ភ្នំពេញ (១៥ កក្កដា ២០១៥)៖ គណៈកម្មការអ្នកច្បាប់អន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការបំពារបំពានតាមប្រព័ន្ធតុលាការទៅលើសកម្មជនការពារសិទ្ធិមនុស្សលេខធ្លោ លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយផ្លូវច្បាប់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក។
សកម្មជនការពារសិទ្ធិមនុស្សដែលតែងតែរិះគន់ភាពមិនប្រក្រតីនៃប្រព័ន្ធតុលាការកម្ពុជារូបនេះ ត្រូវបានមន្ត្រីតុលាការខេត្តសៀមរាប ២រូប ប្ដឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ បរិហាបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើតុលាការ កាលពីចុងខែឧសភាកន្លងមកនេះ។ បណ្ដឹងនោះ បានកើតឡើងជាងមួយសប្ដាហ៍ក្រោយពីលោក នី ចរិយា ប្រកាសប្ដឹងលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង និងលោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ទៅស្ថាប័នអគ្គព្រះរាជអាជ្ញា តុលាការកំពូល និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥។
ខណៈដែលពុំមានចំណាត់ការណាមួយទៅលើមន្ត្រីតុលាការទាំងពីររូបនោះ សកម្មជនការពារសិទ្ធិមនុស្សរូបនេះ បែរជារងការប្ដឹងបកមកវិញ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ទៅវិញ។
លោក Kingsley Abbot ទីប្រឹក្សាផ្នែកច្បាប់អន្តរជាតិ នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ថា ការគំរាមកំហែងតាមប្រព័ន្ធតុលាការទៅលើសកម្មជនការពារសិទ្ធិមនុស្សរូបនេះ គឺបង្ហាញឲ្យឃើញច្បាស់នូវការរំលោភសិទ្ធិមនុស្សផ្ទាល់តែម្ដង។ លោកបានអះអាងថា សកម្មជនការពារសិទ្ធិមនុស្ស ដើរតួយ៉ាងសំខាន់នៅក្នុងការជម្រុញ និងការពារសិទ្ធិមនុស្ស ហើយរដ្ឋមានកាតព្វកិច្ចជួយឲ្យសកម្មជនការពារសិទ្ធិមនុស្សអនុវត្តការងាររបស់ពួកគេឲ្យមានប្រសិទ្ធភាព និងរួចផុតពីការភ័យខ្លាចការសងសឹក។
លោក នី ចរិយា បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ទោះជាយ៉ាងណា គេមិនទាន់ដឹងថា តើសកម្មជនការពារសិទ្ធិមនុស្សរូបនេះ អាចរួចផុតពីការចោទប្រកាន់ឬយ៉ាងណានោះឡើយ៕