ក្រុមព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រហែល ៥០អង្គ-នាក់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥នេះ បានប្រមូលផ្ដុំគ្នា មុខសាលា ដំបូងរាជធានីភ្នំពេញ ដោយទាមទារ ឲ្យតុលាការ ទម្លាក់ការ ចោទប្រកាន់ និងដោះលែងអតីត ព្រះសង្ឃខ្មែរ កម្ពុជាក្រោម ២អង្គ ដែលត្រូវ បានចាប់ ខ្លួនកាល ពីដើមខែ នេះ និងនាំខ្លួន មកសាកសួរ នៅតុលាការនេះ។
អតីតព្រះសង្ឃ ជា វ៉ាន់ដា និងអតីតព្រះសង្ឃ ដាវ ទេព ត្រូវបានអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន និងផ្សឹកកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ ក្រោយពីសមត្ថកិច្ច បានរកឃើញ កាំបិត ម្សៅសមាន សណ្ឋានជា គ្រឿងញៀន ខោទ្រនាប់ នារី និងស្រោម អនាម័យ នៅក្នុង កុដិរបស់ អតីតព្រះសង្ឃ ទាំង២អង្គ។
អតីតព្រះសង្ឃ ជា វ៉ាន់ដា ត្រូវបានអាជ្ញាធរនាំ ខ្លួនមកសាកសួរ នៅសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ប៉ុន្មានសប្ដាហ៍ ក្រោយពីមាន ការសាកសួរ ទៅលើអតីត ព្រះសង្ឃ ដាវ ទេព។
ព្រះសង្ឃទាំង ២អង្គ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធគារ និងរង់ចាំការសាកសួរទោះជាយ៉ាងណា ក្រុមព្រះសង្ឃខ្មែរកម្ពុជា បានយល់ឃើញថា ព្រះសង្ឃទាំង ២អង្គ ពុំបានប្រព្រឹត្តដូចការចោទប្រកាន់របស់អាជ្ញាធរនោះឡើយ ហើយបានច្រានចោលវត្ថុតាងដែលរកឃើញដោយសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ខណៈពុំមានវត្តមានព្រះសង្ឃ ២អង្គនៅកន្លែងឆែកឆេរនោះ។
ព្រះសង្ឃ ថាច់ ហាសំអាង ប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជា ចាត់ទុកការចាប់ខ្លួននេះគឺជារើសអើងទៅលើព្រះសង្ឃខ្មែរកម្ពុជា ដោយសារព្រះសង្ឃទាំង ២អង្គនោះ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម បាតុកម្មប្រឆាំងស្ថានទូតវៀតណាម និងការចុះពិនិត្យព្រំដែនជាមួយគណបក្សសង្គ្រោះជាតិ៕