ក្រុមជនជាតិ ដើមភាគតិច នៅខេត្តរតនគិរី គ្រោងនឹង យកបញ្ហា ជាច្រើន ទៅពិភាក្សា ជាមួយ មន្ត្រីអាជ្ញាធរមូលដ្ឋាន នៅពេល ពួកគាត់ ជួបប្រជុំជា មួយក្រុម ប្រឹក្សាឃុំ នាពេល ខាងមុខ។ នេះដោយ យោងតាម ការបញ្ជាក់ ពីលោក ឆាយ ធី អ្នកសម្រប សម្រួលនៃសមាគម ការពារ សិទ្ធិមនុស្ស អាដហុក ប្រចាំ ខេត្តរតនគិរី។
មន្ត្រីសិទ្ធិមនុស្ស រូបនេះ បានឲ្យដឹងថា នៅក្នុងកិច្ច ប្រជុំតំណាងបណ្ដាញ សហគមន៍ ថ្នាក់ខេត្តកាល ពីថ្ងៃទី១៧ ខែសីហា កន្លងមក ក្រុមតំណាង មកពី សហគមន៍នានា នៅក្នុង ខេត្តរតនគិរី បានបង្ហាញ ក្ដីបារម្ភ លើបញ្ហា ជាច្រើន ដែលកើត មានក្នុង សហគមន៍ របស់ពួក គាត់ ដូចជា បញ្ហាគ្រឿងញៀន កង្វះខាត ហេដ្ឋារចនា សម្ព័ន្ធក្នុង សាលារៀន ភាពយឺត យ៉ាវ នៃ ការផ្ដល់សេវាកម្ម របស់អាជ្ញាធរឃុំ ការកាប់បំផ្លាញ ព្រៃសហគមន៍ និងជម្លោះដីធ្លីជាដើម។
លោកបន្ថែមថា ចាប់ពីថ្ងៃទី២០ ខែសីហានេះតទៅ តំណាងសហគមន៍នីមួយៗ នឹងជួបប្រជុំជាបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាឃុំ ហើយកង្វល់ទាំងឡាយ នឹងត្រូវបានបង្ហាញទៅដល់អាជ្ញាធរមូលដ្ឋាន។
លោកបញ្ជាក់ថា តាមរយៈកម្មវិធីពង្រឹងសិទ្ធិអំណាចមូលដ្ឋានរបស់សមាគមអាដហុក ប្រជាពលរដ្ឋមូលដ្ឋាន បានយល់ដឹងកាន់តែច្រើនអំពីសិទ្ធិក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងការតស៊ូមតិនៅថ្នាក់មូលដ្ឋាន ដើម្បីដោះស្រាយកង្វល់របស់ពួកគាត់៕