងកាន់តែព្រៃផ្សៃ និងការស្លាប់ដោយទង្វើនេះ កាន់តែកើនឡើង បញ្ហារំលោភបំពានផ្លូវភេទក៏មានសភាពគួរឲ្យបារម្ភខ្លាំងដែរគឺ យុវតី កុមារី និងមនុស្សចាស់ជរា ត្រូវប្រឈមនឹងការរំលោភផ្លូវភេទដែរ សូម្បីតែកុមារីអាយុពីរ ឬបីឆ្នាំ មនុស្សចាស់ជរា និងជនពិការ ក៏ត្រូវបានក្លាយជាជនរងគ្រោះនៃទង្វើអសីលធម៌នេះ។ ជាពិសេស ក្តីបារម្ភជាងនេះគឺជនប្រព្រឹត្ត ជាអ្នកជិតខាង ជាអ្នកស្គាល់គ្នា បានស្ថិតក្នុងលំដាប់ខ្ពស់ជាងគេ គឺប្រមាណ៧០% នៃប្រភេទជនប្រព្រឹត្តិទាំងអស់ ដែលមានដូចជា កម្មករ ឪពុកបង្កើត ឪពុកចុង សិស្ស គ្រូបង្រៀន ព្រះសង្ឃ ជាដើម ហើយក្នុងនេះក៏មានជនប្រព្រឹត្តិដែលជាអនីតិជនផងដែរ ។ កត្តាជាច្រើន ដូចជាការប្រើគ្រឿងស្រវឹង គ្រឿងញៀន បញ្ហាផ្លូវចិត្ត ការចូលចិត្តបំពានលើដៃគូ ចំណេះដឹងទាប និងសីលធម៌ទាប នៃអ្នកប្រព្រឹត្តជម្រុញទៅដល់ការរំលោភបំពានផ្លូវភេទបែបនេះ ។ ប៉ុន្តែកត្តាបរិស្ថានជុំវិញរបស់កុមារ និងយុវវ័យ ព្រមទាំងកត្តាទំនាក់ទំនងក្នុងសង្គម ដែលបានប៉ះពាល់ដល់សិទ្ធិស្ត្រី និងកុមារី ការខកខានក្នុងការដាក់ទោសជាជនប្រព្រឹត្តជាដើម ក៏ជាមូលហេតុសំខាន់នាំដល់ការរំលោភបំពានសិទ្ធិស្ត្រី និងកុមារី ។ មានទស្សនៈ និងផ្នត់គំនិតមួយលើកឡើងប្រៀបធៀបបុរសទៅនឹងមាសទឹកដប់ ដែលបង្កប់នូវន័យលើកដម្កើងចំពោះបុរសហួសហេតុ តើអាចប៉ះពាល់ដល់តម្លៃស្ត្រីឬទេ? ទស្សនៈលំអៀងចំពោះស្ត្រី នៅតែដក់ជាប់ក្នុងផ្នត់គំនិតសង្គមខ្មែរ ជាពិសេសបញ្ហាសង្គមជាច្រើនដូចជា និទណ្ឌភាព កត្តាជីវភាពក្រីក្រ សន្តិសុខសង្គម ទម្លាប់នៃការប្រព្រឹត្តិហិង្សាក្នុងគ្រួសារ ជាប្រការចំបងនាំឲ្យមានទង្វើអសីលធម៌ ព្រោះវាបានបណ្តាលឲ្យជនរងគ្រោះជួបនឹងគ្រោះថ្នាក់ ព្រមទាំងបង្កឲ្យជនប្រព្រឹត្តិកាន់តែងាយស្រួលប្រព្រឹត្តិនូវទង្វើល្មើសច្បាប់។
ឆ្នាំ២០១២នេះជាឆ្នាំមួយដែល អំពើជួញដូរមនុស្សកើនឡើង ជាពិសេសអំពើជួញដូរកម្លាំង ពលកម្ម ។ បញ្ហាជួញដូរមនុស្សនៅប្រទេសកម្ពុជា អាចបណ្តាលមកពីកត្តាស្ថានភាពសេដ្ឋកិច្ច‑សង្គម មិនស្មើគ្នា ដូចជាភាពក្រីក្រ កង្វះការងារក្នុងស្រុក ខ្វះការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស ជា សាធារណៈ វិធានការប្រឆាំងនិងការពារ ព្រមទាំងប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ ស្តីពីការបង្ក្រាបនូវអំពើ ជួញដូរមនុស្សនៅមានកំរិត ។ កត្តានេះបានជម្រុញឲ្យជនរងគ្រោះ ងាយធ្លាក់ខ្លួនជាទាសករនៅផ្ទះ ទាសភាពនៃបំណុល ធ្វើការងារធ្ងន់ធ្ងរក្នុង ទូក កប៉ាល់ កសិ‑ឧស្សាហកម្ម រងការរំលោភបំពានទាំងផ្លូវកាយ និង ចិត្ត ត្រូវគេបង្ខំឲ្យបំរើផ្លូវភេទ ។ ជនរងគ្រោះនៃអំពើជួញដូរផ្លូវភេទ ភាគច្រើនលើសលប់ ជាស្ត្រី និងកុមារី ដែលត្រូវបានមេខ្យល់បញ្ចុះបញ្ចូលរៀបការទៅបរទេស ចាប់ពង្រត់ឬ នាំទៅរកការងារធ្វើនៅទីក្រុង ឬទីប្រជុំជន ដូចជាក្រុងភ្នំពេញ កោះកុង កំពង់សោម ហើយករណីខ្លះត្រូវបានគេបញ្ជូនឆ្លងដែនខុសច្បាប់តាមច្រកកោះកុង ដើម្បីលក់ទៅ ទាំងក្នុងនិងក្រៅប្រទេស ដូចជាកន្លែងក្លឹបកំសាន្ត សណ្ឋាគារ កន្លែងចាប់សរសៃ ជាដើម។ ដោយឡែកជនរងគ្រោះនៃអំពើជួញដូរពលកម្ម៩៤% ជាបុរសនិង កុមារា ដែលទៅតាមមេខ្យល់បញ្ចុះបញ្ចូលទៅធ្វើការ ដោយសន្យាផ្តល់ប្រាក់ខែខ្ពស់ លក្ខខណ្ឌការងារងាយស្រួល និងមួយចំនួន ទៅតាមភ្នាក់ងារក្រុមហ៊ុន ហើយត្រូវបានគេបញ្ជូនបន្តទៅប្រទេសផ្សេងៗ ដូចជាករណីកម្មករនេសាទ មួយចំនួនត្រូវបានបញ្ជូនទៅដល់ប្រទេសហ្វីជី អាហ្វ្រិកខាងត្បូង ចិន សាំងហ្គាពួរ មីក្រូនេស៊ីយ៉ា ជាដើម ដែលតាមច្បាប់ដែលអនុញ្ញាតិបានឲ្យបញ្ជូនពលករទៅបំរើការងារតែប្រទេសចំនួនបួន គឺប្រទេស ម៉ាឡេស៊ី ថៃ ជប៉ុន និង កូរ៉េ តែប៉ុណ្ណោះ ។
ចំពោះករណីការរំលោភសិទ្ធិពលករចំណាកស្រុក(ទេសន្តរប្រវេសន៍) ធ្វើឡើងក្រោមពីររូបភាពគឺមានឯកសារ (ស្របច្បាប់) និងមិនមានឯកសារ (មិនស្របច្បាប់) ដែលនៅក្នុងឆ្នាំ២០១២នេះ មានការកើនឡើងជាង២០០%ប្រៀបធៀបនឹងឆ្នាំ២០១១ ក្នុងនោះមាន៧៣.៧% (នៃចំនួនទាំងពលករសរុប៤៦៨នាក់) ជាស្រ្តី(ពលការីនី) ដែលរងគ្រោះនូវអំពើរំលោភបំពានសិទ្ធិនោះ។ ករណីសរុបឆ្នាំនេះមានចំនួន៣១៣ករណី ក្នុងនោះ២៨៨ករណី គឺកើតឡើងដោយសារចំណាកស្រុកស្របច្បាប់ មានឯកសារត្រឹមត្រូវ ទៅតាមរយៈភ្នាក់ងារនាំពលករទៅបំរើការងារក្រៅប្រទេស ។ ដោយសារតម្រូវការជីវភាព ពលករកម្ពុជាបានចាកចោលស្រុកក្នុងគោលបំណងស្វែងរកការងារធ្វើយ៉ាងច្រើន តាមគ្រប់មធ្យោបាយ ដោយមិនគិតពីគ្រោះថ្នាក់ ដែលអាចត្រូវ គេរំលោភបំពានសិទ្ធិទាំងក្នុងការបំពេញការងារ និងសិទ្ធិមូលដ្ឋានរបស់មនុស្ស ។ បញ្ហាទាំងនោះមានដូចជា ការបង្ខំឲ្យបន្តកិច្ចសន្យាការងារ ដោយមិនបើកប្រាក់ឈ្នួល ការកាត់ប្រាក់ខែ ការបង្ខំឲ្យធ្វើការធ្ងន់ធ្ងរ គ្មានពេលសំរាកគ្រប់គ្រាន់ មិនមានការយកចិត្តទុកដាក់លើសុខភាព និង អាហារគ្រប់គ្រាន់ ព្រមទាំងរងនូវការវាយដំ ធ្វើទារុណកម្ម ការរំលោភបំពានផ្លូវភេទ ធ្លាក់ខ្លួនជា ទាសភាពបំណុល ទាសភាពនៅផ្ទះ ពេលខ្លះ ត្រូវគេជួញដូរបន្តទៅប្រទេសផ្សេងៗ ។ ដោយសារ ស្ថានភាពប្រឈម ការរំលោភ បំពានខ្លាំង នៅខែតុលា ឆ្នាំ ២០១១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន ចេញសារាចរផ្អាកការជ្រើសរើស និងបញ្ជូនពលករទៅប្រទេសម៉ាឡេស៊ី ។ ទោះជាមានការផ្អាក ការនាំចេញទៅប្រទេសម៉ាឡេស៊ី ប៉ុន្តែស្ថាន ភាពប្រឈមរបស់ពលករចំណាកស្រុកនៅតែជួបការលំបាក ដោយសារកង្វះយន្តការតាមដាន និងដោះ ស្រាយជាក់លាក់ ចំពោះបញ្ហារបស់ពលករ ការតាមដានពីសុខទុក្ខ ជាពិសេសក្រុមហ៊ុនឬភ្នាក់ងារ មួយ ចំនួនខ្វះការទទួលខុសត្រូវ ចំពោះពលករដែលបានខ្លួនបញ្ជូន។ ម្យ៉ាងទៀត ដោយសារការ ខ្វះចន្លោះ របស់ក្រសួងមានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យឲ្យបានដិតដល់ចំពោះការខកខាន មិនបានអនុវត្តទៅ តាមច្បាប់ នៃភ្នាក់ងារ/ក្រុមហ៊ុន ហើយក្រុមហ៊ុនមួយចំនួនមានឥទ្ធិពលលើបុគ្គលនៃស្ថាប័នដោះស្រាយ បញ្ហា ដែលបណ្តាលឲ្យបញ្ហាមិនត្រូវបានដោះស្រាយ។
តាមរបាយការណ៍លទ្ធផល នៃការស្រាវជ្រាវរបស់គណៈកម្មាធិការជាតិដឹកនាំ ការបង្រ្កាប អំពើជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ (នៃក្រសួងមហាផ្ទៃ) បង្ហាញថា មានពលរដ្ឋខ្មែរ បានឆ្លងដែនទៅប្រទេសថៃ ដើម្បីធ្វើការងារប្រមាណ៤០០,០០០នាក់(សែសិបម៉ឺននាក់) ដោយមិនរាប់បញ្ចូលការឆ្លងដែនខុសច្បាប់ផ្សេងៗនោះទេ។ ដើម្បីស្វែងរកការងារនិងរកកម្រៃទ្រទ្រង់ជីវភាព ពលរដ្ឋខ្មែរបានឆ្លងដែនទៅប្រទេសក្រៅ ដោយមិនមានឯកសារត្រឹមត្រូវ ទោះបីជាដឹងថាជាទង្វើខុសច្បាប់ និងជាការប្រថុយនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ ។ ពួកគេ ធ្វើឡើងតាមរយៈមេខ្យល់ អ្នកជិតខាង ឬបង្កើតជាក្រុមលួចឆ្លងដែនពេលយប់ ។ បញ្ហានេះ អាចបណ្តាលមកពីទីផ្សារការងារក្នុងស្រុកចង្អៀត និងការរកប្រាក់ចំណូលទាបជាងនៅក្រៅប្រទេស រួមផ្សំ នឹងភាពស្មុគស្មាញនៃការរៀបចំបែបបទស្របច្បាប់ ជាពិសេសតម្លៃនៃសេវាលិខិតឆ្លងដែនខ្ពស់បើប្រៀបធៀបនឹងប្រទេសផ្សេងៗ[2] ។ ក្នុងឆ្នាំ២០១២នេះ មានការឆ្លងដែនពេលយប់បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរ រងការបាញ់ប្រហារពីអាជ្ញាធរថៃ ការរំលោភសេពសន្ថវៈ បង្ខំឲ្យប្រើគ្រឿងញៀន ត្រូវ ជាប់គុក ក្លាយជាទាសករបំណុលជាដើម ។ យ៉ាងហោចណាស់ក៏មាន៣៤ករណី ដែលត្រូវទាហានថៃបាញ់ប្រហារលើពលរដ្ឋកម្ពុជាបណ្តាលឲ្យស្លាប់ ដោយសារការឆ្លងដែនខុសច្បាប់ទៅរកឈើក្រញូង នៅទឹកដីថៃ[3] ។
ដើម្បីដោះស្រាយបញ្ហាខាងលើ និងរួមចំណែកឲ្យស្ថានភាពសិទ្ធិស្រ្តី កុមារ និងចំណាកស្រុក បានកាន់តែល្អប្រសើរ សមាគមអាដហុកសូមជូនជាអនុសាសន៍ដូចខាងក្រោម៖
បង្កើនការអនុវត្តន៍ច្បាប់ ឲ្យមានប្រសិទ្ធភាព ដោយនាំជនប្រព្រឹត្តបទល្មើសមកផ្តន្ទាទោស ដូចជាច្បាប់ ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ច្បាប់ស្តីពីការបង្រ្កាប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីការងារ អនុក្រិត្យលេខ១៩០ ស្តីពីការបញ្ជូនពលករទៅបំរើការក្រៅប្រទេស ដោយបង្កើតនូវយន្តការច្បាស់លាស់សម្រាប់ពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងដាក់ពិន័យចំពោះមន្ត្រីអនុវត្តខុសច្បាប់ និង នីតិវិធី ព្រមទាំងបង្កើនកិច្ចសហការជាមួយអង្គការសង្គមស៊ីវីល
រាជរដ្ឋាភិបាល ជាពិសេសក្រសួងទទួលបន្ទុក ដូចជាក្រសួងកិច្ចការនារី ក្រសួងអប់រំ ក្រសួងពត៌មាន ក្រសួងការងារ បង្កើនការផ្សព្វផ្សាយកម្មវិធីអប់រំអំពីផលវិបាកនៃអំពើហិង្សា សីលធម៌សង្គម អំពើរំលោភបំពានផ្លូវភេទ អំពើជួញដូរផ្លូវភេទ អំពើជួញដូរមនុស្ស សុវត្ថិភាពទេសន្តរប្រវេសន៍និងផលវិបាកនៃចំណាកស្រុកមិនមានឯកសារ ព្រមវិធានការទប់ស្កាត់ និងពង្រឹងសីលធម៌សង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីសិក្សាជាតិ តាំងពីកំរិតបឋមសិក្សា
ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច គួរបង្កើននូវកម្មវិធីបណ្តុះបណ្តាលមុខជំនាញផ្សេងៗសម្រាប់ ពលករ ជាពិសេស ស្ត្រី និងលើកទឹកចិត្ត ដល់ស្ត្រី ក្នុងការចូលរួមធ្វើការងារសង្គម ឬ បង្កើត មុខរបរផ្សេងៗ ការងារក្នុងស្រុក និងលក្ខខណ្ឌការងារឲ្យបានល្អប្រសើរ ដើម្បីបង្កើនឱកាសរកចំណូល និងអភិវឌ្ឍន៍ក្នុងស្រុក
រដ្ឋាភិបាលគួរពង្រឹងនូវការអនុវត្តន៍ច្បាប់សន្តិសុខសង្គម និងបែងចែកថវិកាសម្រាប់បណ្តុះបណ្តាល ធនធានមនុស្ស ផ្តល់សេវាសង្គម កន្លែងសម្រាប់ជនរងគ្រោះស្នាក់នៅបណ្តោះអាសន្ន ដោយ មិនយកកម្រៃ ដើម្បីសម្រួលដល់ដំណើរការស្វែងរកយុត្តិធម៌នៅតុលាការរបស់ជនរងគ្រោះ
គួរមានការបោះពុម្ពផ្សាយជាសាធារណៈនៅបញ្ហាដែលកើតមានចំពោះស្រ្តី កុមារ អំពើជួញដូរមនុស្ស និងចំណាកស្រុកដោយសុវត្ថិភាពឲ្យបានទូលំទូលាយ
រាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃគួរសម្រួលចំពោះតម្លៃសេវា និងបែបបទនៃការរៀបចំលិខិតឆ្លងដែន និង លិខិតអនុញ្ញាតឆ្លងដែនដើម្បីពលរដ្ឋកម្ពុជាទូទៅ អាចមានលទ្ធភាពទទួល បាននូវសេវាទាំងនោះ
ប្រជាពលរដ្ឋទូទៅត្រូវតែចូលរួមអនុវត្តច្បាប់ ដើម្បីរួមចំណែកឲ្យសង្គមជាតិមានការរីកចំរើនតាមរយៈការចូលរួមអនុវត្តច្បាប់ទាំងអស់ដែលមានជាធរមាន សហការទប់ស្កាត់ និងផ្តន្ទាទោសជនប្រព្រឹត្តល្មើស និងបង្កើនការយកចិត្តទុកដាក់អប់រំបុត្រាបុត្រី អំពីសីលធម៌សង្គម ការយល់អធ្យាស្រ័យគ្នា ដោយចៀសវាងការប្រើហិង្សាដើម្បីដោះស្រាយបញ្ហា ។
[1] យោងតាមស្ថិតិរបស់សមាគមអាដហុក ឆ្នាំ ២០១២
[2] នៅប្រទេសកម្ពុជា តម្លៃលិខិតឆ្លងដែន ១៣៥ $, ប្រទេសវៀតណាម:1០$ (តាមពត៌មានពីជនជាតិវៀតណាម), based on web page www.passport-collector.com/2012Thailand: 1000baht (32$), Malaysia:300RM (100$), Indonesia:250000Rupiah(២៦$), Singapore: 80$Singapor ( 65$); Denmark: 600kr(109$), Sweden: 400SEK(61$), France: 89E(115.7$),
[3] តាមការឃ្លាំមើលរបស់អ្នកសម្របសម្រួលនៃសមាគមអាដហុកប្រចាំខេត្តឧត្តរមានជ័យ