ថ្ងៃសៅរ៍ទី១៥ ខែកញ្ញា ឆ្នាំ២០១២ ប៉ូលិសខេត្តរតនគីរី បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ២រូប ជាប៉េអ៊ឹមខេត្ត ឈ្មោះ អ៊ាន ប៊ុនហេង (ហៅអេង) និង ប្រពន្ធរបស់ លោក អ៊ាន ប៊ុនហេង ឈ្មោះស៊ឹម វី នៅស្នងការនគរបាលខេត្ត ដោយ មិនទាន់បានបញ្ជូនទៅស្ថាប័នអយ្យការ អមតុលាការខេត្ត ទេ លើសពីនេះទៅទៀត ស្នងការនគរបាលខេត្តក៏បាន សុំបន្តនីតិវិធី ២៤ម៉ោងទៀត (រហូតដល់ ៧២ម៉ោង សំរាប់ធ្វើការស៊ើបអង្កេត) ក្រុមគ្រួសារជនរងគ្រោះ អ្នកសារព័ត៌មានជាច្រើន សិទ្ធិមនុស្ស កំពុងតាមដាន ដោយយកចិត្តទុកដាក់ និងព្រួយបារម្ភ អំពីករណីនេះ។ នៅល្ងាចថ្ងៃសៅរ៍ទី១៥ ខែកញ្ញា ឆ្នាំដដែលនេះ ម្តាយ និងប្រពន្ធ របស់ លោក ហង្ស សេរីឧត្ដម មកអាដហុក ដាក់ពាក្យបណ្តឹង និងស្នើសុំមេធាវី ដើម្បីជួយអន្តរាគមន៍ រកយុត្តធម៌ឲ្យពួកគាត់ សមាគមអាដហុក ក៏បានជួយរៀបចំឯកសារ និង ផ្ដល់មេធាវី តាមការស្នើសុំរបស់គ្រួសារជនរងគ្រោះ។
នៅថ្ងៃអាទិត្យទី១៦ ខែកញ្ញា ឆ្នាំ២០១២ ស្នងការនគរបាលខេត្ត រតនៈគីរី បានបញ្ជូន ជនសង្ស័យ ទាំង ២នាក់ ទៅស្ថាប័ន អយ្យការ ចាត់ការបន្ត តាមនីតិវិធី តុលាការសាលាដំបូង ខេត្តរតនគីរី បានធ្វើការ សាកសួរ ជនត្រូវចោទ ២រូប ដែលមានការពាក់ព័ន្ធ ទៅនឹង ករណី ឃាតកម្ម លើអ្នកកាសែត វីរជនខ្មែរ គឺលោក ហង្ស សេរីឧត្ដម កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២ កន្លងមក។ ជនសង្ស័យ ទាំង ២នាក់ប្ដីប្រពន្ធ ត្រូវបានតុលាការសំរេច ឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុង ពន្ធនាគាខេត្តរតនគីរី។ ក្រោយពីឃុំខ្លួនជនទាំង២នេះ នៅពន្ធនាគារ តាមប្រភពលាក់ការ ប្រាប់ថា ប្រពន្ធជនជាប់ចោទ បានសារភាពហើយ ។ ប៉ូលិសកំពុងធ្វើការតាមចាប់ជនពាក់ព័ន្ធបន្តបន្ទាប់ទៀត ។
ករណីខាងលើនេះ សមាគអាដហុក ខេត្តរតនរី បានធ្វើការតាមដាន យ៉ាងយកចិត្តទុកដាក់ ដោយមាន លោក ប៉ែន ប៊ុណ្ណារ៍ អ្នកសម្របសម្រួល សមាគអាដហុក ប្រចាំខេត្តរតនគីរី បានធ្វើការតាមដាន ដំណើរការនីតិវិធី នៅតុលាការខេត្ត។ ចំពោះដំណើរការនៃ ករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការហាមឃាត់ ដល់អ្នកកាសែត មួយចំនួន មិនអោយ ចូលពិនិត្យ និងថតយករូបភាព នៅក្នុងតុលាការនោះទេ ក៏ប៉ុន្តែ សមាគអាដហុក ខេត្ត រតនគីរីវិញ បានទទួលការ សហការ យ៉ាងពេញលេញ ពីតុលាការសាលាដំបូង និង សមត្ថកិច្ច ខេត្តរតនគីរី ក្នុងការចូលរួម តាមដាន នីតិវិធី និង បានទទួលការអនុញ្ញាត អោយថតយករូបភាព នៅក្នុងតុលាការទៀតផង។