អ្នកភូមិឡពាងដាក់ញត្តិស្វែងរកអន្តរាគមន៍ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ

IMG_8021ក្រុម​អ្នក​ភូមិ​ឡពាង​ជាង ៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥ បាន​ដង្ហែរ​ក្បួន​ដោយ​សន្តិវិធី​ដាក់​ញត្តិតាម​បណ្ដា​ស្ថានទូត​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អន្តរជាតិ​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន KDC នៅ​ឃុំ​តាចេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

ដៃ​កាន់​បដា​ដែល​មាន​សរសេរ​ថា «ជា ខេង ជា​ចោរ​ប្លន់​ដីអ្នក​ឡពាង»​នោះ ក្រុម​អ្នក​ភូមិ​បាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ជាមួយ​នឹង​ក្រុម​សមត្ថកិច្ច​ដែល​បាន​បង្គាប់​បញ្ជា​ពួកគាត់​ឲ្យ​រក្សា​សណ្ដាប់​ធ្នាប់​ក្នុង​អំឡុង​ពេល​តវ៉ា និង​ដាក់​ញត្តិ​នោះ។ ទោះជាយ៉ាង​ណា ពុំ​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​រវាង​ក្រុម​អ្នក​ភូមិ​ និង​សមត្ថកិច្ច​នោះ​ឡើយ ខណៈ​កម្លាំង​បង្ក្រាប​បាតុកម្ម​របស់​សាលា​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ពង្រាយ​ឃ្លាំ​មើល​ហេតុការណ៍​នោះ។

ក្រុម​អ្នក​ភូមិ​បាន​បន្ត​ដង្ហែរ​ក្បួន​របស់​ពួកគេ​ទៅ​កាន់​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ស្ថានទូត​របស់​ប្រទេស​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​ពួកគាត់​បាន​ប្រគល់​ញត្តិ​ទៅ​ដល់​ដៃ​មន្ត្រី​តំណាង​ស្ថានទូត​សហភាព​អឺរ៉ុប​កាល​ពី​ព្រឹក​ថ្ងៃ​ដដែល។

ជម្លោះ​ដី​ធ្លី​រវាង​អ្នក​ភូមិ​ឡពាង និង​ក្រុមហ៊ុនខេឌីស៊ី​​របស់​លោក​ស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០០៧។ ជម្លោះ​ដី​ធ្លី​បាន​នាំ​ទៅ​ដល់​ការ​កម្ទេច​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ និង​ការ​ប្រើ​អំពើ​ហិង្សា ហើយ​តំណាង​​អ្នក​ភូមិ​មួយ​ចំនួន បាន​ប្រឈម​មុខ​នឹង​ការ​គំរាម​គំហែង ការ​ចាប់​ខ្លួន​ និង​ការ​ប្ដឹង​ឡើង​តុលាការ​ពី​សំណាក់​ក្រុមហ៊ុន៕