តុលាការសាលាឧទ្ធរណ៍ សំរេច ផ្ដន្ទាទោស ប្រជាពលរដ្ឋ បឹងកក់ ១៣នាក់ អោយជាប់ពន្ធនាគារ ១ខែ៣ថ្ងៃ

តុលាការសាលាឧទ្ធរណ៍ សំរេច ផ្ដន្ទាទោស ប្រជាពលរដ្ឋ បឹងកក់ ១៣នាក់ អោយជាប់ពន្ធនាគារ ១ខែ៣ថ្ងៃ

អ្នកភូមិបឹងកក់ ១៣នាក់ ​ដែលត្រូវបាន អាជ្ញាធរ ក្រុងភ្នំពេញ ចាប់ខ្លួន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ និង ត្រូវបាន តុលាការសាលាដំបូង រាជធានីភ្នំពេញ សំរេច ផ្ដន្ទាទោស អោយជាប់ ពន្ធនាគារ រយៈពេល ២ឆ្នាំ ៦ខែ នោះត្រូវបាន តុលាការសាលាឧទ្ធរណ៍ បើកសវនាការ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ដែលដឹកនាំដោយ ឯកឧត្ដម សេង ស៊ីវត្ថា ជាប្រធាន នៃក្រុមប្រឹក្សាអង្គជំនុំជម្រះ។

នៅក្នុងដំណើរការ នៃអង្គវនាការ ក្រុមប្រឹក្សា អង្គជំនុំជម្រះ បានបើកឱកាស អោយប្រជាពលរដ្ឋ ទាំង​១៣នាក់ ​ដែលជាជនត្រូវចោទ មានលទ្ធភាព និងឱកាស ក្នុងការ ឆ្លើយតបទៅនឹង សំនួរ របស់ ក្រុមប្រឹក្សា ក៏ដូចជាសំនួរ របស់ ព្រះរាជអាជ្ញា និង មេធាវិដើមចោទ។ ក៏ប៉ុន្តែ នៅក្នុង អង្គសវនាការ តុលាការ ពុំបានបង្ហាញ ភស្ដុតាង និងពុំបាន កោះហៅ អាជ្ញាធរ ដែលបាន តាំងខ្លួនថា ជាជន រង គ្រោះ នៅក្នុង ហេតុការណ៍ ដែលកើតឡើង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ កន្លងមក ដើម្បី ធ្វើការសួរដេញដោល នៅក្នុងអង្គសវនាការ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ នោះទេ។

យោងតាម ការឆ្លើយបំភ្លឺ របស់ជនជាប់ចោទ មិនមានធាតុផ្សំណាមួយ បង្ហាញថា ប្រជាពលរដ្ឋទាំង ១៣នាក់ បានរំលោភកានកាប់ លើទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងបានធ្វើការរារាំង និងជេរប្រមាថ សមត្ថកិច្ចរដ្ឋ ដូចការចោទប្រកាន់ របស់ តុលាការសាលាដំបូងរាជធានីភ្នំពេញនោះទេ។

ការដែលសាលាឧទ្ធរណ៍ សំរេចរក្សា សេចក្ដីសំរេចរបស់ តុលាការសាលាដំបូងរាជធានីភ្នំពេញ ដោយគ្រាន់តែធ្វើការកែស្ថានទម្ងន់ទោស គឺជាការសំរេចមួយដែល មិនបានឈរលើមូលដ្ឋានច្បាប់ នោះទេ ហើយការសំរេចរបៀបនេះ និងមិនអាចជួយដល់ការធ្វើកំណែទម្រង់ ប្រពន្ធ័យុត្តិធម៌ នៅកម្ពុជានោះទេ ផ្ទុយទៅវិញការសម្រេច នេះបានក្លាយទៅជាការបិទបាំង កំហុសរបស់ តុលាការសាលាដំបូងរាជធានីភ្នំពេញទៅវិញ។