ករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយនៅឃុំស្រែចារ ស្រុកស្នួល ត្រូវបានសមាគមអាដហុកខេត្តក្រចេះ ធ្វើការសម្រុះសម្រួលបានជោគជ័យ

ដោយមានការស្នើសុំ និងយល់ព្រម​ពីគូភាគីទំនាស់​ទាំងពីរ កាលរសៀល​ម៉ោង២ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៣ នៅសាលាឃុំ​ស្រែចារ លោកស្រី ធីម ណារិន​ អ្នកសម្របសម្រួល​​សមាគមអាដហុក​​ខេត្តក្រចេះ ដោយមានការ​ចូលរួមសហការ​​ពីលោក អ៊ុក សារ៉ា មេឃុំស្រែចារ និង លោកស្រី លឹម សាវ៉ន សមាជិក​​ក្រុមប្រឹក្សាឃុំ បានដំណើរការ​កិច្ចសម្រុះសម្រួល​​ករណីទំនាស់ដីធ្លី​ដ៏រ៉ាំរ៉ៃមួយ​រវាង​បងប្អូនពីរនាក់​គឺៈ (១)ឈ្មោះ អឿន ដានី ភេទស្រី អាយុ ៤៧ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និង (២)ឈ្មោះ អឿន ស្រីពៅ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរជាអាជីវករលក់ដូរ រស់នៅ​ភូមិផ្លាក ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលត្រូវជាប្អូនបង្កើត ។
តាមការស្រាវជ្រាវ​របស់សមាគមអាហុកឃើញថា ទំនាស់នេះ​កើតឡើយ​តាំងពីឆ្នាំ២០០៩ គឺនៅ បន្ទាប់ពីពេលដែលឈ្មោះ អឿន ស្រីពៅ​​​បានមក​សុំយកដី​​ដែលខ្លួន​អះអាងថា បានឲ្យឈ្មោះ អឿន ដានី ជាបងស្រីបង្កើត ទិញ​​​​និងរស់នៅមើលថែទាំ​​តាំងពីឆ្នាំ២០០៥ ដើម្បីលក់យកលុយរកស៊ី បន្ទាប់ពីគាត់​បាន​​លែងលះគ្នាជាមួយប្តី។ ប៉ុន្តែ​​ត្រូវបានបងស្រី អឿន ដានី បដិសេធមិន​ព្រមប្រគល់ឲ្យ ដោយសំអាងថាៈ (ទី១) ដីដែលប្អូនស្រី​​របស់គាត់​​បាន​ឲ្យ​លុយមក​ទិញ​​កាលនោះ​​មានទំហំក្បាលតែ​៤០ម៉ែត្រប៉ុណ្ណោះ មិនមែន​ទំហំក្បាល​៧៩,៥ម៉ែត្រ ដូចបច្ចុប្បន្ន​​​​ដែលគាត់បានទិញបន្ថែមនេះទេ និង (ទី២) ប្អូនស្រី​គាត់មិន​បាន​ផ្តល់​កម្រៃ​មើលថែទាំ​តាមការសន្យា ។
ដោយកើតទុក្ខមិនសុខចិត្ត​​​ឈ្មោះ អឿន ស្រីពៅ ក៏បានដាក់ពាក្យប្តឹង​​ទៅសាលាឃុំ ដើម្បីឲ្យជួយដោះស្រាយ ។ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០០៩ លោក ភន ឈន មេឃុំស្រែចារ​បានបើកកិច្ចប្រជុំដោះស្រាយ ដែលជាលទ្ធផលភាគីទាំងពីរ​​បានសំរេចពុះដីក្បាល៤០ម៉ែត្រចែកគ្នា ដោយភាគី អឿន ស្រីពៅ យក២៥ម៉ែត្រ ឯភាគី អឿន ដានី យក១៥ម៉ែត្រ ។ តែករណីនេះ​មិនអាចបញ្ចប់បាន ដោយសារនៅថ្ងៃចុះអនុវត្តការវាស់វែង ឈ្មោះ អឿន ដានី ប្រែក្រឡះ​​មិនព្រមគោរពតាមការព្រមព្រៀង ដោយអឿន ដានីជាបង បានទាមទារ ប្រាក់ថ្លៃឈ្នួលថែទាំ និងកាប់ឆ្កាព្រៃ​​ពីប្អូនស្រី តាមការកំណត់​មួយខែ​៥ម៉ឺន​រៀល និងអង្ករមួយបាវ​បន្ថែមទៀត។
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ នៅខែធ្នូ ឆ្នាំ ២០១២ ឈ្មោះ អឿន ស្រីពៅ ក៏បានដាក់ពាក្យប្តឹងម្តងទៀត​​​មកសាលាឃុំ តែដំណោះស្រាយ​នៅ​តែ​ភាគី អឿន ដានី មិនឯកភាព ។ ដូចគ្នានេះដែរ បន្ទាប់ពីទទួលបានករណីនេះ​​ពីអាជ្ញាធរឃុំ នៅថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៣ ខាងសាលាស្រុកស្នួល​ក៏បាន​ធ្វើការដោះស្រាយ ជាលទ្ធផលនៅតែភាគីទាំងពីរ​មិនឯកភាពគ្នាដដែល ។ ទើបតែនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៣ ដោយមានការប្រើប្រាស់​នូវឧបករណ៍​ដោះស្រាយទំនាស់ទាំង៥ជំហាន ដែលបង្កើតឡើង​ដោយសមាគមអាដហុក ក្រោមការឧបត្ថម្ភគាំទ្រ​របស់សាកលវិទ្យាល័យធីលប័ក រួមជាមួយនឹងការខិតខំប្រឹង​ប្រែង​​​ប្រកបដោយទេពកោសល្យ​​របស់លោកស្រី ធីម ណារីន ទើបធ្វើឲ្យភាគីទាំងពីរ ព្រមព្រៀងគ្នាដោយស្ម័គ្រចិត្ត​ដើម្បីបញ្ចប់ករណីនេះ ដោយភាគីទាំងពីរ​យល់ព្រមពុះដីក្បាល៧៩,៥ម៉ែត្រ ជាពីរចំណែក​ស្មើគ្នា ព្រមទាំងភាគី អឿន ស្រីពៅ ផ្តល់ថវិកាចំនួន៥០ម៉ឺនរៀល​បន្ថែមទៀតដល់ភាគី អឿន ដានី សំរាប់​ជា​កម្រៃ​ថែទាំកន្លងមក ។
បន្ទាប់ពីចប់​កិច្ចដំណើរការសម្រុះសម្រួល លោកមេឃុំ​​បានរាយការណ៍​ជូនលោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុកស្នូល អំពីលទ្ធផល​​នៃដំណើរការដោះស្រាយ​ដ៏មានប្រសិទ្ធភាព​​របស់សមាគមអាដហុក ឈានដល់កិច្ចព្រមព្រៀង និងបញ្ចប់ជំលោះ​រុំារ៉ៃនេះបាន ។ កន្លងមកការងារនេះ ខាងអាជ្ញាធរឃុំ និងស្រុក​មិនមាន​លទ្ធភាព​​ធ្វើការដោះស្រាយបាន ហើយមានគំរោង និងបញ្ជូនករណីនេះ​ទៅថ្នាក់ខេត្តបន្ត ។ អាជ្ញាធរមូលដ្ឋាន មានការសប្បាយរីករាយ​​អំពីលទ្ធផលនេះ និង​សូម​ថ្លែងអំណរ​គុណ​ដល់សមាគមអាដហុក ដែលជួយក្នុងការស្រុះសម្រួលទំនាស់នេះ ។

ពត៌មានបន្ថែមទំនាក់ទំនង
លោកស្រី ឆន សុគន្ធា ០១៦៨៧៣ ២០៩
លោក នី សុខា ០១២៩៦៣ ៨៦០