កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ប្រហែល១៦និង ៥០នាទីល្ងាច នៅភូមិ ដំណាក់ព្រីង ឃុំ ទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានករណីរំលោភបូកមួយ លើក្មេងស្រីរងគ្រោះ ឈ្មោះ ម.រ.ឌ ភេទស្រី អាយុ ១៤ឆ្នាំ ជាកម្មកររោងចក្រ រស់នៅភូមិ អំពិលដាំទឹកឃុំវិហារហ្លូង ស្រុក ពញាឮ ខេត្តកណ្តាល ដោយជនសង្ស័យ ពីររូប ឈ្មោះ ស. សម. ភេទប្រុស អាយុ ២៥ឆ្នាំមានមុខរបរ ជាកម្មកររោងចក្រមានទីលំនៅភូមិ អំពិលរូង ឃុំ ព្រះស្រែ ស្រុក ឧត្តុង ខេត្តកំពង់ស្ពឺ និង ឈ្មោះ ព. គ. ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រដូចគ្នា មានទីលំនៅកន្លែងកើតហេតុ។
ពេលចេញពីធ្វើការរោងចក្រម៉ោងប្រហែលជា ៤ល្ងាច ជនសង្ស័យទាំងពីរបានបបួល និងលួងលោមជនរងគ្រោះទៅញ៉ាំបង្អែម ពេលនោះជនរងគ្រោះក៏ព្រមទៅជាមួយ។ តែជនសង្ស័យទាំងពីរ មិនបាននាំជនរងគ្រោះទៅញ៉ាំបង្អែមទេបែរជាទៅផឹកស្រាបៀអង្គរ ក្លែមសាច់ឆ្កែ និងបញ្ច្រកក្មេងរងគ្រោះរហូតដល់ស្រវឹង និងបិទលេខទូរស័ព្ទក្មេងរងគ្រោះមិនអោយមានទំនាក់ទំនងជាមួយឳពុកម្តាយ រួចទើបជនសង្ស័យទាំងពីរចាប់ផ្តើមធ្វើសកម្មភាពរំលោភរហូតបានសំរេចផ្ទះរបស់ជនសង្ស័យឈ្មោះ ព.គ. នៅក្បែរបង្គន់ម្នាក់ម្តង និង នៅលើគ្រែម្នាក់ម្តងទៀត។
សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យឈ្មោះ ស. សម. តែជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនបាត់។ សមាគមអាដហុកបានប្រឹក្សាយោបល់ជូនជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ព្រមទាំងទំនាក់ទំនងជាមួយអង្គការដៃគូរដើម្បីរកមណ្ឌលសំរាប់ក្មេងរងគ្រោះ។ សមាគមអាដហុក នឹងធ្វើការសហការ និងតាមដានលើករណីនេះបន្តទៀត។